ជែក ម៉ា និយាយថា ការសន្យា​ផ្តល់ជូន​ការងារ ១ លាន​ដល់​ពលរដ្ឋ​អាមេរិក​ត្រូវបាន​រារាំង​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​

764
ចែករម្លែក

​សារព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា​នេះ​ថា ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក ជែក ម៉ា បាន​និយាយថា ការប្តេជ្ញាចិត្ត​ដ៏​ធំធេង​របស់លោក​ក្នុងការ​បង្កើត​ការងារ​ចំនួន​១​លាន​នៅក្នុង​សហរដ្ឋអាមេរិក​ត្រូវបាន​រារាំង​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​។​

​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​បំផុត​របស់​ចិន​រូបនេះ​បានធ្វើឱ្យ​ផ្អើល​ពេញ​សារព័ត៌មាន​ដោយ​ធ្វើការ​សន្យា​បង្កើត​ការងារ​១​លាន​ទៅ​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ឆ្នាំមុន នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អបអរ​ប្រធានាធិបតី​ទើបតែ​ជាប់ឆ្នោត​ថ្មី​រូបនេះ​។​

​ប៉ុន្តែ​លោក​ម៉ា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ថា​ការសន្យា​របស់លោក​ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​ជាប​ន្ត​និង​កំណើន​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន ហើយ​ឥឡូវនេះ​វា​ពិបាក​ក្នុងការ​បំពេញ​តាម​ពាក្យសន្យា​នេះ​ណាស់​។​

​លោក​ម៉ា​បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​ទោះបី​មូលដ្ឋាន​មុនៗ​សម្រាប់​ពាណិជ្ជកម្ម​ត្រូវបាន​ធ្វើឱ្យ​ខូច ប៉ុន្តែ​យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការរីកចម្រើន​នៃ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​”​។

​ការសន្យា​យ៉ាង​មុតមាំ​របស់លោក​ម៉ា​ក្រោយពី​កិច្ចប្រជុំ​ខែមករា​ឆ្នាំ ២០១៧​របស់គាត់ នៅឯ​អគារ Trump Tower ត្រូវបាន​ស្វាគមន៍​ជាមួយ​មន្ទិលសង្ស័យ​ពី​សំណាក់​ក្រុមអ្នកវិភាគ ដែល​នៅពេល​នោះបាន​និយាយថា ការសន្យា​នេះ​គ្រាន់តែ​ជាការ​ផ្សព្វផ្សាយ​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ​។​

​ការងារ​១​លាន​គឺ​ជិត​ស្មើ ១ ភាគរយ​នៃ​ការងារ​ទាំងអស់​នៅក្នុង​សហរដ្ឋអាមេរិក ដែល​នេះ​មានន័យថា ការសម្រេចបាន​ជោគជ័យ​នូវ​ការសន្យា​នេះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន Alibaba ក្លាយជា​និយោជក​ឯកជន​ធំ​បំផុត​នៅ​សហរដ្ឋអាមេរិក​។​

​កាលពី​ខែមេសា លោក​ម៉ា​បាន​បង្កើន​ការសន្យា​របស់ខ្លួន​លើស​លើក​មុន​ទៀត ដោយ​អះអាងថា ការងារ​ចំនួន ១០ លាន​អាច​ត្រូវបាន​បង្កើតឡើង ប្រសិនបើ​ចិន​និង​សហរដ្ឋអាមេរិក​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​។​

​ប៉ុន្តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​កំពូល​ទាំង​២​របស់​ពិភពលោក​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​លោក​ត្រាំ​បាន​ឡើងកាន់តំណែង​ជាមួយ​ពន្ធ​សងសឹក​គ្នា​ទៅវិញទៅមក​ត្រូវបាន​វាយ​ទៅលើ​ទំនិញ​នាំចូល​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដោយ​ប្រទេស​ទាំង​២​។​

​នៅ​សប្តាហ៍​នេះ​លោក​ត្រាំ​បាន​និយាយថា លោក​នឹង​បន្ត​ជំរុញ​វាយ​ពន្ធ ១០ ភាគរយ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ បន្ទាប់ពី​វាយ​ពន្ធ​រួច​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ ជាហេតុ​ញ៉ាំងឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វាយ​ពន្ធ​សងសឹក​វិញ ៥ ទៅ ១០ ភាគរយ​លើ​ទំនិញ​អាមេរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ​។​

​លោក​ម៉ា​បានចង្អុលបង្ហាញ​អំពី​ឱកាស​អាជីវកម្ម​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​ដូចជា​នៅ​អឺរ៉ុប អាមេរិក​ខាងត្បូង រុស្ស៊ី និង​អាហ្វ្រិក​។​

​លោក​ម៉ា​បាន​និយាយថា “​នៅ​មានរឿង​ជាច្រើន​ដែល​ក្រុមហ៊ុន​ចិន​គួរតែ​និង​អាច​ធ្វើបាន​។ ពួកគេ​នៅតែ​មានឱកាស​ជាច្រើន ទោះបី​ជាមាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​”​។​

​លោក​បាន​បន្ថែមថា “​ពាណិជ្ជកម្ម​មិនមែនជា​អាវុធ​ទេ ហើយ​មិនអាច​ប្រើ​សម្រាប់​សង្គ្រាម​បានទេ​។ ពាណិជ្ជកម្ម​គួរតែ​ជា​ឧបករណ៍​ជំរុញឱ្យមាន​សន្តិភាព​” ៕ ដោយ៖ កញ្ញាដាលីស

លោក ជែក ម៉ា