ជំងឺគ្រុនឈាម​កើន​ដល់​ជិត​៣០០​នាក់​ ធ្វើឲ្យ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​ខ្វះ​បន្ទប់​សម្រាក​ព្យាបាល​

770
ចែករម្លែក

ដោយៈ​សុខុម/ស្ទឹងត្រែង ៖ ​ករណី​សង្ស័យ​ជំងឺគ្រុនឈាម​ក្នុង​មួយថ្ងៃៗ​ មានការ​កើន​រហូតដល់​ទៅជិត​៣០០​នាក់ ​ជា​មូលហេតុ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​ខ្វះ​បន្ទប់​សម្រាប់​ឲ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​។​

ទោះបីជា​យ៉ាងនេះ​ក្តី​ គ្រូពេទ្យ​ និង​អាជ្ញាធរខេត្ត​កំពុង​យកចិត្តទុកដាក់​មើលថែ​ទាំ​និង​ចែកជូន​ស្បៀងអាហារ​ រួមទាំង​សម្ភារមួយចំនួន​ដោះស្រាយ​ពី​រឿង​នេះហើយ​។​

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​៣០​ ខែមិថុនា ​ឆ្នាំ​២០០៩ ​លោក ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​កាកបាទក្រហម​សាខា​ស្ទឹងត្រែង និង​លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ព្រមទាំង​លោក លោកស្រី អនុប្រធាន​កិត្តិយស សមាជិក​គណៈកម្មាធិកា​រ​សាខា អនុសាខា​ក្រុង​ស្ទឹងត្រែង យុវជន ស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បាន​ចុះសួរសុខទុក្ខ​ស្ត្រី កុមារ​តូចៗ ដែលមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដែលមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ជំងឺគ្រុនឈាម​។​

រដ្ឋបាល​សាលាខេត្ត សាខា​កាកបាទក្រហម​ខេត្តស្ទឹងត្រែង មន្ត្រីរាជការ និង​សប្បុរសជន បានផ្តល់​ជូន​ថវិកា ដល់​កុមារ​ព្រមទាំង​ស្ត្រី​សរុប​ចំ​នួ​១៨៣​នាក់ ក្នុង​ម្នាក់​ទទួលបាន ១២០.០០០​រៀល ក្នុងនោះ​ដែល​ក៏បាន​ផ្តល់ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ថវិកា ២.០០០.០០០​រៀល និង​តំឡើង​តង់​ស្នាក់នៅ​ព្យាបាល​បណ្តោះ​សន្ន​ចំនួន​៥​ស្នង់ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង ព្រមទាំង​ជួយ​សម្រាល​ការលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ហើយ​សហគ្រាស​ផលិត​ទឹកបរិសុទ្ធ លី​ហ៊ាង ១៦៨ បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​ចំណុះ​៣០​លីត្រ ចំនួន​៣០​ធុង​ក្នុង​មួយថ្ងៃ​ផងដែរ​។​

លោក សាយ ព្រលឹង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ មាន​អ្នកជំងឺ​រាប់រយ​នាក់​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត ដោយ​អ្នកជំងឺ​ភាគច្រើន​ជា​កុមារ ហើយ​បាន​ឆ្លង​នូវ​ជំងឺគ្រុនឈាម​។

លោក​ថា ដោយសារ​ចំនួន​អ្នកជំងឺ​កើនឡើង​ជា​លំដាប់ រហូត​លើស​ចំនួន​កំណត់​ដែល​មន្ទីរពេទ្យ​ពុំមាន​បន្ទប់​សេសសល់​សម្រាប់​ទទួល​អ្ន​ក​ជំងឺ បណ្តាល​ឲ្យ​អ្នកជំងឺ​ខ្លះ​បង្ខំចិត្ត​សម្រាក​នៅក្រោម​អគារ​មន្ទីរពេទ្យ ។

ដូច្នេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​រៀបចំ​បោះតង់​ដែលជា​អំណោយ​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធូរស្រាល​មួយកម្រិត​។

សូមបញ្ជាក់ថា បើតាម​របាយការណ៍​ប្រចាំ​សប្តាហ៍​ទី​២៥ គិត​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ របស់​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បង្ហាញថា មាន​អ្នកជំងឺ​ទូទៅ​សរុប​២៧៤​នាក់​។ ក្នុងនោះ​អ្នកជំងឺ​គ្រុនក្តៅ​ស្រួចស្រាវ និង​មាន​សញ្ញា​ចេញឈាម សង្ស័យ​មាន​ឆ្លង​ជំងឺគ្រុនឈាម​មាន​ប្រមាណ​២៥៦​នាក់ ស្រី​១២៧​នាក់​។ ខណៈ​គ្រែ​សម្រាប់​ឲ្យ​អ្នកជំងឺ​សម្រាក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​ចំនូ​ន​តែ​ជាង​១០០​គ្រែ​ប៉ុណ្ណោះ​៕​B/Ha