​កិច្ចប្រជុំ​របស់​អ​.​ស​.​ប​ឈានដល់​វិនាទី​ចុងក្រោយ​នៅតែ​គ្មាន​ភាគី​ណា​ហ៊ាន​ប្តេជ្ញាចិត្ត​ច្បាស់លាស់​អំពី​ការបន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនិក​

207
ចែករម្លែក

​បណ្តា​ប្រទេស​បំពុលបរិស្ថាន​ធំៗ​បាន​ប្រឈមមុខ​នឹង​សម្ពាធ​វិនាទី​ចុង​ក្រោយពី​ប្រទេស​តូចៗ​ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​ខណៈដែល​ពួក​អ្នកចរចា​បាន​តស៊ូ​មតិ​ដើម្បី​ជួយសង្គ្រោះ​លទ្ធផល​ពី​កិច្ចប្រជុំ​កំពូល​អ​.​ស​.​ប​ពោរពេញ​ដោយ​បញ្ហា​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​រហូតដល់​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​សៅរ៍​ទី​១៤​ធ្នូ​នេះ​។​

​ខណៈ​ការប្រជុំ​រយៈពេល​ពី​រស​ប្តា​ហ៍​ញាំញី​ដោយ​ជម្លោះ​ជំពាក់ជំពិន​ជុំវិញ​វិធី​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​ការឡើង​កម្តៅ​ផែនដី ប្រទេស​ស៊ី​លី​ដែលជា​អធិបតី​ក្នុង​កិច្ចពិភាក្សា​នោះបាន​ព្យាយាម​បង្ហាញ​សុទិដ្ឋិនិយម​។​

​មន្ត្រី​ស៊ី​លី​លោក អង់​ដ្រេ លែ​ន​ឌ័​រ​រេ​ត បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​យប់​ជ្រៅ​ថ្ងៃ​សុក្រ​ទី​១៣​ធ្នូ​ថា “​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​យើង​ត្រូវ​បង្ហាញ​ពិភពលោក​ថា​យើង​មាន​សមត្ថភាព​ក្នុងការ​បំពេញ​នូវ​កិច្ចព្រមព្រៀង​ដែល​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ចំពោះមុខ​យើង​”​។​

​ក្រោយមក​ស៊ី​លី​បានប្រកាសថា កិច្ចពិភាក្សា ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ នឹង​ចាប់ផ្តើម​ម្តងទៀត​នៅ​ម៉ោង ៧ ព្រឹក ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​អ្នកសង្កេតការណ៍​និយាយថា ប្រតិភូ​នានា​បាន​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ​សំណួរ​ថា​តើ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ធំៗ​នឹង​បង្ហាញ​ពី​ចេតនា​របស់​ពួកគេ​ក្នុង​ការជំរុញ​ទិសដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​របស់​ពួកគេ​នៅ​ឆ្នាំក្រោយ​ឬ​អត់ នៅពេល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឈានដល់​ដំណាក់កាល​មួយ​ត្រូវតែ​អនុវត្ត​ឬ​ទាត់ចោល​។​

​លោក អេ​ន​ឌ្រូ ន័​រ​តុ​ន ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​និង​បរិស្ថាន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បាន​និយាយថា “​ជោគវាសនា​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​កំពុង​យោល​យោគ​”​។​

​ក្រុម​អ្នកសង្កេតការណ៍​និយាយថា ប្រទេស​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ឆាប់រហ័ស​ដូចជា​ចិន​ឥណ្ឌា​និង​ប្រេ​ស៊ី​ល​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ប្តេជ្ញាចិត្ត​ដើម្បី​បង្ហាញ​គោលដៅ​ថ្មី​នៃ​ការកាត់បន្ថយ​ឧស្ម័ន​កាបូន​ឱ្យបាន​ឆាប់​។​

​សហភាព​អឺរ៉ុប​លើកលែង​ប៉ូឡូញ ដែល​បាន​យល់ព្រម​ឈានដល់​ការ​បំ​ភាយ​កាបូន​សូន្យ​ត្រឹម​ឆ្នាំ ២០៥០ នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កំពុង​ជំរុញឱ្យមាន​សេចក្តីថ្លែងការណ៍​ប្រកបដោយ​មហិច្ឆតា​បន្ថែម​ទៀត​រួមជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ងាយ​រងគ្រោះ​បំផុត​ដទៃទៀត​ជាច្រើន​។​

​បន្ទាប់ពី​កិច្ចពិភាក្សា​រយៈពេល​ពីរ​សប្តាហ៍​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដដែល​ធ្វើឡើង​បន្ទាប់ពី​មានការ​ត្រៀមលក្ខណៈ​ជាច្រើន​ខែ រដ្ឋមន្ត្រី​នានា​ត្រូវបាន​បែងចែក​ទៅជា​ក្រុម​តូចៗ​ដើម្បី​ប៉ុនប៉ង​បំបែក​ភាពជាប់គាំង​អំពី​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​បណ្តា​រដ្ឋ​ប្រឈម​ហានិភ័យ​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ និង ដើម្បី​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​ទីផ្សារ​កាបូន​។​

​វឌ្ឍនភាព​លើ​បញ្ហា​ទាំងនោះ​អាច​នឹង​ក្លាយជា​កាដូ​ដ៏​ធំ ប្រសិនបើ​មាន​សេចក្តីថ្លែងការណ៍​ច្បាស់លាស់​មួយ​ពី​កិច្ចប្រជុំ ដែល​រដ្ឋាភិបាល​នានា​ប្តេជ្ញា​ថា​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ប្រកាស​ជាក់ស្តែង​នូវ​មហិច្ឆតា​បន្ថែមទៀត​ដើម្បី​ផ្តាច់ខ្លួន​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​

​លោក​ម៉ូ​ហា​ម៉េ​ត ណាស់ ប្រធាន​ក្រុម​អ្នកចរចា​អាហ្វ្រិក​បាន​និយាយថា “​នៅតែមាន​សំណួរ​ដ៏​ធំ​អំពី​ការប្តេជ្ញាចិត្ត​របស់​ភាគី​នានា​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​”៕ ដោយ៖ កញ្ញាដាលីស

កៅអី​ទទេ​ថត​នៅ​សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាស​ធាំ​តុ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ធ្នូ