ជំងឺគ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​វៀតណាម និង ប្រទេសជិតខាង​

274
ចែករម្លែក

​ដាន​មេរោគ​គ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​សំខាន់ៗ​ពីរ​ប្រភេទ កំពុង​គ្របដណ្តប់​ខ្លាំង​ឡើង​នៅ​វៀតណាម​ឡាវ​និង​ថៃ​ភាគ​ខាងជើង​។​

​ដោយ​ប្រើ​បច្ចេកទេស​តាមដាន​ទាក់ទង​នឹង​ហ្សែ​ន​ដើម្បី​តាមមើល​ការរីក​រាលដាល​នៃ​ជំងឺគ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ដាន​មេរោគ ដែល​ត្រូវគេ​ស្គាល់​ថា KEL1/PLA1 ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពី​ប្រទេស​កម្ពុជា ក៏មាន​ការផ្លាស់ប្តូរ​ហ្សែ​ន​ផងដែរ ដែល​អាចធ្វើឱ្យ​វា​កាន់តែ​ស៊ាំ​ទៅនឹង​ថ្នាំ​។​

​លោក រ៉ូ​បឺ​តូ អា​ម៉ា​តូ (Roberto Amato) ដែល​ធ្វើការ​ជាមួយ​ក្រុម​មួយ​មកពី​វិទ្យាស្ថាន Wellcome Sanger របស់​ចក្រភព​អង់គ្លេស សាកលវិទ្យាល័យ Oxford និង​សាកលវិទ្យាល័យ Mahidol របស់​ថៃ បាន​និយាយថា “​យើង​បាន​រកឃើញថា​វា​បាន​រីក​រាលដាល​យ៉ាង​រហ័ស ដោយ​ជំនួស​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់​ក្នុងស្រុក ហើយ​កាន់តែ​គ្របដណ្តប់​ខ្លាំង​ឡើង​នៅក្នុង​ប្រទេស​វៀតណាម ឡាវ និង ថៃ​ភាគ​ឦសាន​”​។​

​ជំងឺគ្រុនចាញ់​ត្រូវបាន​បង្កឡើង​ដោយ​ប៉ារ៉ាស៊ីត​ឈ្មោះ Plasmodium ដែល​ផ្ទុក​នៅក្នុង​ខ្លួន​សត្វ​មូស និង រីក​រាលដាល​តាមរយៈ​ការ​ខាំ​របស់​ពពួក​មូស​បឺត​ឈាម​។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ជិត ២២០ លាន​នាក់​បាន​ឆ្លង​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ ២០១៧ ហើយ​ជំងឺ​នេះ​បានសម្លាប់ ៤០០.០០០ នាក់​។ ភាគច្រើន​នៃ​ករណី​កើត​ជំងឺគ្រុនចាញ់​និង​ការស្លាប់​គឺ​ស្ថិតនៅក្នុង​ចំណោម​ទារក​និង​កុមារ​នៅក្នុង​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​។​

​ជំងឺគ្រុនចាញ់​អាច​ព្យាបាល​ដោយ​ជោគជ័យ​ជាមួយនឹង​ថ្នាំ ប្រសិនបើ​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​ទាន់ពេលវេលា ប៉ុន្តែ​ការ​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​កំពុងតែ​រីកធំឡើង​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​។

​លោក​អូ​លី​វ៉ូ មី​អូត​តូ ដែលជា​សហ​អ្នកស្រាវជ្រាវ បាន​និយាយថា “​ល្បឿន​នៃ​ការ​រាលដាល​របស់​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ​ទាំងនេះ​នៅ​អាស៊ីអាគ្នេយ៍ គឺ​គួរឱ្យ​ព្រួយបារម្ភ​ណាស់​។ ថ្នាំ​ផ្សេងទៀត​ប្រហែល​ជាមាន​ប្រសិទ្ធភាព​នៅ​គ្រានេះ ប៉ុន្តែ​ស្ថានភាព​គឺ​ផុយស្រួយ​ខ្លាំងណាស់ ហើយ​ការសិក្សា​នេះ​គូសបញ្ជាក់ថា សកម្មភាព​បន្ទាន់​គឺ​ត្រូវការ​ចាំបាច់​”៕ ដោយ៖ កញ្ញាដាលីស

ការ​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​កំពុងតែ​រីកធំឡើង​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍