ជែក​គី ចាន់ បញ្ចេញមតិ​អំពី​បញ្ហា​នៅ​ហុងកុង បង្កឱ្យមាន​កំហឹង​

509
ចែករម្លែក

​និមិត្តរូប​ក្បាច់គុន​ជែក​គី ចាន់​បាន​និយាយថា គាត់​សង្ឃឹមថា​ហុងកុង “​អាច​វិល​មករក​សន្តិភាព​វិញ​ឆាប់ៗ​” បន្ទាប់ពី​ទីបំផុត​បាន​បំបែក​ភាព​ស្ងៀមស្ងាត់​របស់គាត់​អំពី​ការតវ៉ា​ដែល​បានធ្វើឱ្យ​រញ្ជួយ​ទីក្រុង​កំណើត​របស់គាត់​។​

​តារា​ក្នុង​រឿង Drunken Master រូបនេះ​បាន​និយាយថា ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ហុងកុង​គឺ “​គួរឱ្យ​សោកសៅ​និង​ក្រៀមក្រំ​ណាស់​” នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍​រដ្ឋ CGTN កាលពី​ថ្ងៃ​ពុធ​ទី​១៤​សីហា​។​

​លោក​ចាន់​បាន​និយាយថា «​នៅពេលដែល​ខ្ញុំ​បានឃើញ​ទូរទស្សន៍ CCTV ចុះផ្សាយ​នៅលើ Weibo ជាមួយ​សញ្ញា​ទ្រង់​ជ្រូក​ថា “​ទង់ជាតិ​ក្រហម​ផ្កាយ ៥ មាន​ឆ្មាំ​ការពារ ១,៤ ពាន់​លាន​នាក់​” ខ្ញុំ​បាន​ចុច​ស៊ែរ​ភ្លាម​តែម្តង​។ ម្យ៉ាងវិញទៀត ខ្ញុំ​ចង់បង្ហាញ​គោលការណ៍​គ្រឹះ​នៃ​ការ​ស្នេហា​ជាតិ​ក្នុងនាម​ជា​ពលរដ្ឋ​ហុងកុង​និង​ចិន​។ ខ្ញុំ​ជា​អ្នកការពារ​ទង់ជាតិ​ចិន​។ លើសពីនេះ ខ្ញុំ​ចង់ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដើម្បី​តំណាងឱ្យ​សំឡេង​របស់​មនុស្ស​គ្រប់គ្នា​”​។​

​តារា​សម្តែង​ដើមកំណើត​ហុងកុង​រូបនេះ​ត្រូវបាន​គេ​គោរព​ស្រឡាញ់​នៅ​ជុំវិញ​ពិភពលោក​ចំពោះ​ខ្សែភាពយន្ត​កុង​ហ្វ៊ូ​ល្បីល្បាញ​របស់គាត់​ដូចជា​រឿង Rush Hour ប៉ុន្តែ​ទស្សនៈ​ស្មោះត្រង់​ចំពោះ​ចិន​ប៉េកាំង​និង​ការបដិសេធ​របស់គាត់​ចំពោះ​ចលនា​ប្រជាធិបតេយ្យ មិនបាន​ធ្វើឱ្យ​គាត់​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​សំណាក់​បាតុករ​នោះទេ​។​

​បុរស​អាយុ ៦៥ ឆ្នាំ​រូបនេះ​គឺជា​សមាជិក​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​។ ស្ថាប័ន​ប្រឹក្សា​នីតិប្បញ្ញត្តិ​នៅ​ទីក្រុង​ប៉េកាំង​នេះ​ភាគច្រើន​គឺជា​សមាជិក​គណបក្ស​កុម្មុយនីស្ត​ចិន​។​

​ចាន់​និយាយថា “​ខ្ញុំ​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជាច្រើន​ហើយ​ខ្ញុំ​អាច​និយាយបានថា​ប្រទេស​របស់​យើង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ជនជាតិ​ចិន​នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​បាន​ទៅ ហើយ​ទង់​ក្រហម​ផ្កាយ​៥​ត្រូវបាន​គេ​គោរព​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ពិភពលោក​”​។​

​គណនី Twitter មួយ​ឈ្មោះថា Hong Kong World City ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បានសរសេរថា “​ហុងកុង​ស្អប់​លោក​ឯង​”​។​

​អ្នក​ប្រើ Twitter ម្នាក់ទៀត​សរសេរថា “​ល្អ​ណាស់ បុរស​ចាស់ ជែក​គី ចាន់​។ តើ​ថ្នាំ​របស់ CCP មាន​រសជាតិ​ដូចម្តេច​ដែរ​? ប្រាកដ​អត់ថា លោក​ឯង​ចូលចិត្ត​រសជាតិ​ថ្នាំ​របស់​ប៉េកាំង​?”៕ ដោយ៖​កញ្ញាដាលីស

ជែក​គី ចាន់ សង្ឃឹមថា​ហុងកុង​នឹង​វិល​ទៅរក​សន្តិភាព​វិញ