ជែក ម៉ា ៖ ពី​គ្រូបង្រៀន​ភាសា​អង់គ្លេស​ក្លាយជា​មហាសេដ្ឋី​អ៊ី​ន​ធឺ​ណេ​ត​

1442
ចែករម្លែក

​លោក ជែក ម៉ា គឺជា​សហគ្រិន​ជនជាតិ​ចិន​ជួប​វិបត្តិ​សាច់ប្រាក់​និង​ជា​អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅពេល​គាត់​បាន​បញ្ចុះបញ្ចូល​មិត្តភក្តិ​គាត់​ដើម្បី​សុំ​ខ្ចីលុយ ៦០.០០០ ដុល្លារ​បើក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ចិន​ឈ្មោះ Alibaba ក្នុង​ឆ្នាំ ១៩៩៩​។​

​ជិត​២​ទសវត្សរ៍​ក្រោយមក ក្រុមហ៊ុន Alibaba បាន​ក្លាយជា​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​យក្ស​មួយ ហើយ​លោក​ជែក ម៉ា ជាប់​ឈ្មោះ​ក្នុងចំណោម​អ្នកមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ជាង ៤០ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​របស់​វេ​ប​សាយ​ប្លូ​ម​បឺ​ក (Bloomberg Billionaires Index)​។​

​ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​រូបនេះ​ជិត​ចូលនិវត្តន៍​ហើយ ដោយ​ប្រាប់​កាសែត The New York Times ថា គាត់​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ប្រធាន​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ ដែលជា​ថ្ងៃ​ខួបកំណើត​គម្រប់ ៥៤ ឆ្នាំ​របស់គាត់​ដើម្បី​ចំណាយ​ពេលវេលា​របស់គាត់​លើកកម្ពស់​វិស័យ​អប់រំ​សម្រាប់​មនុស្សជាតិ​។​

​ក្រុមហ៊ុន Alibaba Group គឺ​រួមបញ្ចូល​ទាំង​វេ​ប​សាយ Tmall.com សម្រាប់​ប្រតិបត្តិ​ការលក់ទំនិញ​ទៅ​អតិថិជន និង វេ​ប​សាយ Taobao ដែលជា​ទីផ្សារ​លក់ទំនិញ​ប្រើប្រាស់​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ប្រទេស​ចិន​ជាមួយនឹង​ផលិតផល​និង​សេវាកម្ម​រាប់រយ​លាន​ត្រូវបាន​រាយ​នាម​លើ​វេ​ប​សាយ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ក្លាយទៅជា​អ្នកដើរតួ​ដ៏​សំខាន់បំផុត​មួយ​ក្នុងការ​ទូទាត់​ប្រាក់​តាម​អ៊ី​ន​ធឺ​ណេ​ត​និង​វិស័យ​ភាពយន្ត​ហើយ​ក្រុមហ៊ុន​បាន​បណ្តាក់​ទុនវិនិយោគ​ទឹកប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ទៅលើ​វិស័យ​ជាច្រើន រួមមាន​ទាំង​ការលក់​រាយ​ឥដ្ឋ​និង​ស៊ីម៉ង់ត៍ ការរក្សា​ទិន្នន័យ​លើ​អ៊ី​ន​ធឺ​ណេ​ត (Cloud Computing) សេវា​ដឹក​អាហារ​ដល់​អតិថិជន និង​សេវា​ផ្សាយពាណិជ្ជកម្ម​។​

​ក្រុមហ៊ុន​នេះ​មាន​ភាគហ៊ុន​នៅក្នុង​វេ​ប​សាយ Weibo ដ៏​ប្រជាប្រិយភាព​បំផុត​របស់​ចិន (​ស្រដៀង Twitter) ហើយ​នៅ​ឆ្នាំ ២០១៥ ក្រុមហ៊ុន​បាន​ទិញ​កាសែត South China Morning Post​។​

​លោក​ម៉ា ដែលមាន​ឈ្មោះ​ចិន​ថា ម៉ា យុន តែងតែ​ពណ៌នា​ខ្លួន​គាត់​ថា​ជា​សហគ្រិន​ដោយ​ចៃដន្យ ដោយបាន​បោះបង់​ការបង្រៀន​នៅ​មហាវិទ្យាល័យ​ដើម្បី​រកស៊ី បន្ទាប់ពី​ស្គាល់​អ៊ី​ន​ធឺ​ណេ​ត​។​

​ដោយ​ឃើញ​ឱកាស​សម្រាប់​អាជីវកម្ម​ខ្នាតតូច​ដើម្បី​ទិញ​និង​លក់ទំនិញ​តាម​អ៊ី​ន​ធឺ​ណេ​ត លោក​ម៉ា​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន Alibaba ដោយ​ចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុន​ចេញពី​អគារ​ផ្ទះល្វែង​របស់គាត់​នៅ​ទីក្រុង​ហាង​ចូ​វ​ភាគ​ខាងកើត​ប្រទេស​ចិន​។ ទីស្នាក់ការ​កណ្តាល​រប​ស់​ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​គឺ​នៅតែ​ស្ថិតនៅក្នុង​ទីក្រុង​ហាង​ចូ​វ​។​

​គាត់​បាន​ជំរុញឱ្យមាន​ការលះបង់​តស៊ូ​ដ៏​ខ្លាំងក្លា​ក្នុងចំណោម​បុគ្គលិក​និង​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​របស់គាត់ ដោយ​នាំ​ឱ្យគេ​ប្រៀបធៀប​គាត់​ទៅនឹង​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple លោក ស្ទី​វ ចប​។ ប៉ុន្តែ​លោក​ម៉ា​បាន​អនុវត្ត​ស្ទីល​គ្រប់គ្រង​មាន​លក្ខណៈ​បើកទូលាយ​ជាង​លោក​ស្ទី​វ ចប​។​

​គាត់​គឺជា​មហាសេដ្ឋី​មាន​ប្រជាប្រិយភាព​ដ៏​លេចធ្លោ​បំផុត​របស់​ប្រទេស​ចិន ដោយបាន​សម្តែង​ក្បាច់​រាំ​តាម​លោក​ម៉ៃ​ឃើ​ល ជែក​សុន ក្នុង​ពិធី​ខួប​លើក​ទី ១៨ របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំមុន និង​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្លី​របស់គាត់​និយាយ​អំពី​សិល្បៈ​ក្បាច់គុន​កុង​ហ្វូ​។​

​គាត់​ចូលចិត្ត​រៀបរាប់​រឿងរ៉ាវ​នៃ​ការបដិសេធ​រូបគាត់ ដូចជា​ពេលវេលា​ដែល​គាត់​ត្រូវបាន​បដិសេធ​មិនឱ្យ​ធ្វើការ​នៅ​ហាង KFC និង​ត្រូវបាន​សាកលវិទ្យាល័យ​ហា​វើដ​របស់​អាមេរិក បដិសេធ​ដល់​ទៅ “១០ ដង​” ។​

​ភាពជោគជ័យ​របស់លោក​ម៉ា​ត្រូវបាន​ស្តែង​ឱ្យឃើញ ក្រោយពី​ក្រុមហ៊ុន Taibao របស់​ក្រុមហ៊ុន Alibaba បាន​យកឈ្នះ​ក្រុមហ៊ុន eBay នៅក្នុង​ប្រទេស​ចិន ដោយ​បង្ខំ​ឱ្យ​វេ​ប​សាយ​លក់​ដេញថ្លៃ​របស់​អាមេរិក​នេះ​ដកខ្លួន​ចេញពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០៦​។​

​លោក​ម៉ា​បាន​ចូលនិវត្តន៍​ពី​តំណែង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba ក្នុង​ឆ្នាំ ២០១៣ ហើយ​នៅ​ទីបំផុត​បានប្រគល់​តំណែង​ឱ្យទៅ​លោក​ដា​នី​ញែ​ល ចាង ដែលជា​កូនសិស្ស​ជំនិត​របស់គាត់ ប៉ុន្តែ​គាត់​នៅតែ​សកម្ម​នៅក្នុង​ក្រុមហ៊ុន ដោយ​ផ្តល់នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ក្នុងនាម​ជា​ប្រធាន​។​

​លោក​ម៉ា​បានបង្ហាញ​ពី​ការកោតសរសើរ​ដល់​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ី​ល ហ្គេ​ត ដែល​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​របស់គាត់​ដើម្បី​បុព្វហេតុ​សប្បុរសធម៌​។​

​ដូច​លោក​ហ្គេ​ត​ដែរ លោក​ម៉ា​បាន​បង្កើត​មូលនិធិ​ផ្ទាល់ខ្លួន​របស់គាត់ គឺ​អង្គការ Jack Ma Foundation ដែល​គាត់​និយាយថា​នឹង​ជំរុញ​បុព្វហេតុ​របស់គាត់​លើ​វិស័យ​អប់រំ​។​

​លោក​ម៉ា​បាន​ប្រាប់​ទូរទស្សន៍ Bloomberg ក្នុងពេល​ថ្មីៗ​នេះ​ថា “​នេះ​គឺជា​អ្វីដែល​ខ្ញុំ​គិតថា​ខ្ញុំ​អាចធ្វើ​បានល្អ​ជាង​ធ្វើជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba”៕ ដោយ៖ កញ្ញាដាលីស

លោក ជែក ម៉ា នឹង​ចូល​និវត្ត​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​ដើម្បី​ផ្តោតលើ​បុព្វហេតុ​វិស័យ​អប់រំ
#