ជោគជ័យ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​ជា​ផ្នែក​មួយ​ដែល​នឹង​នាំឱ្យ​ប្រទេសជាតិ​រីកចម្រើន​

905
ចែករម្លែក

ដោយ​: បូកគោ​
​កំពត​:
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវវ័យ​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន និង​ចំណាយពេល​ចូលរួម​គ្រប់​សកម្មភាព ដើម្បី​ជា​ប្រយោជន៍​ចំពោះ​សង្គម​។ ភាពជោគជ័យ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន គឺជា​ផ្នែក​មួយ​ដែល​នឹង​នាំឱ្យ​ប្រទេសជាតិ​រីកចម្រើន​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពត នៅ សាល​មហោស្រព​ខេត្ត កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោក​ហ៊ុន ម៉ា​នី​បាន​មានប្រសាសន៍ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មិនមែនជា​កម្មសិទ្ធិ នៃ​នរណាម្នាក់​ទេ ប៉ុន្តែ​ជា​របស់​សមាជិក​សមាជិកា​រ​គ្រប់ៗ រូប ដែល​បាន​ចំណាយពេល​វេលា​ពី​ការងារ​ដ៏​មមាញឹក​ក្នុង​ក្រុមគ្រួសារ ការសិក្សា​រៀនសូត្រ​របស់ខ្លួន​មក​រួម​បេសកកម្ម ដើម្បី​បុព្វហេតុ​ចែករំលែក និង​បម្រើ​ផលប្រយោជន៍​សម្រាប់​សហ​គម​ន៍ និង​សង្គមជាតិ​ទាំងមូល​។ នៅ​គ្រប់​កាលៈទេសៈ យុវជន​មាន​តួនាទី​សំខាន់​សម្រាប់​ប្រទេសជាតិ ជាមួយនឹង​ចំណេះ​ជំនាញ​សមត្ថភាព​ពេញលេញ ក្នុង​ដំណើរ​នៃ​កិច្ច​អភិវឌ្ឍ​ឈានឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន ព្រោះ​ធនធានមនុស្ស​ជា​កត្តាចាំបាច់​បំផុត​។

លោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បន្តថា​រាល់​សកម្មភាព​របស់​ស​មា​ជិ​ក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មិនមែន​ជាការ​បង្អួត ឬ​ប្រកួតប្រជែង​រវាង​យុវជន​ខ្មែរ​ដូចគ្នា​នោះទេ គឺ​ដើម្បី​បង្ហាញ​ពិភពលោក​ទាំងមូល​ឱ្យមើល​ឃើញ និង​ទទួលស្គាល់ថា​ខ្មែរ​អាចធ្វើ​បាន ពិសេស​កម្ពុជា​ស្មើមុខ​មាត់​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ដែរ​។ លោក​ហ៊ុន ម៉ា​នី​បានបញ្ជាក់​ទៀតថា​កិច្ចការ​សំខាន់​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​គឺ​ត្រូវ​អនុវត្តតាម​គោលការណ៍​ទាំងបី រួមមាន ប្រជាជន​ខ្មែរ​តែមួយ​តាមរយៈ​ការពារ​ព្រលឹង​ជាតិ រក្សា​អត្តសញ្ញាណ​ជាតិ លើកតម្កើង​វប្បធម៌​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​។ ទី​ពីរ​គឺ​ប្រជាជន​កម្ពុជា​ប្រកបដោយ​សមត្ថភាព​តាមរយៈ​ទទួលបាន​នូវ​ការអប់រំ​ពេញ​មួយជីវិត អភិវឌ្ឍន៍​ទេពកោសល្យ និង​ជំនាញ​ប្រចាំជីវិត ពង្រីក​គំនិត​ច្នៃប្រឌិត នវានុវត្តន៍ ព្រមទាំង​ការប្រកួតប្រជែង​។ ទី​បី​គឺ​ប្រជាជន​ពោរពេញ​ដោយ​ធម៌​ផ្អែកលើ​ការប្រកាន់​ខ្ជាប់​អំពី​គុណធម៌ ព្រហ្ម​វិហារធម៌ សន្តោស​ប្រណី ក៏ដូចជា​សាមគ្គីធម៌ កសាង​គ្រប់​ឥរិយាបថ​វិជ្ជមាន លើកកម្ពស់​គុណ​តម្លៃរ​បស់​គ្រួសារ និង​សង្គម​។ ករណី​កិច្ច​ទាំងនេះ​ជាគោលការណ៍​ដែល​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវតែ​យកចិត្តទុកដាក់ ហើយ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ជោគជ័យ​សម្រាប់​ខ្លួន ក៏ដូចជា​សង្គមជាតិ​ទាំងមូល​៕