ជែក​ម៉ា ថា កាល​រកលុយ​បាន​មួយខែ ១២ ដុល្លារ សប្បាយចិត្ត​ជាង​ពេល​ក្លាយជា​មហាសេដ្ឋី​លុយ​ពាន់​លាន​ដុល្លារ​

1204

​លោក ជែក ម៉ា ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba បាន​ក្លាយជា​បុរស​មាន​បំផុត​នៅ​ចិន បន្ទាប់ពី​តម្លៃ​ទីផ្សារ​ហ៊ុន Alibaba IPO’d ឡើងដល់​កំណត់ត្រា ២៥ ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា​។​

​ប៉ុន្តែ​លោក​ម៉ា​ប្រហែលជា​សប្បាយចិត្ត​ជាង នៅពេលដែល​គាត់​រកលុយ​បាន​តិចតួចស្តួចស្តើង​ពេល​ទើប​រៀន​ចប់​សាកលវិទ្យាល័យ​។​

​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ១៩៨៨ លោក​ជែក​ម៉ា​បានធ្វើការ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ស្រុកកំណើត​របស់គាត់ នៅ​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន​។ យោងតាម​ខ្សែភាពយន្ត​ឯកសារ​អំពី​ជីវិត​របស់គាត់​ចំណងជើង​ថា “​ក្រពើ​នៅ​ទន្លេ​យ៉ាង​សេ​” គាត់​រកប្រាក់​បានតែ ១២ ដុល្លារ​ក្នុង​មួយខែ​ប៉ុណ្ណោះ​។​

​នៅពេល​និយាយ​នៅឯ​អាហារ​ថ្ងៃត្រង់​ជាមួយ​ក្លិប​សេដ្ឋកិច្ច​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ​ទី​១២​ធ្នូ​សប្តាហ៍​មុន លោក​ម៉ា​បាន​សំដៅទៅ​ពេលវេលា​នេះ​ថា​ជា “​ពេលវេលា​ល្អ​បំផុត​ក្នុង​ជីវិត​” ដែល​គាត់​ទទួលបាន​។​

​លោក​ម៉ា​និយាយថា នៅពេលដែល​អ្នក​មិនមាន​ប្រាក់​ច្រើន​អ្នកដឹង​ពី​របៀប​ចំណាយ​។ ប៉ុន្តែ​នៅពេល​អ្នក​ក្លាយជា​មហាសេដ្ឋី អ្នកមាន​ការទទួលខុសត្រូវ​ច្រើន​។​

​លោក​ម៉ា​និយាយ​ក្នុង​សុន្ទរកថា​បាយ​ថ្ងៃត្រង់​កាលពី​ថ្ងៃ​អង្គា​រថា “​បើ​អ្នកមាន​ប្រាក់​តិចជាង ១ លាន​ដុល្លារ អ្នកដឹង​ពី​របៀប​ចំណាយលុយ​។ ពេល​លុយ​នោះ ១ ពាន់​លាន​ដុល្លារ វា​មិនមែនជា​លុយ​របស់​អ្នក​ទៀត​ទេ​…​លុយ​ដែល​ខ្ញុំ​មាន​សព្វថ្ងៃនេះ​គឺជា​ការទទួលខុសត្រូវ​។ វា​ជាការ​ទុកចិត្ត​របស់​ម​នុស្ស​មកលើ​ខ្ញុំ​”​។​

​លោក​ជែក ម៉ា និយាយថា គាត់​មាន​អារម្មណ៍​ថា​ត្រូវ​ចំណាយលុយ​របស់គាត់ “​ជំនួសមុខ​ឱ្យ​សង្គម​”​។​

​គាត់​បាន​និយាយថា “​ខ្ញុំ​បាន​ចំណាយ​វា​តាម​វិធី​របស់​យើង​។ វា​ជាការ​ជឿទុកចិត្ត​”​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​ម៉ា​និយាយ​អំពី​បន្ទុក​ដ៏​លំបាក​នៃ​ការធ្វើជា​មហាសេដ្ឋី​។ យោងតាម​ប្រភពព័ត៌មាន CNN Money បានឱ្យដឹងថា នៅពេល​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅឯ​មូលនិធិ​គំនិត​ផ្តួចផ្តើម​ជាស​កល​របស់​គ្លី​ន​តុ​ន ក្នុង​ទីក្រុង​ញូវយ៉ក គាត់​បាន​សំដៅទៅ​ពេលវេលា​របស់គាត់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ថា “​អស្ចារ្យ​” ។ គាត់​បាន​និយាយថា នរណា​ដែលមាន​ប្រាក់ ១ លាន​ដុល្លារ​គឺ​ពិតជា “​សំណាង​” ប៉ុន្តែ​នៅពេលដែល​អ្នកមាន​លុយ​ដល់ ១០ លាន​ដុល្លារ អ្នក​នឹងមាន​បញ្ហា​។​

​បន្ទាប់ពី​ការចេញ IPO របស់​ក្រុមហ៊ុន Alibaba លោក​បាន​ប្រាប់​ស្ថានីយទូរទស្សន៍ CNBC ថា សម្ពាធ​ទទួលខុស​ត្រូវបាន​ធ្លាក់​មកលើ​រូបលោក ជាពិសេស​ពេល​ពិភពលោក​កំពុង​ផ្តោត​មកលើ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Alibaba ។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ CNBC ថា “IPO គឺ​អស្ចារ្យ​ណាស់​ព្រោះ​…​ខ្ញុំ​សប្បាយ​ចិត្តនឹង​លទ្ធផល​នេះ​។ ប៉ុន្តែ​និយាយ​ដោយស្មោះ ខ្ញុំ​គិតថា​នៅពេលដែល​មនុស្ស​រំពឹង​ខ្ពស់​ពេក​ចំពោះ​អ្នក អ្នកមាន​ទំនួល​ខុសត្រូវ​ក្នុងការ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់ចិត្តៗ និង​ក្លាយជា​ខ្លួនឯង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ជែក ម៉ា