ក្មេង​ចាស់​៥០០​នាក់បាន​ឆ្លង​ជំងឺគ្រុនឈាមនៅ​មណ្ឌលគិរី​

539
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​នៅក្នុង​រដូវភ្លៀង​ឆ្នាំ​២០១៩​នេះ​ជំងឺគ្រុនឈាម​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​ខេត្តមណ្ឌលគិរី​គ្រា​ដែល​មន្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី​អះអាងថា​បាន​កើនឡើង​បើ​ប្រៀបធៀប​កាលពី​បណ្តា​ឆ្នាំ​កន្លងទៅ​។​

​វេជ្ជបណ្ឌិត​ទុយ ​ស្រស់​ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១៩​មិថុនា​បាន​ប្រាប់ថា ​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅ​ខេត្តមណ្ឌលគិរី​ធ្លាប់​ផ្ទុះឡើង​នូវ​ជំងឺគ្រុនឈាម​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៦​។​ចំណែក​ឆ្នាំ​២០១៧+២០១៨​អាត្រា​អ្នកជំងឺ​គ្រុន​ឈាមមាន​តិចតួច​ប៉ុណ្ណោះ​។

​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ​ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​ម្ដងទៀត​ចាប់ពី​ដើមខែ​ឧសភា​រហូតដល់​ពាក់កណ្ដាល​ខែមិថុនា​។​គឺមាន​រយៈពេល​ជាង​១​ខែ​មកហើយ​និង​មាន​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​៥០០​នាក់​បាន​ឆ្លង​ជំងឺគ្រុនឈាម​និង​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក​វេជ្ជបណ្ឌិត​ថា អ្នក​ជំងឺទាំងនោះ​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​ចំនួន​៤៤៦​នាក់ មាន​អាកា​រ ធ្ងន់ធ្ងរ​បញ្ជូនទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៤​នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប​បង្អែក​ប្រមាណ​៥០​នាក់​គិត​ត្រឹម​ថ្ងៃ​១៩​មិថុនា​២០១៩​។​លោក​វេជ្ជបណ្ឌិត​ទុយ​ស្រស់​បន្តថា ​ក្នុងឆ្នាំនេះ​ជំងឺគ្រុនឈាម​បានកើត​ឡើង​គ្រប់​តំបន់​ទូទាំង​ខេត្ត​និង​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ ដែល​ធ្លាប់​រីក​រាលដាល​ជំងឺគ្រុនឈាម​ម្ដង​រួចមកហើយ ។

​លោ​កថា​ ជំងឺគ្រុនឈាម​ពិតជា​កាច​សាហាវ​ប្រសិន​អ្នកជំងឺ​ទុក​បណ្ដែតបណ្ដោយ​មិន​រក​ការព្យាបាល ឬ​ការព្យាបាល​មិន​ត្រឹមត្រូវ​ដែល​អាច​បណ្ដាលឱ្យ​អ្នកជំងឺ​ស្លាប់បាត់​បង់ជីវិត​។​អា​ការដែល​សង្ស័យថា​មាន​ផ្ទុក​ជំងឺគ្រុនឈាម​ត្រូវ​មកជួប​គ្រូពេទ្យ​ជាបន្ទាន់​នោះ គឺ​ក្ដៅខ្លួនខ្លាំង ក្រហមមុខ ក្រហម​ភ្នែក ឈឺ​គ្រាប់ភ្នែក​ផ្នែក​ខាងក្រោយ ឈឺក្បាល ឈឺ​សាច់ដុំ និង​ពេលខ្លះ​ចេញ​កន្ទួល​រមាស់ ។

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​លោក​វេជ្ជបណ្ឌិត​ប៊ុន ​សួ​ បានឱ្យដឹង​ដែរ​ថា​ មួយរយៈ​នេះ​មន្ត្រី​សុខាភិបាល​ក៏បាន​ចុះ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​តំបន់​និង​ណែនាំ​អំពី​វិធាន​ការបង្កា​ផងដែរ ។ លោក​ក៏​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​កុំ​ឱ្យមាន​សម្ភា​រដក់​ទឹក ដែលជា​ជម្រក​របស់​សត្វ​មូស​និង​ត្រូវ​មក​មន្ទីរពេទ្យបង្អែក​ជួប​ជាមួយ​គ្រូពេទ្យ​។​

​គួររំលឹកថា ​ស្របពេល​ដែល​ជំងឺគ្រុនឈាម​កំពុង​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​សម្រាប់​ខេត្តមណ្ឌលគិរី​ប្រមាណ​ជាង​១​ខែ មកនេះ​មាន​មនុស្ស​ទាំងចាស់​-​ទាំង​កុមារ​រាប់រយ​នាក់​បាន​ឆ្លង​ជំងឺគ្រុនឈាម ។​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​នោះទេ​ ខណៈ​ក្រុមគ្រូពេទ្យ​តាម​មណ្ឌល​សុខភាព​នានា​ក៏ដូចជា​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​ពុំមាន​ការ​ធ្វេស​ប្រ​ហេស​ដូច​ការលើកឡើង​របស់​បណ្តា​ក្រុមអ្នកលេង​ហ្វេ​ស​បុក​នោះឡើយ​៕S/​Ha