ជោគវាសនា​កូន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ គុយ សិទ្ធិ​ស​ក្កិ ត្រូវ​សំរេច​នៅ​ថ្ងៃទី​១៥​ខែសីហា ខណៈ វ៉ាន់ លី​ឡា ទារជំងឺចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​

982
ចែករម្លែក

(​ភ្នំពេញ​)៖​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កោ វណ្ឌី នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា​ឆ្នាំ​២០១៧​ម្សិលមិញ បាន​បើកសវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូប​អាសអាភាស ដែលមាន​ជនជាប់ចោទ​ឈ្មោះ គុយ សិទ្ធិ​ស​ក្កិ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​មុខរបរ​មន្ត្រី​ពន្ធនាគារ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​ក្រោយ​ការសួរដេញដោល លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ខណៈ​មជ្ឈដ្ឋាន​មួយចំនួន​រង់ចាំ​មើលថា តើ​ជោគវាសនា​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ នឹងត្រូវ​តុលាការ​សម្រេច​យ៉ាងណា ។​

​សវនាការ​នេះ​អវត្តមាន​ជនជាប់ចោទ​ឈ្មោះ គុយ សិទ្ធិ​ស​ក្កិ ដោយមាន​មេធាវី​ការពារ​សិទ្ធិ ដែល​បាន​អាន​ចម្លើយ​របស់​ជនជាប់ចោទ​​នៅ​ដំណាក់​ការ​ចៅក្រម​ស៊ើបសួរ ។​ជនជាប់ចោទ​ឆ្លើយថា ខ្លួន​បាន​ស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ លី​ឡា តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០១៤​ហើយ​ដល់​ឆ្នាំ​២០១៥​ក៏បាន​ស្រលាញ់គ្នា​ហើយក៏​បាន​នាំ​ទៅលេង​ផ្ទះ​និង​ជួប​ប៉ា​ម៉ាក់​។​

​ចំណែក​រឿង​ដែល​ចោទថា ខ្ញុំ​បង្ហោះ​រូប​អាសអាភាស ខ្លួន​មិនបាន​ដឹង​ទេ និង​សុំ​ឲ្យ​តុលា​ការជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង​។​

​ចំណែក​ចម្លើយ​ដើមបណ្តឹង សុខ ចិន្តា បានស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ជនជាប់ចោទ​ទៅតាម​ផ្លូវច្បាប់ ហើយ​ដើមបណ្តឹង​ក៏​អ​វត្ត​​មាន​ក្នុងពេល​សវនាការ​ដែរ​។​

​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្តឹង​លោក នួន បូរ៉ា បាន​និយាយ​នៅពេល​សវនាការ​ថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ គុយ សិទ្ធិ​ស​ក្កិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លី​ឡា បាន​ឈ្លោះ​គ្នា​ហើយ គុយ សិទ្ធិ​ស​ក្កិ​ក៏​វាយ​ដើមបណ្តឹង សុខ ចិន្តា ​ពេលនោះ​ជនរងគ្រោះ​ក៏បាន​បើ​ទ្វារ​ឡាន​ចេញ​រត់​ឲ្យ​គេ​ជួយ ហើយ គុយ សិទ្ធិ​ស​ក្កិ ក៏បាន​បើកឡាន​របស់​ជនរងគ្រោះ​ចេញទៅ​ ហើយ​នៅក្នុង​ឡាន​នោះ​ក៏មាន​កាបូប​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ផងដែរ ដោយ​រយៈពេល​ជិត​១០​ថ្ងៃ បាន​យកមក​ប្រគល់​ឲ្យ​វិញ​។​

​ចំណែក​រូបគេ​ដែល​បាន​បង្ហោះ​នោះ គឺ​ដោយសារតែ​ការស្រលាញ់គ្នា​និង​គិតថា នឹង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ទើប​មាន​ការថត​ផ្ញើ​ឲ្យ​គ្នា​​មើល​ដោយសារតែ គុយ សិទ្ធិ​ស​ក្កិ នៅ​រៀន​ឯ​បរទេស​។​លោក​មេធាវី​ក៏បាន​បញ្ជាក់​ផង​ដែលថា ដើមបណ្តឹង សុខ ចិន្តា បានទាមទារ​​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​៕ដោយ៖វាសនា

(រូប៖facebook)