ជំងឺផ្តាសាយបក្សី H5N1 រាលដាល​ដល់​ខេត្តកំពង់ធំ​ហើយ សូម​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​

587

(​ភ្នំពេញ​) ៖ បន្ទាប់ពី​វាយលុក​នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នា​ខេត្តកំពង់ចាម​កន្លងទៅ​នោះ ពេលនេះ​ជំងឺផ្ដាសាយបក្សី H5N1 បាន​ផ្ទុះ​រាលដាល ដល់​ស្រុក​ស្ទោង នៅ​ខេត្តកំពង់ធំ​ថែមទៀត ប៉ុន្តែ​ករណី​ថ្មី​នេះ អ្នកជំនាញ​ពុំទាន់​រកឃើញថា​មានការ​ឆ្លង​ទៅលើ​មនុស្ស​​នៅឡើយ​ទេ​។ នេះ​បើតាម​ការប្រកាស របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល នៅលើ​បណ្តាញ​សង្គម Facebook នៅ​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។​
​ ​
​ក្រសួងសុខាភិបាល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “​ថ្មីៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1​កើត​លើស​ត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ករណី​ផ្ទុះ​ទាំងបី​នេះ​ពុំទាន់​រកឃើញ​មានការ​ឆ្លង​មកលើ​​មនុស្ស​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ ក្រសួងសុខាភិបាល​កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខភាព​​មនុស្ស​”​។​
​ ​
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការចម្លង​ជំងឺ​នេះ ជាពិសេស​ក្នុង​ពិធី​​បុណ្យ​ផ្សេង ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រសួង​បញ្ជាក់ថា ៖ “​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ជានិច្ច​អំពី​ការចំលង​ជំងឺ​ផ្តាសាយ​​បក្សី​។ សំខាន់​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវអនុវត្ត​អនាម័យ​ក្នុងការ បោចរោម និង ចំអិន​ជាប់​ជានិច្ច និង​រាយការណ៍ ជាបន្ទាន់​ទៅ​មន្ត្រី​ជំនាញ​”៕​ដោយ​៖​វិបុល​/sn