ជែក ម៉ា នឹង​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​Alibaba​នៅ​ខែកញ្ញា​ឆ្នាំ​២០១៩

774
ចែករម្លែក

ជែក ម៉ា ប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិចAlibaba Group បានប្រកាសកាលពីថ្ងៃចន្ទទី១០កញ្ញាថា លោកនឹងចុះចេញតំណែងពីប្រធានក្រុមហ៊ុនយក្សមួយនេះនៅខែកញ្ញាឆ្នាំក្រោយ។

នៅក្នុងលិខិតមួយបញ្ចេញដោយAlibaba លោកម៉ា បាននិយាយថាលោកនឹងត្រូវចូលជំនួសដោយនាយកប្រតិបត្តិលោក ដាញ៉ែល ហ្សាង ដែលជាអ្នកបំរើការងារក្នុងក្រុមហ៊ុននេះអស់ពេល១១ឆ្នាំ។ លោកម៉ា បានប្រគល់តំណែងនាយកគ្រប់គ្រងនេះទៅលោកហ្សាងនៅឆ្នាំ២០១៣ ជាផ្នែកនៃអ្វីដែលលោកបាននិយាយថា ដំណើរការស្នងតំណែងដែលមានការរៀបចំទុកដ៏យូរ។

ម៉ា ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេស បានបង្កើតAlibabaនៅឆ្នាំ១៩៩៩នៅក្នុងផ្ទះល្វែងមួយនៅក្រុងហាងចូវ ដើម្បីភ្ជាប់ពួកអ្នកនាំចេញចិនជាមួយអ្នកលក់រាយបរទេស។វាបានពង្រីកទៅជាសហក្រុមហ៊ុនខាងលក់រាយ ផ្តល់ហិរញ្ញវត្ថុតាមអនឡាញ សេវាcloud និងសេវាដទៃទៀត ដោយប្រែក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិចធំបំផុតក្នុងលោក ។

ម៉ា ដែលមានអាយុ៥៤ឆ្នាំគត់កាលពីថ្ងៃចន្ទទី១០កញ្ញា បានក្លាយជាសហគ្រិនមានបំផុតម្នាក់ក្នុងលោកនិងជាបុគ្គលគួរអោយគោរពបំផុតម្នាក់នៅចិនផងដែរ ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ៣៧ពាន់លានដុល្លារ។
​​
Alibabaបាននិយាយថា ម៉ានឹងនៅតែជាសមាជិកAlibaba Partnershipដែលមានសមាជិក៣៦នាក់ និងមានសិទ្ធិតែងតាំងសមាជិកគណៈកម្មាធិការនាយករបស់ក្រុមហ៊ុន៕ដោយ:វាសនា

កាលពីថ្ងៃ២៥ មិថុនា ឆ្នាំ២០១៨ លោកជែក ម៉ា ចូលរួមពិធីមួយនៅហុងកុង

ហ្សាង ដែលនឹងស្នងតំណែងពីម៉ា ជាអតីតគណនេយ្យករម្នាក់ ដែលបានចូលរួមក្នុងAlibabaនៅឆ្នាំ២០០៧