ជំងឺថ្លើម​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​

1579
ចែករម្លែក

​តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​ភាពខុសគ្នា​អ្វីខ្លះ​ទៅ​?
​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​គឺ​បណ្តាលមកពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយ​វា​ក៏​ជា​រឿង​ដែល​កើតឡើង​ញឹកញាប់​ដែរ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ការពារ​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​មធ្យ​នឹងមិន​នាំ​ឲ្យ​មាន​ជំងឺ​ឡើយ​។ ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​បី​ប្រភេទ​សំខាន់ៗ​ដូចជា​៖

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ឬ​ហៅថា Steatosis ដែលជា​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ដំណាក់កាល​ដំបូង​បំផុត ហើយក៏​កើតឡើង​ញឹកញាប់​ដោយសារតែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។ ជំងឺ​នេះ​ត្រូវបាន​សម្គាល់​ដឹង​តាមរយៈ​ការ​មាន​កោសិកា​ខ្លាញ់​ក្នុង​សាច់​ថ្លើម​ច្រើន​ជ្រុល ដែល​វា​ធ្វើ​ឲ្យ​ថ្លើម​បំពេញ​មុខងារ​របស់​វា​កាន់តែ​ពិបាក​។ ជាធម្មតា​ជំងឺ​នេះ​មិនមាន​រោគសញ្ញា​អ្វីខ្លះ ថ្វីបើ​ថ្លើម​អាច​រីក​ធំ ហើយ​អ្នក​ប្រហែល​ជាមាន​ការមិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាងលើ និង​ខាងស្តាំ​ខ្លះ​ក៏ដោយ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​កើតឡើង​លឿន​លើ​អ្នក​ទាំងឡាយណា​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​។ ប៉ុន្តែ​វា​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​បើសិនជា​អ្នក​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត​។

​ជំងឺ​រលាក​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង គឺជា​ការ​ហើម​របស់​សាច់​ថ្លើម​ដែល​ជាប់ទាក់ទង​នឹង​ការខូចខាត​របស់​កោសិកា​ថ្លើម​។ សម្រាប់​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​រហូតដល់​រលាក​នេះ​គឺមាន​រហូតដល់ ៣៥​ភាគរយ ដែលមាន​លក្ខណៈ​តិចតួច ឬ​ធ្ងន់ធ្ងរ​។ រោគសញ្ញា​អាចមាន​ដូចជា ក្តៅខ្លួន ឡើង​លឿង​ស្បែក ចង្អោ ក្អ​យ​ត ឈឺពោះ និង​ឈឺ​តឹង​ក្នុង​ពោះ​។ ករណី​តិចតួច វា​អាចមាន​រយៈពេល​យូរ​រហូតដល់​ច្រើន​ឆ្នាំ និង​បន្ត​ខូចខាត​ដល់​ថ្លើម​ទៀត​ថ្វើ​បើ​ការខូចខាត​នេះ​អាច​ស្រួលបួល​មកវិញ​បើសិនជា​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត​។ ករណី​ធ្ងន់ធ្ងរ ឬ​ហៅថា​ស្រួចស្រាវ​ដែល​កើតឡើង​ភ្លាម ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​រយៈពេល​យូរ គឺអាច​មានការ​គម្រាម​គំហែង​ដល់​អាយុជីវិត​ដោយសារតែ​ផលវិបាក​របស់​វា​។ ជំងឺ​ក្រិន​ថ្លើម​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ក៏​ជា​ប្រភេទ​ជំងឺថ្លើម​ដែល​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែរ​។

​ជំងឺ​ក្រិន​ថ្លើម​គឺ​ចង់​សម្តៅ​ទៅលើ​កោសិកា​ថ្លើម​ធម្មតា​ត្រូវបាន​ជំនួស​មកវិញ​ដោយ​ជាលិកា​សម្លាក​ដែល​មិនមាន​ជីវិត​។ ១០​ទៅ​២០​ភាគរយ​នៃ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​នឹង​ទៅជា​មាន​ជំងឺ​ក្រិន​ថ្លើម ហើយ​ជាធម្មតា​គឺ​ញ៉ាំ​គ្រឿង​ស្រវឹង​១០​ឆ្នាំ​ឡើងទៅ​។ រាល់​រឿង​គ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ថ្លើម​រយៈពេល​ច្រើន​ឆ្នាំ​គឺអាច​នាំ​ឲ្យ​ថ្លើម​បង្កើតជា​ជាលិកា​សម្លាក​បាន​។ ការ​ក្រិន​ជា​លក្ខណៈ Fibrosis គឺជា​ដំណាក់កាល​ដំបូង​នៃ​ការ​សម្លាក​របស់​ថ្លើម​។ នៅពេល​ជាលិកា​សម្លាក​កកកុញ​គ្នា ហើយ​កើតឡើង​ស្ទើរតែ​ពេញ​ថ្លើម​ហើយ​នោះ​គឺ​ហៅថា​ក្រិន​ពេញលេញ​ហើយ​។

​រោគសញ្ញា​របស់​ជំងឺ​ក្រិន​ថ្លើម​រួមទាំង​ការ​រលាក​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង​ដែរនោះ​មានដូចជា​៖
– ទាច​ទឹក​
– លើស​សម្ពាធ​ក្នុង​សរសៃ​វែ​ន​ធំ​មួយ​មុន​ចូល​ថ្លើម (Portal Hypertension)
– ការហូរ​ឈាម​ចេញពី​សរសៃ​វែ​ន​ក្នុង​បំពង់​លើ​ក្រពះ​
– វង្វេងវង្វាន់
– អណ្តើក​រីក​ធំ​

​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា ជំងឺ​ក្រិន​ថ្លើម​អាច​ត្រឡប់មក​ភាព​ដើម​វិញ​ថ្វីបើ​រឿងនេះ​ប្រហែលជា​មិនកើត​ឡើងលើ​អ្នកជំងឺ​គ្រប់គ្នា​ទាំងអស់​ក៏ដោយ​។ ជំងឺ​ក្រិន​ថ្លើម​ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​អាចជា​ជំងឺ​ដែល​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​។

តើ​គ្រឿង​ស្រវឹង​ប៉ះពាល់​ដល់​ថ្លើម​ដូច​ម្តេចទៅ​?
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ទាំង​ញ៉ាំ​ម្តង តែ​ម្តងម្កាល ក៏ដោយ តែ​ជា​ស្រា​គោ​ញាក់ ឬ​ស្រា​ខ្លាំង ឬ​ញ៉ាំ​គ្រៀង​ស្រវឹង​ច្រើន សុទ្ធតែ​អាចជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​ប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​។ លើសពី​ការ​មាន​របួស​ដល់​ថ្លើម គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​ជាច្រើន​ទៀត​ទៅលើ​រាងកាយ​ដែរ​ដូចជា​៖
– បន្ថយ​សមត្ថភាព​ក្នុង​ការគិត​ច្បាស់លាស់ និង​ការធ្វើ​ចលនា ដែល​រឿងនេះ​អាច​ផ្លាស់ប្តូរ​អារម្មណ៍ និង​អាកប្បកិរិយា​រស់នៅ​បាន​។​
– រំខាន​ដល់​ដំណើរ​ការណ៍​នៃ​ការរំលាយ​អាហារ ដែល​នាំ​ឲ្យ​កង្វះ​អាហារូបត្ថម្ភ និង​ស្រក​ទម្ងន់​
– ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​។ រឿងនេះ​ក៏​ងាយ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ដែរ ដូចជា មហារីក​ពោះវៀនធំ ថ្លើម បំពង់​លើ​ក្រពះ មាត់ និង​សុដន់​។​

​តើ​មាន​ទេ​សុវត្ថិភាព​ក្នុងការ​ញ៉ាំ​គ្រឿង​ស្រវឹង​?
​សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​នឹងមិន​នាំ​ឲ្យ​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ឡើយ​។ យោងទៅតាម Dietary Guidelines for Americans ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យ​គឺ​ស្ត្រី​អាច​ញ៉ាំ​គ្រឿង​ស្រវឹង​តែម្តង​ក្នុង​មួយថ្ងៃ ខណៈពេលដែល​បុរស​អាច​ញ៉ាំ​បាន​ពីរដង​ក្នុង​មួយថ្ងៃ​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​គ្រឿង​ស្រវឹង​ដែល​អាច​ញ៉ាំ​ក្នុង​កម្រិត​ខុសៗ​គ្នា​ដោយ​ផ្អែកទៅលើ​ភាពខ្លាំង​របស់​វា ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ស្មើនឹង​ញ៉ាំ​ម្តង​៖
– ស្រា​បៀរ​មួយ​កំប៉ុង​ចំណុះ ៣៥៤.៨៨​មី​លី​លីត្រ
– ស្រា​មួយ​កែវ​ចំណុះ ១១៨.៣០​មី​លី​លីត្រ​
– ស្រា​គោ​ញាក់ ឬ​ស្រា​ខ្លាំង​ចំណុះ ២៩.៥០​មី​លី​លីត្រ​

​យ៉ាងណាមិញ បើសិនជា​អ្នកមាន​ជំងឺថ្លើម​រ៉ាំរ៉ៃ​ហើយ ទោះបីជា​គ្រឿង​ស្រវឹង​តិចតួច​ក៏​អាចធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បានដែរ​។ អ្នក​ដែឡមាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង និង​អ្នក​ក្រិន​ថ្លើម​ដោយសារតែ​មូលហេតុ​គ្រប់យ៉ាង​គួរតែ​តម​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទាំងស្រុង​តែម្តងទៅ​។

តើ​កត្តា​អ្វីខ្លះ​ដែល​បង្កើន​ការ​ប្រឈម​នឹង​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​?
​ចំនួន​គ្រឿង​ស្រវឹង​ដែល​អ្នក​ញ៉ាំ​គឺជា​កត្តា​ប្រឈមមុខ​ដ៏​សំខាន់​សម្រាប់​ការកើត​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។ ការ​ប្រឈម​នឹង​កើតឡើង​នៅពេល​អ្នក​ញ៉ាំ​រយៈពេល​កាន់តែ​យូរ និង​ចំនួន​កាន់តែច្រើន​។ យ៉ាងណាមិញ ដោយសារតែ​មនុស្ស​ភាគ​ច្រើន​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មិនកើត​ជំងឺថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង ដូច្នេះ​យើង​ដឹងថា វា​ក៏មាន​កត្តា​ផ្សេងៗ​ទៀត​ប៉ះពាល់​ដល់​រឿងនេះ​ដែរ​។ ក្រៅពី​កត្តា​ប្រឈមមុខ​ដែល​នាំ​ឲ្យ​មនុស្សម្នា​ក់កើត​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​នោះ​មានដូចជា​៖
– ធាត់​ជ្រុល​៖ ការ​ធាត់​ជ្រុល​គឺជា​កត្តា​មួយ​នាំ​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ការ​ផ្សំ​ចូលគ្នា​នៃ​ការ​ធាត់​ជ្រុល និង​គ្រឿង​ស្រវឹង​ចូល​គ្នឹ​ង​គឺជា​រឿង​ដែល​ផ្តល់​ផលប៉ះពាល់​អាក្រក់​ជាង​តែមួយ​មុខៗ​ទៅទៀត​។
– កង្វះ​អាហារូបត្ថម្ភ​៖ មនុស្ស​ភាគច្រើន​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​គឺ​កង្វះ​អាហារូបត្ថម្ភ​ហើយ ដោយសារតែ​ពួកគេ​មិនសូវ​ញ៉ាំ​អាហារ និង​ក្អួត ឬ​ដោយសារតែ​គ្រឿង​ស្រវឹង និង​ជាតិពុល​ដែល​វា​ធ្វើ​ឲ្យ​រាងកាយ​មិនអាច​បឺត​ស្រូប​ជីវជាតិ​បាន​គ្រប់គ្រាន់​។ ករណី​ទាំងនេះ​ទើប​ធ្វើ​ឲ្យ​កោសិកា​ថ្លើម​ខូចខាត​ដោយសារតែ​កង្វះ​ជីវជាតិ​ប្រើប្រាស់​។
– កត្តា​ហ្សែ​ន​៖ ហ្សែ​ន​អាចមាន​ឥទ្ធិពល​ទៅលើ​របៀប​ដែល​រាងកាយ​រំលាយ​គ្រឿង​ស្រវឹង ហើយក៏​អាចជា​កត្តា​ប្រឈមមុខ​សម្រាប់​មនុស្ស​ម្នាក់​ទៅជា​ប្រមឹក និង​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ដែរ​។
– ជាតិ​សាសន៍​៖ កត្តា​ប្រឈម​នឹង​របួស​ដល់​ថ្លើម​កាន់តែ​ខ្ពស់​គឺ​កើត​ឡើងលើ​មនុ​ស្សមានជាតិ​សាសន៍​ពិសេស​សម្រាប់​ជំងឺ​នេះ​តែម្តង​។ ឧទាហរណ៍ អត្រា​នៃ​ជំងឺ​គ្រិន​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​គឺ​កើតឡើង​កាន់តែ​ខ្ពស់​លើ​ជាតិ​សាសន៍ អាមេរិក​កាត់​អាហ្វ្រិក និង បុរស​អំបូរ​ពូជ Hispanic ព្រមទាំង Caucasian​។
– ភេទ​៖ ស្ត្រី​គឺ​ងាយ​នឹង​កើត​ជំងឺថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​ជាង​បុរស ដោយសារតែ​ឥទ្ធិពល​របស់​វា​។ របៀប​នៃ​ការ​ញ៉ាំ​៖ វា​គឺ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលដែល​ស្ត្រី​ញ៉ាំ​នៅ​ខាងក្រៅ និង​ញ៉ាំ​ស្រា​ដែល​ខ្លាំង ឬ​អាច​ញ៉ាំ​រហូតដល់ ៤​ដង​ក្នុង​មួយថ្ងៃ និង​បុរស​អាច​ដល់ ៥​ដង​ក្នុង​មួយថ្ងៃ​។
– ជំងឺ​រលាក​ថ្លើម​ដោយសារតែ​វីរុស​រ៉ាំរ៉ៃ ជាពិសេស​ជំងឺ​រលាក​ថ្លើម​ប្រភេទ C៖ ការ​ផ្សំ​ចូលគ្នា​នៃ​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​រលាក​ថ្លើម​ដោយសារតែ​វីរុស​ទៅលើ​ថ្លើម​ទៀត នាំ​ឲ្យ​ជំងឺ​នេះ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​ជា​ជំងឺ​ដែល​បង្កដោយ​ជំងឺ​មួយៗ​ទៅទៀត​។

​តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មានការ​វិវត្តន៍​ដូច​ម្តេចទៅ​?
​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ភាគច្រើន​នឹង​វិវត្តន៍​ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទៅជា រលាក​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង ហើយ​ទៅជា​ក្រិន​ថ្លើម​តែម្តង​។ យ៉ាងណាមិញ អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មួយចំនួន​ប្រហែលជា​កើត​បញ្ហា​ក្រិន​ថ្លើម​ដោយ​មិនមាន​ការ​រលាក​ថ្លើម​មុន​ឡើយ ខណៈពេលដែល​ខ្លះទៀត​មានការ​រលាក​ថ្លើម​មុន ប៉ុន្តែ​មិន​ចេញ​រោគសញ្ញា​អ្វី​សោះ​។ លើសពីនេះទៅទៀត ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ប្រហែលជា​ធ្វើ​ឲ្យ​ថ្លើម​មានការ​ខូចខាត​កាន់តែខ្លាំង ដោយសារតែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឬ​ជំងឺថ្លើម​ដែល​មិន​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ផ្សេងៗ​ទៀត​។

​ចាប់តាំងពី​មនុស្ស​ម្នាក់​ងាយ​នឹងរង​ឥទ្ធិពល​ពុល​ដោយសារតែ​គ្រឿង​ស្រវឹង​មក តែ​វា​ប្រហែលជា​ប្រែប្រួល​ដែរ ទៅតាម​កត្តា​ជាច្រើន​ដូចជា អាយុ ភេទ ហ្សែ​ន និង​ជំងឺ​ដែលមាន ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល​អ្នក​ត្រូវ​ប្រាប់​អំពី​ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ជាមួយ​គ្រូពេទ្យ​។

តើ​ផលវិបាក​នៃ​ជំងឺថ្លើម​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​អ្វី​ខ្លះទៅ​?
​ផលវិបាក​ដោយសារតែ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ច្រើនតែ​កើតឡើង​ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​រយៈពេល​ច្រើន​ឆ្នាំ​។ ផលវិបាក​ទាំងអស់នេះ​អាចជា​រឿង​គ្រោះថ្នាក់​ណាស់​។ វា​ប្រហែល​ជាមាន​ជំងឺ​ដែល​ទាក់ទង​នឹង​ថ្លើម ជា​ផលវិបាក​មួយ​នៃ​ជំងឺ Portal Hypertension ដូចជា​៖
– ទាច​ទឹក​
– ហូរឈាម​ចេញពី​សរសៃឈាម​វែ​ន​ក្នុង​បំពង់​លើ​ក្រពះ ឬ​ក្រពះ​
– អណ្តើក​រីក​
– ជំងឺ​ខួរក្បាល និង​សន្លប់​
– ខ្សោយតម្រងនោម​
– ខ្សោយ​ថ្លើម​

​ក្រៅពី​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង វា​ប្រហែល​ជាមាន​ជាប់ទាក់ទង​ដោយសារតែ​ជំងឺ​លើ​សរីរាង្គ​ជាច្រើន​ទៀត​ក្នុង​ខ្លួន​ដែរ​។

តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដូច​ម្តេចទៅ​?
​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ប្រហែលជា​ត្រូវបាន​គ្រូពេទ្យ​សង្ស័យ​ដោយ​ផ្អែកទៅលើ​ប្រវត្តិ​របស់​អ្នកជំងឺ​ក្នុងការ​ញ៉ាំ​គ្រឿង​ស្រវឹង ការធ្វើ​តេស្ត​ក្នុង​មន្ទីរពិសោធន៍ ឬ​លទ្ធផល​ថតរូប​ភាព​វេជ្ជសាស្ត្រ​ឃើញ​មិនធម្មតា ឬ​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​។ ការធ្វើ​តេស្ត​ឈាម​ប្រហែលជា​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ទាត់ចោល​ជំងឺថ្លើម​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ​ប្រើ​វិធី​ច្រឹប​សាច់​ថ្លើម​ទៅពិនិត្យ​ទៀត​។ ក្នុងពេល​ច្រឹប​សាច់​ទៅពិនិត្យ​នេះ គឺ​គេ​យក​សាច់​ថ្លើម​ទៅធ្វើ​ការវិភាគ​ក្នុង​មន្ទីរពិសោធន៍​។

តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ព្យាបាល​ដូច​ម្តេចទៅ​?
​តម​
​បើសិនជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ហើយ រឿង​សំខាន់បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើបាន​សម្រាប់​ខ្លួនឯង​គឺ​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​តែម្តង​។ ការ​តម​គ្រឿង​ស្រវឹង​នេះ​គឺជា​មធ្យោបាយ​តែមួយគត់​ក្នុងការ​ស្តារ​ភាព​ខូចខាត​របស់​ថ្លើម​ឡើងវិញ ឬ​ករណី​ដែល​ធ្ងន់ធ្ងរ វា​ក៏​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​បន្ថែម​ទៀត​ដែរ​។ ចូរ​ពិភាក្សា​ជម្រើស​ព្យាបាល​ជាមួយ​គ្រូ​ពេ​ទ ដែល​វា​អាចមាន​ជាការ​ពិគ្រោះ​ជំងឺ ការ​ឲ្យ​ថ្នាំលេប កម្មវិធី​ឲ្យ​ថ្នាំលេប​ហើយ​ទៅផ្ទះ​វិញ ឬ​ការទទួល​ឲ្យ​សម្រាក​ក្នុង​មន្ទីរពេទ្យ​តែម្តង​។ បើសិនជា​ញៀន​គ្រឿង​ស្រវឹង​តែ​ម្តងនោះ ការ​តាម​ដាម​ជំងឺ​ក្នុង​កម្មវិធី​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន ប្រហែលជា​ត្រូវធ្វើ​ដែរ​ដើម្បី​កាត់បន្ថយ​កម្រិត​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​មួយ​សុវត្ថិភាព​។ វា​អាច​គ្រោះថ្នាក់​ក្នុង​ការឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ភ្លាមៗ​ពេក​។ ការបន្ថយ​គ្រឿង​ស្រវឹង​លឿន​ពេក​ក៏​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​ញៀន​ដែរ​ដូចជា ថប់​អារម្មណ៍ ឆេវឆាវ វ​ង្វេ​វង្វាន់ និង​ប្រកាច់​។

ការព្យាបាល​ដោយ​អាហារូបត្ថម្ភ​
​ការ​កង្វះ​អាហារូបត្ថម្ភ​គឺជា​រឿង​ញឹកញាប់​បំផុត​លើ​អ្នក​ដែលមាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។ គ្រូពេទ្យ​ទំនងជា​ណែនាំ​ឲ្យ​ទទួលបាន​របប​អាហារ​ពិសេស ព្រមទាំង​វីតាមីន និង​ជីវជាតិ​ដែល​ត្រូវការ​ដើម្បី​លុបបំបាត់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ជួយ​ឲ្យ​ឡើង​ទម្ងន់​វិញ​បើសិនជា​ចាំបាច់​។ អ្នក​ប្រហែលជា​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទៅ​ជួប​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​ផង​ព្រោះ​គាត់​អាចជួយ​ដល់​ការរៀបចំ​គម្រោង​ញ៉ាំ​អាហារ​អ្នក​បាន​។ បើសិនជា​អ្នកមាន​បញ្ហា​ក្នុងការ​ញ៉ាំ​អាហារ​ដើម្បី​ទទួលបាន​ជីវជាតិ​តាម​តម្រូវការ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​វិធី​ចាក់​ថ្នាំ​ដែលមាន​ជីវជាតិ​ពិសេស​តាម​សរសៃ ឬ​តាម​ការ​សុង​ក្រពះ​។

​ការប្រើប្រាស់​ថ្នាំ​
​ដោយយោង​ទៅតាម​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ គ្រូពេទ្យ​អាច​ណែនាំ​ថ្នាំ​ជាច្រើន​ដើម្បី​ជួយ​បន្ថយ​ការ​រលាក​របស់​ថ្លើម​។ ថ្នាំ​ទាំងនេះ​អាចមាន​ប្រសិទ្ធភាព​រយៈពេល​ខ្លី​ក្នុងការ​បង្កើន​ភាព​មានជីវិត​។ ការព្យាបាល​ដោយ​ថ្នាំ Steroid ជាមួយនឹង Prednisolone គឺជា​ជម្រើស​ដំបូង​គេ បន្ទាប់មក​គឺ Pentoxifyline បើសិនជា​ការព្យាបាល​ដោយ Steroid មិនមាន​ប្រសិទ្ធភាព​ទេ​។ ការព្យាបាល​ផ្សេង​ពីនេះ​គឺ​មិនត្រូវ​បាន​គេ​រកឃើញថា​អាច​ព្យាបាល​ការ​រលាក​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​ឡើយ​។

ការ​ផ្សាំ​ថ្លើម​ថ្មី​
​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​ដំណាក់កាល​ធ្ងន់ធ្ងរ ជម្រើស​ព្យាបាល​តែមួយកត់​ប្រហែល​ជាការ​ផ្សាំ​ថ្លើម​ថ្មី​ហើយ​។ យ៉ាងណាមិញ អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ដ៏​សកម្ម​ច្រើនតែ​មិន​ស័ក្តិសម​នឹង​ទទួលយក​ការព្យាបាល​នេះឡើយ​។ សម្រាប់​អ្នក​ដែល​ត្រូវការ​ការព្យាបាល​បែបនេះ គឺ​ត្រូវការ​តម​គ្រឿង​ស្រវឹង ៦​ខែ​ជាប់​សិន ហើយក៏​យល់ព្រម​ថា​មិន​ញ៉ាំ​គ្រឿង​ស្រវឹង​បន្តទៀត​ដែរ​៕ ដោយ​: http://www.health.com.kh/ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន

#