ជំងឺ​គ្រុន​សម្លាប់​មនុស្ស​២១​នាក់​នៅ​តំបន់​ទេសចរណ៍​នៅ​រដ្ឋ​កេ​រ៉េ​ឡា​របស់​ឥណ្ឌា

1159
ចែករម្លែក

​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២១​នាក់ នៅ​រដ្ឋ​កេ​រ៉េ​ឡា ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​៣​សប្តាហ៍​។ មន្ត្រី​នេះ បាន​និយាយថា​មានការ​ខ្វះខាត​ថ្នាំពេទ្យ​និង​បុគ្គលិក​ពេទ្យ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​នៅ​តំបន់​ទេសចរណ៍​នៅ​រដ្ឋ​នេះ​។​

​ជំងឺ​គ្រុន ដែល​បង្កឡើង​ដោយ​មូស​ខាំ និង​អាច​វិ​វ​ឌ្ឍ​ទៅជា​ជំងឺគ្រុនឈាម​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ម​នុស្ស​ជាង​១១.០០០​នាក់​នៅ​រដ្ឋ​កេ​រ៉េ​ឡា​ចាប់តាំងពី​ខែឧសភា​មក​។​

​លោក សារី​តា នាយក​សេវាកម្ម​សុខភាព​នៅ​រដ្ឋ​នេះ បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែកក្កដា​ថា “​យើង​កំពុង​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​។ មានការ​ខ្វះខាត​ថ្នាំពេទ្យ​និង​ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​ក្នុងការ​ដោះស្រាយ​ស្ថានភាព​នេះ​”​។​

​លោក បាន​និយាយថា មនុស្ស​ជាង​៤០.០០០​នាក់ បាន​ទទួលរង​ជំងឺ​គ្រុនក្តៅ​នៅ​រដ្ឋ​នេះ ។​

​អង្គការ​សុខភាព​ពិភពលោក (World Health Organisation) បាន​និយាយថា ករណី​ជំងឺ​គ្រុន​បាន​កើនឡើង​៣០​ដង​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លងទៅនេះ ។ ជាង​១០០​លាន​ករណី​នៃ​ជំងឺ​គ្រុន​កើតឡើង​រាល់​ឆ្នាំ​នៅ​ប្រទេស​ជាង​១០០​ប្រទេស​៕ ដោយ ៖ សុខា

​មនុស្ស​ជាង​៤០.០០០​នាក់ បាន​ទទួលរង​ជំងឺ​គ្រុនក្តៅ​នៅ​រដ្ឋ​កេ​រ៉េ​ឡា ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​៣​សប្តាហ៍