ជែក ម៉ា ៖ ប្រជាជាតិ​នានា​ត្រូវការ​បច្ចេកវិជ្ជា​ដើម្បី​ចាកចេញ​ឱ្យ​ផុតពី​កណ្តាប់ដៃ​អាមេរិក​

1162
ចែករម្លែក

​លោក ជែក ម៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​លើកឡើងថា ប្រទេស​នានា រាប់​ចាប់ពី​ជប៉ុន​រហូតដល់​ចិន គឺ​ត្រូវ​អភិវឌ្ឍ​បច្ចេកវិជ្ជា​ពាក់កណ្តាល​ចម្លង​របស់ខ្លួន ដើម្បី​តាម​ឱ្យទាន់​ការក្តោបក្តាប់​របស់​អាមេរិក​លើ​ទីផ្សារ​បន្ទះ​ឈី​ប​សកលលោក​។​

​ប្រធាន​ប្រតិបត្តិ​មហាសេដ្ឋី​របស់​ក្រុមហ៊ុន Alibaba Group ដែល​ពន្យល់​ពី​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​របស់​ក្រុមហ៊ុន​នេះ​មកលើ​បន្ទះ​ឈី​ប​រួមទាំង​ការ​ទិញយក​ក្រុមហ៊ុន​ក្នុងស្រុក Hangzhou C-Sky Microsystems នៅ​ខែ​នេះ បាន​និយាយថា គាត់​ត្រូវបាន​ជំរុញ​ទឹកចិត្ត​មួយផ្នែក​ដោយសារ​បំណង​ចង់​បង្កើត​បន្ទះ​ឈី​ប ដែលមាន​តម្លៃថោក មាន​ប្រសិទ្ធិភាព និង​អាច​រក​ទិញ​បាន​សម្រាប់​ទាំងអស់គ្នា​។ គាត់​បាន​និយាយថា ក្រុមហ៊ុន​របស់គាត់​បា​ន​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ចំនួន ៥ ក្នុង​រយៈពេល ៤ ឆ្នាំ​មកនេះ​។​

​លោក​ជែក ម៉ា បាន​ប្រាប់​និស្សិត និង​សហគ្រិន​នៅ​សាកលវិទ្យាល័យ​វ៉ា​សេ​ដា​តូ​ក្យូ​ថា “​អាមេរិក គឺ ជា​អ្នករត់​ទៅមុខ​តែម្នាក់ឯង ហើយ​ចំពោះ​ប្រទេស​ចិន យើង​ត្រូវការ​របស់របរ​ច្រើនណាស់​។ ១០០​ភាគរយ​នៃ​ទីផ្សារ​បន្ទះ​ឈី​ប គឺ​គ្រប់គ្រង​ដោយ​អាមេរិក​។ ហើយ​ភ្លាមៗ ប្រសិនបើ​ពួកគេ​ឈប់​លក់ តើ​នោះ​នឹង​មានន័យ​ដូចម្តេច​? អ្នក​ច្បាស់​ជាយ​ល់​។ ហេតុ​ដូច្នេះហើយ ចិន ជប៉ុន និង​ប្រទេស​ផ្សេងទៀត ត្រូវតែមាន​បច្ចេកវិជ្ជា​ស្នូល​”​។​

​ការ​ថ្លែង​របស់លោក​ជែក​ម៉ា ធ្វើឡើង​ចំពេល​បណ្តា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ត្រូវការ​ពឹងផ្អែក​ជាខ្លាំង​លើ​ស្ថានភាព​មិនមាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​។

​លោក​ម៉ា និយាយថា “​យើង​កំពុង​ចូលដល់​ពិភពលោក​មួយ ដែល​មនុស្ស​មិន​ទុកចិត្ត​គ្នា​។ ហេតុដូច្នេះ​ហើយ​ទើប​យើង​ធ្វើសង្គ្រាម និង​បង្កើត​បញ្ហា​ច្រើន​ឥត​ល្ហែ​។ ប៉ុន្តែ​កុំ​ចុះចាញ់​។ ការជឿទុកចិត្ត​មិនមែន​ចេះតែ​ទទួលបាន​ងាយៗ​ទេ វា​ត្រូវការ​ការកសាង​ទំនុកចិត្ត​បន្តិច​ម្តងៗ​។ ហើយ​យើង​អាច​កសាង​វា​បាន​”៕ ដោយ៖ កញ្ញាដាលីស

លោក ជែក ម៉ា