ជំងឺ​កូ​វីដ​១៩ គឺជា “​ការសាកល្បង​ដ៏​ធំ​សម្បើម​នៃ​ភាពជា​អ្នកដឹកនាំ​” ដែល​ទាមទារ​ឲ្យ​មាន​សកម្មភាព សម្របសម្រួល​គ្នា​

385
ចែករម្លែក

​ដោយៈ​លោកស្រី មី​ស្យែ​ល បា​ស្យេ​ឡេ​ត ឧ​ត្ត​ម​ស្នងការ អ​.​ស ប ទទួលបន្ទុក​សិទ្ធិមនុស្ស (​ថ្ងៃទី​៩​មេសា​)

​ជាការ​ពិតណាស់​នេះ​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ នៅ​ខណៈដែល​គ្មាន​នរណាម្នាក់​នៃ​យើងទាំងអស់គ្នា អាច​បំភ្លេច​បានឡើយ​។ ជំងឺ​រាតត្បាត​កូ​វីដ​១៩ (COVID-19) កំពុង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​និង​បង្ក​ការ ខូចខាត​នៅ​គ្រប់​តំបន់​។ ជំងឺ​នេះ​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​សិទ្ធិមនុស្ស​។​ដូចដែល​អគ្គលេខា ធិ​ការ អ​.​ស​.​ប លោក អង់​តូ​នី​ញូ ហ្គុ​យ​តេ​រេស បាន​ក្រើន​រំលឹកថា​វា​គំរាមកំហែង​មិន​ត្រឹមតែ​ដល់​ការ អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង “​បាន​បង្កើន អស្ថិរភាព បាន​បង្កើន​ភាពវឹកវ​រ និង​បង្កើន​ជម្លោះ​” ទៀតផង​។​

​យើង​មិនដឹងថា តើ​វីរុស​នេះ អាច​វិ​វ​ឌ្ឍ​យ៉ាងដូចម្តេច ឬថា​តើ​អ្នក​ដែល​រង​ផលប៉ះពាល់​នឹងមាន ភាពស៊ាំ​ជា​រៀងរហូត ឬ​យ៉ាងណាទេ​។ យើង​មិនមាន​ទិន្នន័យ​ពេញលេញ​អំពី​អ្នក​ដែល​បាន​ឆ្លង មេរោគ និង​វិ​វ​ឌ្ឍ​រោគសញ្ញា​ធ្ងន់ធ្ងរ​បំផុត – ឬថា តើ​មាន​ទំនាក់ទំនង​ជាមួយ​កត្តា​រួម​ផ្សុំ​ដូចជា​ការ បំពុល​ជាដើម​។ យើង​ដឹងថា វិធានការ​ចាំបាច់​ត្រូវតែមាន ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​សង្គម ដើម្បី​ធានាបាន​នូវ​ការគាំទ្រ​ដ៏​រឹងមាំ​បំផុត​ដែល​អាចធ្វើ​ទៅបាន​ចំពោះ​អ្នក​ដែល​ទទួលរង​ផល ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​នេះ​។ យើង​ដឹងថា​យើង​មិនអាច​ទុក​នរណាម្នាក់​ចោល​នៅក្នុង​កិច្ចខិតខំ ប្រឹងប្រែង​នេះ​បានឡើយ​។​

​យើង​ដឹងថា ការបិទ​ប្រទេស មិនអាច​បន្ត​មាន​ជា​រៀងរហូត​បាន​នោះទេ​។ យុទ្ធសាស្ត្រ​ចាកចេញ ត្រូវតែ​បាន​បង្កើតឡើង​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​ធានាថា សង្គម និង​ប្រជាជន​របស់​យើង​វិល ត្រឡប់​មករក​ស្ថានភាព​ដូចដើម​វិញ​។​

​ថ្ងៃនេះ​យើង​បានមក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​ក្រុមប្រឹក្សា​(​ក្រុមប្រឹក្សា​សិទ្ធិ​មន្ត្រី​មនុស្ស​អ​.​ស​.​ប​) បើទោះបីជា​រូប​កាយ​យើង​អាច​នៅ​ឆ្ងាយ​ពីគ្នា​ក្តី​។ ខ្ញុំ​សង្ឃឹមថា ទង្វើ​នេះ រួមចំណែក​ដល់ ការបង្កើន​កិច្ចសហការ​ជាស​កល​ថែមទៀត​ផ្អែកលើ​អភិក្រម​សិ​ទិ្ធ​មនុស្ស​ចំពោះ​វិបត្ដិ​នេះ​។​

​រដ្ឋ​ទាំងអស់ កំពុង​ជួប​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​។ រដ្ឋ​ជាច្រើន បាននិងកំពុង​បង្ហាញ​ការប្តេជ្ញាចិត្ត របស់ខ្លួន ក្នុងការ​ការពារ​សិទ្ធិមនុស្ស តាមរយៈ​ជំងឺ​រាតត្បាត​នេះ​។ រដ្ឋ​ផ្សេងទៀត​គួរ​ត្រូវបាន​ជំរុញ លើកទឹកចិត្ត​ឲ្យ​ធ្វើ​ដូចនេះ ដើម្បី​ធ្វើ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ដោះស្រាយ​បញ្ហា​ជំងឺ កូ​វីដ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត សម្រាប់​មនុស្ស​គ្រប់រូប – ទាំង​នៅក្នុង​ប្រទេស​របស់ខ្លួន ក៏ដូចជា​ទាំង​នៅ​ទូទាំង​ពិភពលោក​។​

​នេះ​ជា​រឿង​ធម្មតា និង​ជាការ​ចាំបាច់ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់ជាតិ ក្នុងការ​ចាត់ជា អាទិភាព​ដ៏​រឹងមាំ​នៅ​ចំពោះ​វិបត្តិ​ណាមួយ​។ ប៉ុន្តែ​នេះ​ជា​បញ្ហា​ជំងឺ​រាតត្បាត​ជា​សាកល​ហើយ​មានតែ សាមគ្គី​ភាពជា​សាកល​ទេ ដែល​នឹង​ធានាថា​យើង​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​ប្រកបដោយ ប្រសិទ្ធភាព​។ វិបត្តិ​នេះ បញ្ជាក់​ច្បាស់​អំពី​វិសាលភាព​កម្រិតណា​ដែល​យើង​ត្រូវការ​សកម្មភាព អន្តរជាតិ​ជា​សមូហភាព ហើយ​បង្ហាញ​ពី​គុណ​តម្លៃ​របស់​អង្គការ​ពហុភាគី​របស់​យើង​។ អង្គការ សហប្រជាជាតិ ត្រូវបាន​បង្កើតឡើង ដើម្បី​ការពារ កាត់បន្ថយ​និង​ដោះស្រាយ​កាន់តែ​មាន​ប្រសិទ្ធ ភាព​ថែមទៀត​នូវ​វិបត្តិ​អន្តរជាតិ​។ ខ្ញុំ​សូម​ស្នើ​ឲ្យ​យើងទាំងអស់គ្នា​ធ្វើការ​រួបរួមគ្នា​ដើម្បី​លើកកម្ពស់ វិធីសាស្ត្រ​ដ៏​រឹងមាំ សហប្រតិបត្តិការ​ពហុ​ភាគី​និង​មាន​លក្ខណៈ​ជា​សាកល​។​

​ជាបឋម ខ្ញុំ​សូម​លើកយក​បញ្ហា​បន្ទាន់​មួយចំនួន ទាក់ទង​នឹង​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គម​ជំងឺ​រាតត្បាត កំពុងតែ​បង្ហាញ​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​វិសមភាព នៅក្នុង​សង្គម​ទាំងអស់​។​

​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ មាន​កំហុសឆ្គង​មួយចំនួន ក្នុងការ​ទទួលបាន​សេវា​គាំពារ​សុខភាព នៅក្នុង​វិស័យ​សិទ្ធិ​ការងារ និង​ការការពារ​សង្គម ក្នុង​លំហ​ការរស់នៅ និង​ក្នុង​ផ្នែក​សេចក្តីថ្លៃថ្នូរ ដែល​អាច​មើលឃើញ​ភ្លាមៗ​។​

​ចំណែកឯ​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ប្រជាជន​ភាគច្រើន​ពឹងផ្អែក​លើ​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដើម្បី​រស់ ផលប៉ះពាល់​អាច​នឹងមាន​ច្រើនជាង​នេះ​។ ប្រជាជន​រាប់លាន​នាក់​ដែលមាន​លទ្ធភាព តិចតួច​ក្នុងការ​ទទួលបាន​សេវា​គាំពារ​សុខភាព​ហើយ​ដែល ដោយ​ភាពចាំបាច់​រស់នៅក្នុង​ស្ថានភាព ចង្អៀត មិនមាន អនាម័យ​ល្អ ហើយ​គ្មាន​បណ្តាញ​សុវត្ថិភាព គ្មាន​ទឹកស្អាត និង​ទទួលរង​ផល​ប៉ះ ពាល់​ច្រើនជាងគេ​បំផុត​។ ពួកគេ​ទំនងជា​មិនអាច​ការពារ​ខ្លួន​ពី​វីរុស​បានទេ ហើយក៏​ទំនងជា​មិន អាច​ទប់​ទល់នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​យ៉ាងខ្លាំង​បានដែរ​។​

​ដោយ​មិនបាន​ត្រួតពិនិត្យ ជំងឺ​រាតត្បាត​ទំនងជា​នឹង​បង្កើត​វិសមភាព​កាន់តែ​ទូលំទូលាយ​ថែមទៀត នៅ​ចំពេល​ដែលមាន​ការឈឺចាប់​មិនអាច​គណនា​បាន​នេះ​។​

​សកល​ភាព​នៃ​ការគំរាមកំហែង​ពី​វីរុស​នេះ ផ្តល់នូវ​អំណះអំណាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​ដែល​មិន ធ្លាប់មាន​សម្រាប់​ការទទួលបាន​កិច្ច​គាំពារ​សុខភាព​ជា​សាកល និង​មានតម្លៃ​សមរម្យ​។ សកម្មភាព លើកកម្ពស់​កិច្ច​គាំពារ​សុខភាព​សាធារណៈ នៅ​ប្រទេស​នីមួយៗ គឺមាន​ភាព​បន្ទាន់​បំផុត​។ អង្គការ សុខភាព​ពិភពលោក កំពុងតែ​ដឹកនាំ​កិច្ចខិតខំ​ប្រឹង ប្រែង ដើម្បី​ធានាថា ប្រទេស​ទាំងអស់​ត្រូវបាន បំពាក់​គ្រឿង​ឧបករណ៍ ដើម្បី​តាមដាន ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19)​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ គួរតែ​ត្រូវ​បានផ្តល់​ឲ្យ​បាន​ពេញលេញ​។ ការ​នេះ​ចាំបាច់ ត្រូវតែមាន​ការខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់​នានា និង​នៅលើ​ពិភពលោក​ដើម្បី​ជៀសវាង​ការដួលរលំ នៃ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​របស់​ប្រទេស​ណាមួយ​ដែលជា​បញ្ហា​ត្រូវតែ​យកចិត្តទុកដាក់​ជាបន្ទាន់​សម្រាប់ មនុស្ស​គ្រប់រូប​។​

​វិធានការ​ទូលំទូលាយ​ខាង​សេដ្ឋកិច្ច និង​សង្គម ត្រូវ​ចាត់​ផងដែរ នៅក្នុង​ប្រទេស​នីមួយៗ ដើម្បី​កាត់ បន្ថយ​សន្ទុះ​នៃ​ការរីក​រាលដាល​នេះ និង​កាត់បន្ថយ​ការរីកលូតលាស់​បន្ថែម​ទៀត​នៃ​វិសមភាព​។ ផលប៉ះពាល់​ទាំងស្រុង​នៃ​ជំងឺ​រាតត្បាត​ទៅលើ​សេដ្ឋកិច្ច​សាកល និង​សេដ្ឋកិច្ចជាតិ​នៅ​មិនទាន់​ដឹង នៅឡើយ​ទេ​។ រដ្ឋ​ជាច្រើន​នៅ​គ្រប់​តំបន់ ជាពិសេស​នៅ​អឺរ៉ុប​បាន​ចាត់វិធានការ​ដែល​មិន​ធ្លាប់មាន ពីមុនមក ដើម្បី​ការពារ​សិទ្ធិ​កម្មករ និង​កាត់បន្ថយ​ចំនួន​អ្នក​ដែល​អត់​ការងារ​ធ្វើ​។ រដ្ឋ​ទាំងអស់​ដែល មាន​ធនធាន​គ្រប់គ្រាន់ គួរ​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ដូចគ្នា​ផងដែរ​។​

​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន មាន​សមត្ថភាព​តិចតួច​ក្នុងការ​ស្រូបយក និង​កាត់ បន្ថយ​ផល​ប៉ះ ពាល់​នៃ​ជំងឺ​រាតត្បាត​ទៅលើ​សេដ្ឋកិច្ច និង​សង្គម​។ ពួកគេ អាច​ងាយ​រងគ្រោះ​បំផុត​ផងដែរ​ពី​វិបត្តិ សេដ្ឋកិច្ចពិភពលោក តាមរយៈ​ការកំណត់​តម្លៃ​ទំនិញ និង​ការធ្លាក់ចុះ​នៃ​ការវិនិយោគ​បរទេស និង​ការផ្ទេរ​ប្រាក់ ក្នុងចំណោម​កត្តា​ផ្សេងទៀត​។ លោក​អគ្គលេខាធិការ​បា​ន​អំពាវនាវ​ឲ្យ​មាន​វិធាន ការ​មួយចំនួន រួមទាំង – ប៉ុន្តែ​មិនមាន​កំណត់ – ការកាត់បន្ថយ​បំណុល​ពង្រីក​លទ្ធភាព​ទ​ទួលបាន មូលនិធិ​តាមរយៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ការចូលរួម​វិភាគទាន​ដល់​មូលនិធិ មនុស្សធម៌​ពិភពលោក​។​

​យើង​ក៏​ប្រហែលជា​ត្រូវ​ស្វែងរក​យន្តការ​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​ផ្តល់​មូលនិធិ​ដល់​សាមគ្គី ភាព​សាកល​។ កាលពី​សប្តាហ៍​មុន ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក បាន​បង្កើន​ចំណង​សង្គម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​៖ មូល និ​ធិ​បី​ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​អាហ្វ្រិក​ក្នុងការ​ពង្រីក​លទ្ធភាព ទទួលបាន​សុខភាព និង​សេវាកម្ម ព្រមទាំង​ទំនិញ​ចាំបាច់​ដទៃទៀត​។ នេះ​ជាការ​ពិត​ដែល​យើង​ត្រូវ ការ​ប្រភេទ​នៃ​ការគិត​ប្រកប ដោយ​ន​វា​នុ​វត្ដ​ន៍​។​

​ខ្ញុំ​សូម​គូសបញ្ជាក់​ផងដែរ ពី​ភាពចាំបាច់​ក្នុង​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​នៅក្នុង​អំឡុង ពេល​មាន​វិបត្តិ​នេះ​។​

​រដ្ឋាភិបាល​ជាច្រើន កំពុង​ប្រឈម​នឹង​ការសម្រេចចិត្ត​ដ៏​លំបាក​។ វិធានការ​បន្ទាន់​អាច​នឹង​ត្រូវការ ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពអាសន្ន​ខាង​សុខភាព​សាធារណៈ​។​ប៉ុន្តែ ស្ថានភាព​បន្ទាន់​នេះ​មិនមែន គ្មាន​ការត្រួតពិនិត្យ មិន​គិតគូរ​ពី​កាតព្វកិច្ច​សិទ្ធិមនុស្ស​នោះឡើយ​។​

​វិធានការ​បន្ទាន់ គួរតែ​ចាំបាច់ និង​សមាមាត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នោះ​។ ប្រជាជន គួរ​ត្រូវបាន​ជូនដំណឹង​ឲ្យ​បាន​ពេញលេញ​អំពី​វិធានការ​បន្ទាន់​និង​បាន​ប្រាប់​ពី​រយៈពេល​ប៉ុន្មាន ដែល​វិធានការ​ទាំងនោះ​នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​។ ការអនុវត្ត​វិធានការ​បន្ទាន់​ចាំបាច់​ត្រូវអនុវត្ត ដោយ​ស្មើភាព​គ្នា និង​ប្រកបដោយ​មនុស្សធម៌​។ ការពិន័យ​ណាមួយ​គួរតែមាន​លក្ខណៈ​សមាមាត្រ ទៅនឹង​បទល្មើស​ដែល​បាន​ប្រព្រឹត្ត និង​ដែល​មានចែង​ក្នុង​ច្បាប់​។​

​ខ្ញុំ​មាន​កង្វល់​ជាខ្លាំង​ចំពោះ​បណ្តា​ប្រទេស​មួយចំនួន ដែល​បានអនុម័ត​អំណាច​បន្ទាន់ ដែល​គ្មាន ដែន​កំណត់ និង​មិន​ដាក់​ឲ្យ​ស្ថិតក្នុង​ការពិនិត្យ​ឡើងវិញ​។ ក្នុងករណី​មួយចំនួន​ជំងឺ​រាតត្បាត​កំពុង ត្រូវបាន​គេ​ប្រើ​ធ្វើជា​ហេតុផល​សម្រាប់​ការផ្លាស់ប្តូរ​បែប​ផ្តាច់កា​រលើ​ច្បាប់​ធម្មតា​ដែល​នឹង​នៅតែ មាន​អានុភាព​អនុវត្ត​ដ៏​យូរ បន្ទាប់ពី​ភាពអាសន្ន​បានបញ្ចប់​។​

​ខ្ញុំ​ក៏មាន​កង្វល់​ផងដែរ អំពី​វិធាន​មួយចំនួន​ដែល​ត្រូវបាន​អនុវត្ត ដើម្បី​ដាក់​ការ​រិត​ត្បិត​ទៅលើ សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ វិធាន​ការមិន​ច្បាស់លាស់​ដែល​ត្រូវបាន បង្កើតឡើង​ប្រយុទ្ធ​ប្រឆាំងនឹង​ការចោទប្រកាន់​ពី “​ការផ្សាយ​ព័ត៌មាន​មិន​ពិត​” អាច​ត្រូវបាន​អនុវត្ត ចំពោះ​ការរិះគន់​ណាមួយ ហើយ​នៅក្នុង​ប្រទេស​ខ្លះ យើង​បានឃើញ​របាយការណ៍​ពី​អ្នក សារព័ត៌មាន​មួយចំនួន ត្រូវបាន​គេ​ដាក់ទោស​ទណ្ឌ ព្រោះតែ​រាយការណ៍​អំពី​កង្វះ​ម៉ាស់​មុខ បុគ្គលិក​សុខាភិបាល ត្រូវបាន​ស្តីបន្ទោស ដោយសារតែ​ការនិយាយ​ថា​ពួកគេ​ខ្វះ​សម្ភារៈ​ការពារ ហើយ​ប្រជាជន​សាមញ្ញ ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​អំពី​ជំងឺ រាតត្បាត​នេះ​។ មតិ​រិះគន់ មិនមែនជា​បទល្មើស​នោះទេ​។​

​ខ្ញុំ​សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់ បង្កើន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន និង​ស្ថិតិ​ឲ្យ​បាន​ត្រឹមត្រូវ​។ តម្លាភាព គឺមាន​សារសំខាន់​បំផុត ហើយ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នៅក្នុង​វិបត្តិ​សុខភាព​។ ខ្ញុំ​ក៏​សូម​ជំរុញ​ឲ្យ​បញ្ឈប់​ការបិទ​សេវាកម្ម​អ៊ីនធឺណិត និង​ទូរគមនាគមន៍ ដែល​ត្រូវបាន​បិទ និង​ការ បដិសេធ​សេវា​កម្មនេះ​។​

​នៅពេលដែល​សមាជិក​នៃ​កងកម្លាំង​យោធា​បំពេញ​មុខងារ​អនុវត្ត​ច្បាប់ ពួកគេ​គួរតែ​ទទួលខុសត្រូវ ចំពោះ​អាជ្ញាធរ​ស៊ីវិល ហើយ​ពួកគេ នៅតែ​ស្ថិតនៅក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​ដដែល​។​

​អង្គការ​សុខភាព​ពិភពលោក ណែនាំ​យ៉ាង​មុតមាំ​ថា វិធានការ​សុខភាព និង​សង្គម ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) ត្រូវបាន​អនុវត្ត​ដោយមាន​ការចូលរួម​យ៉ាង​ពេញលេញ ពី​សាធារណជន ពីព្រោះ​ការគោរព​សិទ្ធិមនុស្ស រួមទាំង​សិទ្ធិ​ក្នុងការ​និយាយស្តី និង​ការចូលរួម ក្នុងការ​សម្រេចចិត្ត​ប្រកបដោយ​អត្ថន័យ គឺជា​មធ្យោបាយ​ដ៏​សំខាន់​នៃ​គោលនយោបាយ​សុខភាព ដ៏​ជោគជ័យ​។ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​តែមួយគត់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត គឺ​ការជឿទុកចិត្ត​ពី​សាធារណជន​។​

អ្វីដែល​ត្រូវធ្វើ​?
​ខ្ញុំ​ឃើញ​មាន​សកម្មភាព​ពីរ​យ៉ាង​។ ការឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ការ​រាលដាល​និង​ការរៀបចំ សម្រាប់​ពេល​ជាសះស្បើយ​ឡើងវិញ​។​

​ទាក់ទង​នឹង​ការឆ្លើយតប ខ្ញុំ​ចង់​ចែករំលែក​ជាមួយ​អ្នក​នូវ​ចំណុច​សកម្មភាព​មួយចំនួន​ដែល​ពាក់ព័ន្ធ ភ្លាមៗ ហើយនឹង​ជួយ​ក្នុងការ​បង្កើត​គោលនយោបាយ​មនុស្សធម៌ និង​មាន​ប្រសិទ្ធភាព​។​

១. រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ គួរតែ​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ទៅលើ​ស្ត្រី និង​ក្រុម​ងាយ​រងគ្រោះ​។​

​ស្ត្រី​ទំនងជា​មាន​ចំនួន​ច្រើនជាង​បុរស ដែល​ធ្វើការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ និង​ដែលមាន​ប្រាក់​ឈ្នួល ទាប ដោយ​គ្មាន​របប​ឈប់សម្រាក​ឈឺ​មាន​ប្រាក់​ឈ្នួល ការធានារ៉ាប់រង​សុខភាព ឬ​ការការពារ សង្គម​។ ស្ត្រី វ័យ​ចំណាស់ ទំនង​ជាមាន​ចំនួន​ច្រើនជាង​បុរស ដែល​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹមជីវិត ដោយ​មិនមាន​ប្រាក់​សោធន​និវត្តន៍​។ វិធានការ​បង្ខាំង​មនុស្ស​កំពុង​បង្កើត​បន្ទុក​បន្ថែម​សម្រាប់ ស្ត្រី​ជាច្រើន រួមមាន​បន្ទុក​ថែទាំ​អ្នកមាន​ជំងឺ មនុស្ស​ចាស់ជរា​ហើយ​កុមារ​ខកខាន​ការសិក្សា រៀនសូត្រ​។ ស្ត្រី និង​កុមារី កំពុង​ប្រឈម​នឹង​ហានិភ័យ​កើនឡើង​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ ដូចដែល​បានបង្ហាញ​ក្នុង​ស្ថិតិ​ថ្មីៗ​នេះ​ពី​ប្រទេស​បារាំង និង​អេ​ស្ប៉ា​ញ​។ សម្រាប់​គោលបំណង​នៃ ការសិក្សា​ពី​ចម្ងាយ ក្មេងស្រី​នៅ​ទូទាំង​ពិភពលោក​មានលទ្ធភាព​ប្រើប្រាស់​អ៊ិន​ធឺរ​ណែ​ត និង ទូរស័ព្ទ​ចល័ត តិចជាង​ក្មេងប្រុស​។ ផលប៉ះពាល់​ទាំងនេះ ប្រហែលជា​មិនអាច​មើលឃើញ​ភ្លាមៗ​ទេ ប៉ុន្តែ​វា​អាច​កំណត់​មូលហេតុ​នៃ​សមភាព​របស់​ស្ត្រី​។​

​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ និង​ក្រុម​ងាយ​រងគ្រោះ​ជាច្រើន ត្រូវការ​ការយកចិត្ត​ទុកដាក់​ខ្លាំង ថែមទៀត និង​វិធានការ​កាត់បន្ថយ​ហានិភ័យ នៅពេលនេះ​។ ក្រុម​ទាំងនេះ រាប់បញ្ចូល​ទាំង អ្នក​ទាំងឡាយ​ដែល​ស្ថិតក្នុង​កន្លែង​ឃុំឃាំង និង​នៅក្នុង​ស្ថាប័ន​ដទៃ​ផ្សេងទៀត – រួមទាំង​ស្ថាប័ន ផ្នែក​វិកល​ច​រិ​ក និង​មណ្ឌល​កុមារកំព្រា​- ជន​មាន​ពិការភាព ជនជាតិដើម​ភាគតិច និង​ជនជាតិ ភាគតិច ជន​ចំណាកស្រុក ជនភៀសខ្លួន និង​ប្រជាជន​ផ្លាស់​ទីលំនៅ ប្រជាជន​នៅក្នុង​តំបន់​ជម្លោះ ហើយ​ជាពិសេស មនុស្ស​ចាស់ ជាពិសេស​អ្នក​ដែល​រស់នៅ​តែម្នាក់ឯង ឬ​នៅតាម​ស្ថាប័ន​នានា​។​

​សេចក្តីណែនាំ​ជាក់លាក់​ចំពោះ​ក្រុម​ទាំងនេះ ភាគច្រើន​ត្រូវ​បានចេញ ឬ​បាននិងកំពុង​រៀបចំ​។​

​ជាពិសេស ខ្ញុំ​សូម​ទាញ​ចំណាប់អារម្មណ៍​អ្នក​អំពី​ការណែនាំ​របស់​យើង​ទាក់ទង​នឹង​មនុស្ស​ស្ថិតក្នុង មន្ទីរឃុំឃាំង ដែល​ចំនួន​របស់​ពួកគេ គួរតែ​ត្រូវបាន​កាត់បន្ថយ​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង ការរីក​រាលដាល​នៃ​មេរោគ​នៅក្នុង​កន្លែង​បិទ​ជិត និង​កន្លែង​ចង្អៀត​ណែន​។ ថ្មីៗ​នេះ ប្រទេស​អ៊ីរ៉ង់ បាន​ចាត់វិធានការ​ដោះលែង​(​យ៉ាងហោចណាស់​ជា​បណ្តោះអាសន្ន​)៤០​ភាគរយ​នៃ​ចំនួន​ជន ជាប់ឃុំ​ក្នុង​ពន្ធនាគារ​របស់ខ្លួន​។ ប្រទេស​ឥណ្ឌូនេស៊ី​ក៏​នឹង​ដោះលែង​ជនជាប់ចោទ​បទលហុ មួយចំនួន​ផងដែរ​។ ហើយ​ថា ប្រទេស​មួយចំនួន​ផ្សេងទៀត​ក៏​ធ្វើ​អញ្ចឹង​ដែរ​។ ខ្ញុំ​សូម​ជំរុញ​ឲ្យ​រដ្ឋ ទាំងអស់ ដោះលែង​ជន​ជាប់ឃុំ​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ រួមទាំង​អ្នក​ទាំងឡាយ​ដែល​ត្រូវគេ​ឃុំខ្លួន ដោយ​រំលោភ​លើ​កាតព្វកិច្ច​សិទ្ធិមនុស្ស​។ ខ្ញុំ​ក៏មាន​កង្វល់​ផងដែរ​ថា​ប្រទេស​មួយចំនួន​កំពុង​គិត ដល់​ការកាត់ទោស​ពន្ធនាគារ​ពីបទ​រំលោភ​លើ​បទបញ្ជា​ទាក់ទង​នឹង​ការដាក់​គម្លាត​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ខាង​រូប​កាយ​៖ ដែល​នេះ ទំនងជា​ធ្វើ​ឲ្យ​កាន់​តែមាន​ភាព​ធ្ងន់ធ្ងរ​បន្ថែម​ពីលើ​ជំងឺ​រាតត្បាត​។​

​ជន​មាន​ពិការភាព ជារឿយៗ ត្រូវ​ពឹង​ផ្អែកលើ​អ្នកដទៃ​ជួយ ដើម្បី​បំពេញភារកិច្ច​ប្រចាំថ្ងៃ​ហើយ បទបញ្ជា​បង្ខាំង គួរតែ​ធានា​ឲ្យ​ពួកគេ​អាច​ទទួលបាន​ការគាំទ្រ​បែបនេះ​។​

​ជន​ចំណាកស្រុក​ជាច្រើន មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង ដោយសារតែ​ស្ថានភាព​រស់នៅ​របស់​ពួកគេ និង​ការទទួលបាន​កិច្ច​គាំពារ​សុខភាព​មាន​កម្រិត​។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ប្រទេស​ព័រ​ទុយ ហ្កា​ល់ ដែល​បាន​ចាត់វិធានការ​កាល​ពីស​ប្តា​ហ៍​មុន ដើម្បី​ផ្តល់​ជា​បណ្តោះអាសន្ន​ដល់​ជន​ចំណាក ស្រុក​ទាំងអស់​នៅក្នុង​ប្រទេស​របស់ខ្លួន ឲ្យ​មាន​សិទ្ធិ​ពលរដ្ឋ​ពេញលេញ​ដើម្បី​ឲ្យ​ពួកគេ​ទទួល បាន​ប្រព័ន្ធ​គាំពារ​សុខភាព​ទាំងអស់​។​

២. វិធានការ​ទូលំទូលាយ ត្រូវបាន​ចាត់​ឡើង​នៅ​គ្រប់​ប្រទេស​ដើម្បី​ស្រូបយក​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​នៃ​ការ​រាតត្បាត​នេះ និង​ដើម្បី​កាត់បន្ថយ​ការពង្រីក​វិសមភាព​។​

​នៅ​គ្រប់ទិសទី ការ​រាតត្បាត ទំនងជា​ធ្វើ​ឲ្យ​មាន​វិ​សមាមាត្រ​ទៅលើ​ជនក្រីក្រ​។ ឧទាហរណ៍​ព័ត៌មាន ពី​អាជ្ញាធរ​តំបន់​កាតា​ឡាន នៅ​ប្រទេស​អេ​ស្ប៉ា​ញ បង្ហាញថា អ្នករស់នៅ​ជិតខាង​ដែល​ក្រីក្រ អាច​នឹង​ឆ្លង​ជំងឺ​នេះ ៦ ទៅ ៧ ដង ច្រើនជាង​មនុស្ស​នៅ​តំបន់​នេះ ដែលជា​អ្នកមាន​។​

​មាន​តម្រូវការ​ខ្ពស់​សម្រាប់​វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិសុខ​ប្រាក់ចំណូល​ការ ការពារ​មុខរបរ​ចិញ្ចឹមជីវិត និង​លទ្ធភាព​ទទួលបាន​នូវ​ទំនិញ និង​សេវាកម្ម​ចាំបាច់​សម្រាប់​សមាជិក ក្រីក្រ​បំផុត​នៃ​សង្គម​។ នេះ​ជា​ចាំបាច់​ណាស់ ក្នុងការ​ការពារ​មនុ​ស្ស​ពី​ការ​ក្លាយទៅជា​ជនអនាថា ដែលជា​លទ្ធផល​នៃ​ការបាត់បង់​ការងារ​។ ជំនួយ​ជា​សាច់ប្រាក់ គួរតែ​ត្រូវបាន​ពិចារណា​រួមជាមួយ នឹង​វិធានការ​នានា ដើម្បី​ធានាថា គ្រួសារ​ទាំងឡាយ អាច​ពន្យារពេល​ការជួល ឬ​ការទូទាត់​ប្រាក់កម្ចី និង​បញ្ឈប់​ការបណ្តេញចេញ​។ សម្រាប់​ជនអនាថា និង​អ្នក​ផ្សេងទៀត​ដែល​គ្មាន​ផ្ទះសម្បែង​សមរម្យ វិធានការ​នានា អាច​រាប់បញ្ចូល​ទាំង​ការជួល រយៈពេល​ខ្លី និង​កន្លែង​ស្នាក់នៅ​បន្ទាន់​។​

​ការិយាល័យ​ខ្ញុំ បច្ចុប្បន្នកំពុង​ចងក្រង​ការអនុវត្ត​ល្អ​ខាង​វិស័យសេដ្ឋកិច្ច និង​សង្គម ដែល​ត្រូវបាន អនុម័ត​ដោយ​ប្រទេស​នានា នៅក្នុង​តំបន់​ដែល​ភាគច្រើន​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ហើយ​យើង​នឹង នាំយក​ការអនុវត្ត​ល្អ​ទាំងនេះ ឲ្យ​អ្នក​ចាប់អារម្មណ៍​។ យើង​នឹង​ធ្វើការ​ផងដែរ​ដើម្បី​បញ្ចូល​សិទ្ធិ មនុស្ស​ទៅក្នុង​ការងារ​ទាំងអស់​នៃ​កម្មវិធី​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ​។​

៣. ការការពារ​បុគ្គលិក​សុខាភិបាល និង​ប្រាក់​ឈ្នួល​គ្រប់គ្រាន់ គួរតែ​ជា​ក្តីកង្វល់​ដ៏​ធំ​មួយ​។ ជាការ កត់សម្គាល់ ៧០ ភាគរយ​នៃ​បុគ្គលិក​សុខភាព​ពិភពលោក គឺជា​ស្ត្រី ដែល​ពួកគេ​ភាគច្រើន​អាច ប្រឈម​នឹង​បន្ទុក​បន្ថែម ដែល​ខ្ញុំ​បានកត់សម្គាល់​។​

៤. នៅពេលដែល​ការគំរាមកំហែង​នៅ​ចំពោះមុខ យើងទាំងអស់គ្នា មិនមាន​កន្លែង​សម្រាប់ ជាតិនិយម ឬ​ការស្តីបន្ទោស​គ្នា​ឡើយ – រួមទាំង​ជន​ចំណាកស្រុក និង​សហគមន៍​ជនជាតិភាគតិច​។ មានការ​វាយប្រហារ​លើ​រូប​កាយ និង​តាមរយៈ​ពាក្យសំដី កំពុងតែ​កើនឡើង​និង​ដែល​មិនអាច​ទទួល យកបាន លើ​ប្រជាជន​ដើមកំណើត​អាស៊ី​បូព៌ា និង​សមាជិក​ជនជាតិភាគតិច​ដទៃទៀត​ហើយ​គួរ តែមាន​ចំណាត់​វិធានការ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នេះ​។ ជាការ​ពិត ប្រជាជន​លោកខាងលិច ពេលខ្លះ​ត្រូវបាន​គេ​កំណត់​គោលដៅ​សម្រាប់​ការរំលោភបំពាន​រួមទាំង​នៅក្នុង​បេសកកម្ម​របស់ យើង​ផងដែរ​។​

៥. នៅ​គ្រប់​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ រួមទាំង​ការ​ជាសះស្បើយ​ឡើងវិញ គួរតែមាន​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ សកម្មជន​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ​។ អ្នក​ដែលមាន​ការចូលរួម​យូ​រ​អង្វែង​នៅក្នុង​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គម​សហគមន៍​ទីក្រុង និង​ក្រុម​ងាយ​រងគ្រោះ​ជាក់លាក់ ដូចជា​ជនជាតិដើម​ភាគតិច បាន ទទួល​មេរៀន​ដ៏​មានតម្លៃ​ជាច្រើន ដែល​អាច​ផ្តល់​ជា​ប្រយោជន៍​ដល់​អ្នកធ្វើ​គោលនយោបាយ ទាំងអស់ នាពេល​បច្ចុប្បន្ននេះ​។​

៦. រាល់​ឧបសគ្គ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេសមួយ​បង្កើន​ហានិភ័យ សម្រាប់​យើងទាំងអស់គ្នា​។ ទណ្ឌកម្ម​តាម​វិស័យ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កិច្ច​គាំពារ​សុខភាព និង​សិទ្ធិមនុស្ស​របស់​ជន​ងាយ​រងគ្រោះ គួរតែ​ត្រូវបាន​ដកចេញ ឬ​កែសម្រួល​ជាបន្ទាន់​ដោយមាន ការលើកលែង​ផ្នែក​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់ ចាំបាច់​។​

៧. ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បាននិងកំពុង​ធ្វើ ដើម្បី​ធានាថា ក្រុមប្រឹក្សា សិទ្ធិមនុស្ស អាចជួយ​ទាន់ពេលវេលា​ចំពោះ​កង្វល់​អំពី​សិទ្ធិមនុស្ស​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩(COVID-19)​។ ក្រោម​ការដឹកនាំ​របស់​លោកជំទាវ លោកជំទាវ​ប្រធាន ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កំពុង​បន្តការងារ​របស់ខ្លួន​។ បន្ថែម​លើ​ការរាយការណ៍​ក្រៅផ្លូវការ​នេះ ការប្រជុំ​តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និក ជា​បន្តបន្ទាប់​ជាមួយ​អ្នកពាក់ព័ន្ធ​នានា កំពុង​ត្រូវបាន​គ្រោងទុក ហើយ​ខ្ញុំ​យល់ថា មានការ ពិភាក្សា​ទាក់ទង​នឹង​សម័យប្រជុំ​ពិសេស ស្តីពី​ជំងឺ​កូ​វីដ​១៩(COVID-19)​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ ការវិភាគ​យ៉ាង​ឆាប់រហ័ស និង​ដែល​ពាក់ព័ន្ធ​របស់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​ជាច្រើន និង​ប្រធាន​ស្ថាប័ន​សន្ធិសញ្ញា​ផ្សេងៗ​។​

​នៅ​ទូទាំង​ដំណាក់កាល​ឆ្លើយតប និង​ដំណាក់កាល​ជាសះស្បើយ​ពី​ជំងឺ​រាតត្បាត​យើងទាំងអស់គ្នា ត្រូវតែ​បង្កើន និង​បង្ហាញ​សាមគ្គី​ភាពជា​សាកល​។ ក្នុង​បរិបទ​នេះ ខ្ញុំ​សូម​រំលឹក​ដល់​រដ្ឋ​ទាំងអស់ អំពី​កាត​ព្វ កិច្ច​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​អន្តរជាតិ ក្រោម​មាត្រា​២​នៃ​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​

​មុននឹង​បញ្ចប់ ខ្ញុំ​សូម​ធ្វើការ​កត់សម្គាល់​មួយចំនួន​អំពី​ការ​ងើប​ចេញពី​វិបត្តិ​នេះ​។​

​ដូចដែល​អគ្គលេខាធិកា​រ​បាន​គូសបញ្ជាក់ យើង​ត្រូវតែ​កសាងឡើង​វិញ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ គ្មាន​ប្រទេស​ណាមួយ ត្រូវបាន​គេ​រៀបចំ​សម្រាប់​ភាព​តក់ស្លុត​នេះ​ទេ ដែល​នៅក្នុង​រដ្ឋ​នីមួយៗ​កាន់ តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយសារ​វិសមភាព ជាពិសេស ក្នុងការ​ទទួលបាន​កិច្ច​គាំពារ​សុខភាព​ការការពារ សង្គម និង​សេវាកម្ម​សាធារណៈ​។​

​ការ​រាតត្បាត បានបញ្ជាក់​ពី​ភាពចាំបាច់ ក្នុងការ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ដើម្បី​ធានាថា ប្រជាជន​ទាំងអស់ រួមទាំង​ជន​ងាយ​រងគ្រោះ​បំផុត ទទួលបាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​។ យើង​ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ទ្វេ​រដង ដើម្បី​កសាង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​មាន​បរិ​យា បន្ន​បន្ថែមទៀត និង​បង្កើត​ឲ្យ​មាន​សង្គម​ដែលមាន​ភាព​ធន់ នៅ​ចំពោះមុខ​វិបត្ដិ​នេះ​។ របៀបវារៈ ឆ្នាំ​២០៣០ ត្រូវបាន​រៀបចំ​ផែនការ​ពេញលេញ និង​អនុម័ត​ជា​សាកល​៖ របៀបវារៈ​នេះ នៅតែ​ជា ឧបករណ៍​ដ៏​រឹងមាំ​បំផុត​របស់​យើង​។​

​គួរបញ្ជាក់​ផងដែរ​ថា ការការពារ​បរិស្ថាន ធានា​នូវ​ជីវៈចម្រុះ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុងការ ការពារ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស រួមទាំង​ពី​ជំងឺ​រាតត្បាត​។ ការ​រិច​រិល​បរិស្ថាន និង​ការបាត់បង់​ជីវចម្រុះ បង្កើត​លក្ខខណ្ឌ​សម្រាប់​ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ដែល បណ្តាល​ឲ្យ​មាន​ការរីក​រាលដាល​យ៉ាងខ្លាំង​ម្តង​ហើយ​ម្តងទៀត​។ មិន​ត្រឹមតែ​ជំងឺ​កូ​វីដ​១៩(COVID-19) ទេ – អ្នកនឹង​ចងចាំ​ជំងឺ SARS, MERS និង Ebola ក៏​ជា​ផល​កើតចេញពី​សត្វ ។​ដូច្នេះ​យើង​ត្រូវ ធានា​ឲ្យ​មាន​ការគោរព​បរិស្ថាន​។​

​យើង​មិន​ត្រឹមតែ​មិនអាច​វិលត្រឡប់​ទៅកាន់​កន្លែង​ដែល​យើង​ទើបបាន​ស្ថិតនៅ​កាលពី ពីរ បី​ខែ​មុន​ប៉ុណ្ណោះ​ទេ មុនពេល​កើតមាន​ជំងឺ​កូ​វីដ​១៩(COVID-19) ។​

​នេះ​គឺជា​ការសាកល្បង​ដ៏​ធំ​សម្បើម​នៃ​ភាពជា​អ្នកដឹកនាំ​។ វា​ទាមទារ​ឲ្យ​មាន​សកម្មភាព​ដាច់ខាត មានការ​សម្របសម្រួល និង​ប្រកបដោយ​ន​វា​នុ​វត្ដ​ន៍​ពី​អ្នក​ទាំងអស់គ្នា និង​សម្រាប់​គ្រប់គ្នា​។ បច្ចុប្បន្ននេះ យើង​ឃ្លាតឆ្ងាយ​ពីគ្នា​តែ​រូប​កាយ ប៉ុន្តែ​យើង​ត្រូវតែ​ឈរ​ជាមួយគ្នា​៕