ជែក ម៉ា ចូលរួម​ជាមួយ​ប្រមុខ​អ​.​ស​.​ប​ក្នុងការ​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ឌីជីថល​សកល​

484
ចែករម្លែក

​លោក ជែក ម៉ា ប្រធាន​ក្រុមហ៊ុន Alibaba Group របស់​ចិន​បាន​ចូលរួម​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស និង​លោកស្រី មេ​លីន​ដា ហ្គេ​ត ប្រធាន​អង្គការ​មូលនិធិ​ប៊ី​ល​ហ្គេ​ត នៅក្នុង​កិច្ចសន្ទនា​ផ្សាយ​ផ្ទាល់​មួយ​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មិថុនា ដើម្បី​ពិភាក្សា​ពី​អំពី​កិច្ចសហប្រតិបត្តិការ​ឌីជីថល​សកល​សម្រាប់​អនាគត​នៃ​ឧស្សាហកម្ម​ឌីជីថល​ដែលមាន​សុវត្ថិភាព​និង​ចីរភាព​ជាង​មុន​។​

​ព្រឹត្តិការណ៍​អន​ឡាញ​សកលលោក​នេះ​ត្រូវគេ​មើលឃើញថា​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​ពី​របៀប​ដែល​វិស័យ​សាធារណៈ​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​អាចធ្វើ​ការរួម​គ្នា​ដើម្បី​យល់ដឹង​ពី​សក្តានុពល​នៃ​បច្ចេកវិជ្ជា​ឌីជីថល​សម្រាប់​ការជំរុញ​សុខុមាលភាព​មនុស្ស​ខណៈ​កាត់បន្ថយ​ហានិភ័យ​នានា​។​

​លោក​ម៉ា ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba និង​ជា​សហប្រធាន​នៃ​ក្រុមប្រឹក្សា​កម្រិត​ខ្ពស់​នៃ​អ​.​ស​.​ប​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឌីជីថល បាន​និយាយថា នៅក្នុង​យុគសម័យ​ឌីជីថល ការណ៍​ដែល​អ្នក​កាន់តែ​ធំ អ្នក​កាន់​តែមាន​ទំនួល​ខុសត្រូវ​ធំ​ជាង​មុន​។​

​លោក​ម៉ា​បាន​និយាយថា ការងារ​របស់គាត់​គឺ “​ប្រធាន​មន្ត្រី​អប់រំ​” ខណៈដែល​គាត់​បាន​ចូលរួម​ក្នុង​ការអប់រំ​អតិថិជន​និង​មន្ត្រី​រដ្ឋការ ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​បន្ត​តាមដាន​រាល់​ការអភិវឌ្ឍ​នៃ​បច្ចេកវិជ្ជា​។​

​លោក​ម៉ា​និយាយថា “​ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​លើ​ភាព​ឯកជន ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​លើស​ន្តិ​សុខ​ទិន្នន័យ ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​លើ​សិទ្ធិមនុស្ស ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​របស់​សង្គម អ្នក​អាច​នឹង​បាត់​ខ្លួន​យ៉ាង​ឆាប់រហ័ស​”​។

​លោក​ម៉ា​និយាយថា សព្វថ្ងៃ ទូរស័ព្ទ​មានអំណាច​ខ្លាំង​ជាង​កុំព្យូទ័រ​កាលពី ២០ ឆ្នាំមុន​ទៅទៀត ដោយ​បន្ថែមថា​ប្រសិនបើ​រដ្ឋាភិបាល​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​ធ្វើការ​រួមគ្នា ពួកគេ​អាចបង្កើត​គោលនយោបាយ​ដ៏​ឆ្លាត​វៃ​។​

​លោក​គូ​ថេ​រ៉េ​ស​បានកត់សម្គាល់​ពីសា​រៈ​សំខាន់​នៃ​វិធីសាស្ត្រ​ផ្តោតលើ​ប្រជាពលរដ្ឋ ដោយ​និយាយថា វា​មិនមែន​គ្រាន់តែ​ជាការ​ទទួលខុសត្រូវរ​បស់​រដ្ឋាភិបាល​នោះទេ​ប៉ុន្តែ​ជា​ទំនួល​ខុសត្រូវ​របស់​សង្គម​ផងដែរ​។​

​ប្រមុខ​អ​.​ស​.​ប​បាន​និយាយថា “​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​លទ្ធភាព​នៃ​ការរួមបញ្ចូល​ពហុភាគី​និយម​និង​សក្តានុពល​នៃ​កិច្ចពិភាក្សា​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តួអង្គ​សំខាន់ៗ​ផ្សេងៗ​គ្នា​” ដោយ​បន្ថែមថា​លោក​គិតថា​លក្ខខណ្ឌ​នានា​កំពុង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឱ្យមាន​បទ​ប្បញ្ញត្តិ​ឆ្លាត​វៃ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​មនុស្ស​គ្រប់រូប​ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​កំពុង​កើតមាន​”​។​

​នៅ​គ្រា​ដែល​ប្រជាជន​ពាក់កណ្តាល​ពិភពលោក​មិនមាន​លទ្ធភាព​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត ក្រុមប្រឹក្សា​នេះ​បាន​អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាថា​មនុស្សពេញវ័យ​ទាំងអស់​អាចមាន​លទ្ធភាព​ប្រើប្រាស់​បណ្តាញ​ឌីជីថល​និង​សេវា​ហិរញ្ញវត្ថុ​និង​សេវា​សុខភាព​ផ្អែកលើ​ប្រព័ន្ធ​ឌីជីថល​នៅត្រឹម​ឆ្នាំ ២០៣០​។​

​ក្រុមប្រឹក្សា​នេះ​និយាយថា​ស្ត្រី​និង​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ត្រូវតែ​ទទួលបាន​ការគាំទ្រ​ជាមួយ​គោលនយោបាយ​ច្បាស់លាស់​នានា ដែល​បានអនុម័ត​ដើម្បី​ធានាឱ្យមាន “​ការដាក់បញ្ចូល​ឌីជីថល​” ពេញលេញ​របស់​ពួកគេ ខណៈ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ដើម្បី​វាស់វែង​រាល់​ការបញ្ចូល​ទាំងនោះ​។​

​សហគមន៍​អង្គការ​និង​បុគ្គល​ដែល​ធ្វើការ​លើ​បញ្ហា​ជាច្រើន​រាប់​ចាប់ពី​ការដាក់បញ្ចូល​ឌីជីថល សិទ្ធិ​ឌីជីថល សន្តិសុខ​ឌីជីថល និង​អភិបាលកិច្ច​ល្អ ក៏បាន​ចូលរួម​ក្នុងការ​សន្ទនា​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​ផងដែរ ក្នុងអំឡុង​ការផ្សាយ​ផ្ទាល់​តាម Webcast នៅឯ​ទីស្នាក់ការ​របស់​អ​.​ស​.​ប​៕ ដោយ៖ កញ្ញាដាលីស

ជែក ម៉ា ចូលរួម​ជាមួយ​ប្រមុខ​អ​.​ស​.​ប​ក្នុងការ​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ឌីជីថល​សកល​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីស្នាក់ការ​អ​.​ស​.​ប​នៅ​ញ៉ូ​វ​យ៉​ក