ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​រតនគីរី​ស្ងប់ស្ងាត់​តែ​ការធ្វើ​ចរាចរ​សត្វ​នៅ​បន្ត​ហាមឃាត់​

732
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​ផ្ទុះឡើង​កាលពី​អំឡុង​ខែមីនា​បន្ត​ដល់​ខែមេសា​ឆ្នាំ​២០១៩​នៅ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្ត​រតនគីរី​បណ្តាលឱ្យ​ជ្រូក​ជាង​មួយ​ពាន់​ក្បាល​ងាប់​និង​កម្ទេចចោល​។​ពេលនេះ​មាន​សភាព​ស្ងប់ស្ងាត់​ទៅវិញ​ហើយ តែ​ការធ្វើ​ចរាចរ​ជ្រូក​នៅតែ​ត្រូវបាន​ហាមឃាត់​។​

​បណ្ឌិត​សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេ​សា​ទេ​ខត្ត​រតនគីរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​ផ្ទុះឡើង​ខ្លាំង​កាលពី​ក្នុង​ខែមីនា នៅ​ភូមិ​សោម​តា​និ​ញ​ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្ត​រតនគីរី​បាន​ស្ងប់ស្ងាត់​ទៅវិញ​ហើយ​នៅពេលនេះ​(៨​ឧសភា​)​។​តែ​ការធ្វើ​ចរាចរ​សាច់​និង​សត្វ​ជ្រូក​នៅតែ​ត្រូវបាន​ហាមឃាត់​ដើម្បី​ធ្វើការ​តាមដាន​ជំងឺ​នេះ​មួយរយៈ​ទៀត​សិន​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ខាងលើ​បាន​បញ្ជាក់ថា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​អំឡុង​ពាក់កណ្តាល​ខែមីនា​បន្ត​រហូតដល់​ខែមេសា​បាន​បណ្តាល​ឲ្យ​ជ្រូក​ជាង​មួយ​ពាន់​ក្បាល​ឈឺ​ងាប់​ជា​បន្តបន្ទាប់​។​ក្នុង​នោះបាន​កម្ទេចចោល​ជ្រូក​ដែលមាន​ជំងឺ​នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​សោម​ធំ​ស្រុក​អូរ​យ៉ា​ដាវ​។​

​លោក​សយ​សូ​ណា​និយាយ​ឲ្យ​ដឹង​ទៀតថា​ជ្រូក​ដែល​កើត​ជំងឺប៉េស្ត​អាហ្វ្រិក​ជា​ជ្រូក​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​លែង​តាម​ផ្ទះ​និង​ក្នុងព្រៃ​។ ពេលនេះ​ជំងឺ​ជ្រូក​បាន​ស្ងប់ស្ងាត់​តែ​ការដឹកជញ្ជូន​ជ្រូក​ចេញពី​ខេត្ត​រតន គី​រី​នៅតែ​ត្រូវបាន​ហាមឃាត់​ដោយ​ត្រូវ​រង់ចាំ​រហូត​ពិនិត្យឃើញថា​លែងមាន​ជំងឺ​នេះ​កើតឡើង​ទើប​អនុញ្ញាត​ឲ្យ​ធ្វើ ចរាចរ​ធម្មតា​វិញ​។​

​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​កន្លង​ទៅបាន​ប្រាប់​ឲ្យ​អាជ្ញាធរខេត្ត​រតនគីរី ចាត់វិធានការ​ទប់ស្កាត់​ចលនា​ជ្រូក និង ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ជ្រូក​ចេញ ពី
​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​នៃ​ជំងឺ​នេះ​ទៅដល់​តំបន់​ដទៃទៀត​៕S/

​រូបភាព​៖​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​អំពី​ជំងឺ​ជ្រូក​ដល់​ប្រជាជន​នៅ​តំបន់​ផ្ទុះ​ជំងឺ​នេះ​ជ្រូក​ងាប់​ដោយ​ជំងឺប៉េស្ត​ត្រូវបាន​ដុតចោល​

#