ជំងឺ​ចាស់​រើ​ឡើងវិញ​, ក្រុមអាជីវករ​ផ្សារ​ដើម​ក្រឡាញ់​តវ៉ា​បិទផ្លូវ​រឿង​តូប​លក់ដូរ​

1500
ចែករម្លែក
ក្រុមអាជីវករ​ចងខ្សែ​បិតផ្លូវ​តវ៉ា និង​លោក​ឡា ចំរើន ពេល​ផ្តល់​បទសម្ភាសន៍ (​រូប​៖ អង្គរតូច​)​

ដោយៈ អង្គរតូច / សៀមរាបៈ ក្រុមអាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ប្រមាណ​ជា​៣០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​លើកគ្នា​ទៅ​ឈរ​តវ៉ា​បិទផ្លូវ ដោយ​យក​ខ្សែ​ចង​កាត់​ទទឹង​ថ្នល់ បំណង​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ថៅកែ​ផ្សារ រក​ដំណោះស្រាយ​អំពី​បញ្ហា​អត់​តូប​លក់ដូរ​។ តែ​ករណីនេះ ថៅកែ​ផ្សារ​ដើម​ក្រឡាញ់ បញ្ជាក់ថា មិនមែន​អត់​មាន​តូប​លក់ដូរ​ទេ គឺ​ពួកគាត់​ដណ្តើម​គ្នា សុំ​លក់​នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្សារ​។​

​ក្រុមអាជីវករ​ដែល​ឈរ​តវ៉ា​បិទផ្លូវ អមដោយ​ខ្សែ​ចង​កាត់​ទទឹង​ថ្នល់​ផង នៅ​ចំណុច​មុខ​ផ្សារ​ដើម​ក្រឡាញ់ បាន​និយាយថា ពួកគាត់​ទាំងអស់គ្នា​នេះ បាន​ទន្ទឹងរង់ចាំ ប្រមាណ​ជា​៤​ឆ្នាំ​មកហើយ សម្រាប់​ចូលខ្លួន​ទៅ​លក់ដូរ​លើ​តូប​ដែលមាន​ប៉ាតង់​រួចហើយនោះ​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ នៅតែ​មិនទាន់មាន​សិទ្ធិ​ចូលទៅ​លក់ដូរ​ទៀត មិនដឹងថា ពេលណា​ទើប​ថៅកែ​ផ្សារ អនុញាតិ​ឲ្យ​ពួកគាត់​ចូលទៅ​លក់ដូរ ចឹ​ង​ហើយ​ទើប​នៅ​ព្រឹក​ទី​១០​ខែឧសភា​នេះ សម្រេច​ចងខ្សែ​កាត់​ទទឹង​ថ្នល់​ដើម្បី​ធ្វើការ​តវ៉ា​។​

​លោក ឡា ចំរើន អាជីវករ​ផ្សារ​ដើម​ក្រលាញ់​ដែល​ឋិត​ក្នុងចំណោម​អ្នក​តវ៉ា បាន​និយាយថា ពួកគាត់​ជាច្រើន​រយ​តូប​ដែល​មិនទាន់បាន​ចូលទៅ​លក់ដូរ មូលហេតុ​ដោយ​ថៅកែ​ផ្សារ តម្រូវ​ឲ្យ​ឡើងទៅ​លក់​នៅ​ផ្នែក​ខាងលើ​នៃ​ផ្សារ​។ តែ​ដោយ​ពួកគាត់​មិនអាច​ទទួលយកបាន ក៏​បង្ខំចិត្ត​នាំគ្នា​លក់​លើ​ចិញ្ចើមផ្លូវ ត្រាំ​ទឹក​ត្រាំ​ភក់ជ្រាំ​។ ពេលនេះ ពួក​ខ្ញុំ​សុំ​ត្រឹមតែ​ឲ្យ​ថៅកែ​ផ្សារ ផ្តល់​តូប​សម្រាប់​លក់​ខាងក្រោម​វិញ​ប៉ុណ្ណោះ ព្រោះ​ពួក​ខ្ញុំ​ជា​អាជីវ​ករចាស់ មុនពេល​ភ្លើង​ឆេះ​ផ្សារ​នេះ​។​

​អាជីវករ​ខ្លះ បាន​លើកឡើងថា ប្រសិនបើ​ថៅកែ​ផ្សារ​មិន​ព្រម​ផ្តល់​តូប​ឲ្យ​លក់ដូរ​ទេ សុំ​មួយ​តូប​១​ម៉ឺន​ដុល្លារ​មកវិញ ឯ​អាជីវករ​ខ្លះទៀត​និយាយថា មិនអាច​ទទួលយក​ទេ​១​ម៉ឺន​ដុល្លារ​នោះ គឺ​សុំ​តែ​តូប​លក់ដូរ​ប៉ុណ្ណោះ​។ បើ​មិន​អ៊ីចឹង​ទេ ពួកគេ​បន្ត​បិទផ្លូវ​តវ៉ា ជា​រៀងរហូត​ដោយ​មិន​បញ្ឈប់​ឡើយ​។​

​សេចក្ដីរាយការណ៍​រប​ស់​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​ខាងលើនេះ មិនមាន​អាជ្ញាធរ​ក្រុង​ឬ​ខេត្ត ចុះទៅ​អន្តរាគមន៍​បញ្ឈប់​ឬ​ដាក់​លក្ខខណ្ឌ​ណាមួយ​ដែល​បង្ហាញថា ជា​ភ្លើង​ខៀវ សម្រាប់​បន្តដំណើរ​ដោះស្រាយ​នោះទេ​។ ផ្ទុយទៅវិញ​គេ​សង្កេត​ឃើញតែ​ក្រុម​ប្រជា​ការពារ​ភូមិ និង​ក្រុម​សមត្ថកិច្ច​មួយចំនួន​តូច ចុះទៅ​កាន់​ទីតាំង​កើតហេតុ ក្នុង​លក្ខណៈ​ការពារ​ខ្លាចក្រែង​កើតមាន​អំពើហិង្សា​តែប៉ុណ្ណោះ​។​

​ជុំវិញ​ការ​គំរាម​បិទផ្លូវ ដោយ​គ្មាន​ថ្ងៃ​បញ្ឈប់​នេះ អភិបាលក្រុង​សៀមរាប​លោក សូ ប្លា​តុង ពុំបាន​បកស្រាយ​ពន្យល់​ទេ ដោយ​ទូរស័ព្ទ​ហៅចូល​តែ​គ្មាន ការឆ្លើយតប​។​

​ចំណែក​លោក លី សំ​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា លោក​នៅ​មិនទាន់​ទទួលដំណឹង​នេះ​ទេ ដោយ​រូបលោក​កំពុង​ជាប់​ប្រជុំ​នៅ​ភ្នំពេញ​។ លោក​បន្តថា ទោះជា​បែបនេះ ក៏​មិន​អនុញ្ញាត​ឲ្យ​ឈរ​តវ៉ា​តាម​ការលើកឡើង​របស់​ពួកគាត់​នោះដែរ គឺ​ត្រូវតែមាន​ដំណោះស្រាយ​។​

​ចំណែក​លោក សុខ តុញ ថៅកែ​ផ្សារ​ដើ​ក្រឡាញ់ បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា “​រឿងនេះ​មិន​ពិត​ដូច​ពួកគាត់​និយាយថា គ្មាន​តូប​លក់ដូរ​នោះទេ​។ នៅពេលដែល​ផ្សារ​មួយ​នេះ​សាងសង់​រួច​ជា​ស្ថាពរ គណៈកម្មការ​បាន​ស្រង់​ឈ្មោះ​ពួកគាត់​ជា​ក្រុម​តាម​មុខរបរ ហើយ​ពិនិត្យ​មើលថា តើ​មុខរបរ​អ្វីខ្លះ​ដែល​ត្រូវ​លក់​នៅ​ផ្នែក​ខាងក្រោម និង​មុខរបរ​អ្វីដែល​ត្រូវ​លក់​ខាងលើ​។ អ៊ីចឹង​ទេ ក្រោយពេល​ស្រង់​ឈ្មោះ គឺ​បានរៀបចំ​ចាប់ឆ្នោត ដើម្បី​ជៀសវាង​ការដណ្តើម​គ្នា​លក់​ក្រោម​និង​លើ​។ ក្នុងពេលដែល​មានការ​រៀបចំ​ចាប់ឆ្នោត ពួកគាត់​មួយចំនួន​តូច​ដែល​តវ៉ា​បិទផ្លូវ​នេះ មិន​ព្រម​ចាប់ឆ្នោត​ទេ ហើយ​ទាមទារ​ចង់តែ​លក់​នៅ​ផ្នែក​ខាងក្រោម​”​។

​លោក​បន្តថា ផ្សារ​មួយ​នេះ​ចំនួន​តូប​ទាំង​លើ​ទាំង​ក្រោម មាន​រហូត​ជាង​១០០០ ហើយ​ក៏បាន​បែងចែក​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិនបើ​ពួក​កាត់​ម្នាក់ៗ​ទាមទារ​មក​លក់ នៅ​ផ្នែក​ខាងក្រោម​ទាំងអស់នោះ តើ​រូបលោក​ទៅរក​តូប​ឯណា​មក​ឲ្យ​ពួកគាត់​។ តាមពិត​រឿង​ដែល​មិនអាច​ចប់ គឺ​មានតែ​ពួកគាត់​មួយចំនួន​តូច​នេះ​តែប៉ុណ្ណោះ​។​

​យោងតាម​ការអះអាងរ​បស់​ថៅកែ​ផ្សារ ហើយ​ការតវ៉ា​ដដែលៗ​មិនចេះចប់​នេះ គេ​អាច​និយាយបានថា ជំងឺ​រ៉ាំ​រ៉ៃបាន​រើ​ឡើងវិញ ដោយសារ​មនុស្ស​ពីរ​នាក់ ដណ្តើម​ដេក​កណ្តាល​នោះទេ​។​

​សូម​បញ្ចា​ក់ថា ផ្សារ​ដើម​ក្រឡាញ់​ចាស់ ត្រូវ​អគ្គិ​ស​ភ័យ​ឆាបឆេះ​នៅវេលា​ម៉ោង​ប្រមាណ​ជា ១​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៣ រហូតដល់​វេលា​ម៉ោង​ប្រមាណ​ជា ៥​ទៀបភ្លឺ ទើប​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​បាន​ទាំងស្រុង​ទៅវិញ​។ លុះ​ពេល​សាងសង់​ផ្សារ​ថ្មី​ឡើងវិញ ក៏បង្ក​ការតវ៉ា​មិន​ឈប់ឈរ ដោយសារតែ​ការដណ្តើម​លក់​ក្រោម និង​លើ​របស់​ក្រុមអាជីវករ​៕