ជំងឺ​ដែល​បណ្ដាល​ឲ្យ​ជ្រូក​លូតលាស់​យឺត និង​ការព្យាបាល​

665

​ជម្ងឺ​សំខាន់ៗ​លើ​ជ្រូក​សាច់​: គ្រប់​ជម្ងឺ​ទាំងនេះ ធ្វើ​ឲ្យ​ការលូតលាស់​ថយចុះ​
– ជម្ងឺប៉េស្ត​
– ក្អក​
– ជម្ងឺរាក​
– អង្គែ​
– ព្រូន​
– ក្លន (​អែក​នី​)

​សភាព​ជ្រូក​ដែលមាន​ជម្ងឺ​កូនជ្រូក​អាយុ ១​ខែ បន្ទាប់ពី​ផ្ដាច់ដោះ​!

​ជម្ងឺប៉េស្ត​:
​ជម្ងឺ​នេះ​អាច​កើតមាន​ជា​សណ្ឋាន​:
– ស្រួចស្រាវ ជ្រូក​អាច​ងាប់​យ៉ាង​ឆាប់រហ័ស
– មិន​ធ្ងន់ធ្ងរ ឬ​មិន​ស្រួចស្រាវ ជា​ញឹកញាប់​ជ្រូក​មិន​ងាប់​ទេ ប៉ុន្តែ​វា​ខ្សោយ និង​លូតលាស់​យឺត​

​ជាទូទៅ​ជម្ងឺប៉េស្ត​មិន​ស្រួចស្រាវ​ច្រើន​បណ្ដាលមកពី​ការប្រើ​ចាក់​វ៉ាក់សាំង​មិនមាន​ប្រសិទ្ធិភាព ដូចជា​:
– វ៉ាក់សាំង​មានគុណ​ភាព​អន់​
– វ៉ាក់សាំង​មិនបាន​ថែរក្សា​ក្នុង​ធុង​ទឹកកក​ឲ្យ​បានល្អ​
– មិនបាន​អនុវត្តតាម​កម្មវិធី​

*​ដូចនេះ ត្រូវ​ចាក់​នៅ អាយុ ៣​អាទិត្យ ៧​អាទិត្យ និង ១១​អាទិត្យ​

​ជម្ងឺប៉េស្ត​សណ្ឋាន​មិន​ស្រួចស្រាវ​
​រោគសញ្ញា​

– រោគសញ្ញា​មួយ​ដែល​ឃើញ​ជាប្រចាំ​គឺ កំដៅ​ឡើង​ខ្ពស់ ៤០.៥-៤១.៥ អង្សា​សេ ហើយ​អង់​ទី​ប៊ី​យ៉ូ​ទិច មិនមាន​ប្រសិទ្ធិភាព​បញ្ចុះ​កំដៅ​
– មិន​ធ្វើ​ចលនា​
– ដើរ​ពាន់​ជើង​
– មាន​ជាំ​ឈាម​ក្រោម​ស្បែក
– ភ្នែក​ក្រហម​
– ស្នាម​អ៊ុចៗ​ក្រហម​នៅលើ​ដងខ្លួន​

​ការព្យាបាល​ជម្ងឺប៉េស្ត​
​យើង​អាច​ព្យាយាម​ជួយ​ឲ្យ​ជ្រូក​ជាសះស្បើយ​បាន​ដោយ​:
– បញ្ចុះ​កំដៅ​: ប្រើ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល តុល​ហ្វេ​ឌី​ន​…
– ការពារ​ជម្ងឺឆ្លង​ផ្សេងៗ​ទៀត​: ចាក់​អង់​រ៉ូ​ហ្ល​ក់​សា​ស៊ីន​ហ្ល័​រ​ហ្វេ​នី​កុល​…
– ជួយ​កំលាំង​ឲ្យ​វា​ឆាប់​ជាសះស្បើយ​ដោយ​ប្រើ​វីតាមីន​: កា​រ៉ាស៊ី​ល ប៊ី​យោ​ឌី​ល​…

តើ​ការព្យាបាល​កូនជ្រូក​ដែល​ឈឺ​ជម្ងឺប៉េស្ត មាន​ប្រយោជន៍​ដែរ ឬទេ​?

​ប៉ុន្តែ​
– វា គឺជា​វីរុស​ដូចនេះ​ការព្យាបាល​មិនសូវមាន​ប្រសិទ្ធិភាព​ទេ​
– ជ្រូក​មិន​ងាប់​ទេ តែ​វា​លូតលាស់​យឺត និង​ស្គម​
– ស្បែក និង​សាច់ដុំ​មាន​សភាព​ជ្រីវជ្រួញ​

​ជម្ងឺ​ក្អក​:
​ជម្ងឺ​ក្អក គឺជា​ជម្ងឺ​មួយ​ដ៏​សំខាន់ ដែល​តែងតែ​ធ្វើ​ឲ្យ​កសិករ ខាតបង់​លុយកាក់ ដូចជា​:
– ចំណាយលុយ​ទិញ​ថ្នាំ​
– ជួនកាល​ជ្រូក​អាច​ងាប់​ភ្លាមៗ ប្រសិនបើ​ការព្យាបាល​មិន​ត្រឹមត្រូវ​
– ឬ ជម្ងឺ​ក្អក​អាច​ក្លាយទៅជា​សភាព​រ៉ាំ​រៃ ដោយ​ធ្វើ​ឲ្យ​ជ្រូក​លូតលាស់​យឺត​: កំណើន​ទំងន់​ប្រចាំថ្ងៃ​ថយចុះ (១០០​ក្រាម​ក្នុង​មួយថ្ងៃ​) ។​

​នៅពេល​ជ្រូក​ក្អក យើង​ត្រូវ​ប្រញាប់​ទៅរក​ថ្នាំ​មក​ព្យាបាល​ជាបន្ទាន់​!

​មូលហេតុ​នៃ​ជម្ងឺ​ក្អក​
​មេរោគ

– មូលហេតុ​សំខាន់ គឺ​បណ្ដាលមកពី​មី​កូ​ប្លា​ស្មា ។ មេរោគ​នេះ បំផ្លាញ​ប្រព័ន្ធ​ការពារ​របស់​សួត​
– មី​កូ​ប្លា​ស្មា​មាននៅ​គ្រប់​ទីកន្លែង និង​ឆ្លង​យ៉ាង​ឆាប់រហ័ស​
– ក្រោយពេល​មី​កូ​ប្លា​ស្មា​មាន​សកម្មភាព សួត​ក៏​ចុះខ្សោយ​យ៉ាង​ឆាប់ ហើ​មេរោគ ប៉ា​ស្ទឺ​រេ​ឡា អាច​វាយលុក​បន្ត ។​

​សីតុណ្ហភាព​
– ការប្រែប្រួល​ឆាប់រហ័ស រវាង​កំដៅ​ខ្លាំង​នៅពេល​ថ្ងៃ និង​កំដៅ​ចុះ​ទាប​នៅពេល​យប់ ជួយ​ជំរុញ​ឲ្យ​មេរោគ​រីកលូតលាស់​នៅក្នុង​សួត ។​

​ស្ត្រេ​ស គ្មាន​ម្លប់ ដំបូល​ប្រក់​ស័​ង្គ​សី ខ្យល់​ចូល​ខ្លាំង ធ្វើ​ឲ្យ​មាន​បញ្ហា​ជម្ងឺ​ផ្លូវដង្ហើម ។​

រោគសញ្ញា​នៃ​ជម្ងឺ​ក្អក​
– វា​ងាយស្រួល​ដឹង ប្រសិនបើ​ជ្រូក​មាន​បញ្ហា​ជំងឺ​ក្អក​!
– ពេលវេលា​ដែល​អង្កេត​មើល​បាន​ច្បាស់ គឺ​នៅពេល​ព្រលឹម​មុនពេល​ដាក់​ចំណី​
– សំខាន់​ត្រួតពិនិត្យ​សីតុណ្ហភាព​ដើម្បី​ដឹងថា​តើ វា​ធ្ងន់ធ្ងរ ឬ​អត់​
– សំខាន់​អង្កេត​មើលថា​ជ្រូក​ពិបាក​ដកដង្ហើម​ដែរ ឬ​អត់​
– បញ្ហា​ក្អក ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ សំរាប់​ជ្រូក​ទម្ងន់ ក្រោម ៤០ គ​.​ក្រ ។​

ក្នុងករណី​ធ្ងន់ធ្ងរ ជ្រូក​មាន​សំបោរ​ចេញពី​ច្រមុះ ។​

បញ្ហា​ក្អក​

​មី​កូ​ប្លា​ស្មា
​ប៉ា​ស្ទឺ​រេ​ឡា​

ការព្យាបាល​ជម្ងឺ​ក្អក​
– ការព្យាបាល​ដោយ​ប្រើ តេ​ត្រា​ស៊ី​គ្លី​ន ឬ​ហ្ល័​រ​ហ្វេ​នី​កុល ទី​ឡូ​ស៊ីន ឬ​ឡាំង​កូ​មី​ស៊ីន ឬ អង់​រ៉ូ​ហ្ល​ក់​សា​ស៊ីន​
– ឳ​សថ​នៅក្នុង​គ្រួសារ​បេ​តា​ឡាក់​តា​មីន​ទាំងអស់ (​ប៉េ​នី​ស៊ី​លីន អា​ម៉ុក​សា​លីន អំពី​ស៊ី​លីន​) មិនមាន​ប្រសិទ្ធិភាព​សំលាប់​មី​កូ​ប្លា​ស្មា​បានទេ​
– ការព្យាបាល​ត្រូវតែ​ធ្វើ​ភ្លាមៗ​ប្រសិនបើ​អ្នក​រង់ចាំ ២ ឬ​៣​ថ្ងៃ នោះ​បញ្ហា​លើ​សួត​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ជ្រូក​អាច​មិនជា​សះស្បើយ​ឡើយ ។​
– ថ្ងៃ​ដំបូង​នៃ​ព្យាបាល ប្រើ​អង់​ទី​ប៊ី​យ៉ូ​ទិច​កំរិត​ទ្វេដង ។​

ការការពារ​ជម្ងឺ​ក្អក​:
​មេរោគ​មី​កូ​ប្លា​ស្មា​មាននៅ​គ្រប់​ទីកន្លែង​
– កូនជ្រូក​នឹង​អាច​ឆ្លង​ជំងឺ​ក្នុងពេល​ផ្ដាច់ដោះ ព្រោះ​វា​លែង​ទទួល​អង់ទីគ័រ​ពី​មេ​រប​ស់វា​ទៀត ហើយ ដូចនេះ ត្រូវ​លាយ​អង់​ទី​ប៊ី​យ៉ូ​ទិច​ក្នុង​ចំណី​ឲ្យ​វា​ស៊ី​ចំនួន​១០​ថ្ងៃ​
– ជ្រូក​នឹង​ក្អក​នៅពេល​មាន​បញ្ហា​ស្ត្រេ​ស (​ការដឹកជញ្ជូន​សត្វ ឬ​ផ្លាស់ប្ដូរ​ទីកន្លែង គឺជា​បុព្វហេតុ មួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រេ​ស​) ។ ដូចនេះ ចំពោះ​ជ្រូក​ទើប​ទិញ ឬ​ផ្លាស់​ទៅ​ទ្រុង​ថ្មី ចាំបាច់​ត្រូវ​រលាយ អង់​ទី​ប៊ី​យ៉ូ​ទិច​ក្នុង​ចំណី​ឲ្យ​វា ចំនួន​ពី ៥-១០​ថ្ងៃ ។​

លាយ​អង់​ទី​ប៊ី​យ៉ូ​ទិច​ក្នុង​ចំណី​

ជម្ងឺរាគ​
​រាក​បណ្ដាលមកពី​បុព្វហេតុ ៣​យ៉ាង​គឺ​:
– បណ្ដាលមកពី ទឹក​កខ្វក់​
– បណ្ដាលមកពី ចំណី​មិនមាន​អនាម័យ​
– បណ្ដាលមកពី​មេរោគ​
– ជាទូទៅ​ជ្រូក​ដែល​រាគ នៅតែ​បន្ត​ស៊ី​ចំណី ប៉ុន្តែ​មិន​លូតលាស់ ។​

​គុណភាព​របស់​ទឹក​គឺ មាន​សារៈសំខាន់​សំរាប់​សុខភាព​

​រាគ​បណ្ដាលមកពី​ទឹក​:
– ទឹក​អណ្ដូង ឬ​ត្រពាំង ដែល​នៅ​ជិត​ទ្រុង​ជ្រូក គឺ​តែងតែមាន​លាមក​ជ្រូក​ហូរ ឬ​ជ្រាបចូល ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​នោះ​កខ្វក់ និង​មាន​មេរោគ អឺ​កូ​លី ស្ត្រិ​ប​តូ​កុក​កូ​ស ក្លូ​ស​ស្ត្រី​ដ្យូ​ម​…​។​

​រោគសញ្ញា​:
– ជ្រូក​រាគ​មាន​សុទ្ធតែ​ទឹក និង​មាន​ពណ៌​លឿង​

ការព្យាបាល:​
– ប្រើ ទ្រី​មេ​តូ​ព្រីម​ជាមួយ​ស៊ុ​ល​ហ្វា (TMP+Sul)

​រាគ​បណ្ដាលមកពី​ចំណី​
​វត្ថុធាតុដើម​ខ្លះ​មានគុណ​ភាព​អន់ ហើយ​បណ្ដាល​ឲ្យ​រាគ​ដូចជា​:
– ពោត​ដែលមាន ជាតិពុល​មី​កូ​តុកស៊ីន (​ជ្រូក​អាច​ក្អួត​)
– ការថែរក្សា​ទុក​ម្សៅ​ត្រី​មិន​បានល្អ​
– ចំណី​ដែល​មានតែ​កន្ទក់​សុទ្ធ ឬ​កន្ទក់​មានគុណ​ភាព​អន់​ដែលមាន​ក្បាល​អង្កាម​ច្រើន ធ្វើ​ឲ្យ​ជ្រូក រាគ មាន​សភា​ពភក់ៗ​ពណ៌​ត្នោត​ស្រាល ។​

​ជ្រូក​មិន​ឈឺធ្ងន់ធ្ងរ​ទេ តែ​ស្រក​ទម្ងន់ ។​
​ការព្យាបាល​: ផ្លាស់ប្ដូរ​ចំណី​

រាគ​បណ្ដាលមកពី​មេរោគ​
– មីក្រុប​ឈ្មោះ​លា​សូ​នីញ៉ា​
– រាគ​មាន​សុទ្ធតែ​ទឹក និង​មាន​ពណ៌​ប្រផេះ​
– រាគ​អាចម៍មាន​ឈាម ដែល​ចាំបាច់​ត្រូវតែ​ព្យាបាល​ជាបន្ទាន់​
– ព្យាបាល​: ប្រើ​ទី​ឡូ​ស៊ីន រយៈពេល​ពី ៣-៥​ថ្ងៃ ។​

*​ទី​ឡូ​បូក (Tilo+), ទី​ប៊ី​យង់ (Tylbian),…

ជម្ងឺ​អង្គែ​:
​វា​បង្កឡើង​ដោយ​បរាសិត​នៅលើ​ស្បែក​។​
​រោគសញ្ញា​រួមមាន​:
– ជ្រូក​ត្រដុស និង​បក់​ត្រចៀក​
– ស្បែក​មាន​ពណ៌​ក្រហម និង​មាន​ជា​ចំណុច​តូចៗ​នៅលើ​ខ្នង និង​ស្មា​
– រូបរាង​ដងខ្លួន​មិនល្អ​
– ព្យាបាល​: ចាក់​អ៊ី​វែ​ម៉ិច​ទីន ២​ដង នៅក្នុង​អំឡុង​ចន្លោះពេល ២​អាទិត្យ​
– វា​មិនមែនជា​ជម្ងឺ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ការដែល​ត្រដុស​ធ្វើ​ឲ្យ​ជ្រូក​នៅ​មិន​សុខ និង​លូតលាស់​យឺត ។​

ជម្ងឺ​ព្រូន​:
​អា​ស្កា​រី​ស មាននៅ​ក្នុង​ពោះវៀន និង​សួត ។​
– ប្រវែង​២៥០ ទៅ​៤០០ ម​.​ម​
– ព្រូន​ដែលមាន​ច្រើន​នៅក្នុង​ពោះវៀន បាន​ស្រូបយក​ជីវជាតិ​ចំណីអាហារ​របស់​ជ្រូក​
– កូន​ដង្កូវ​ធ្វើ​ចលនា​បំលាស់​ទី​ក្នុង​សួត​ទាំងមូល ដែលជា​ហេតុ​បណ្ដាល​ឲ្យ​ជ្រូក​ក្អក ។​

​ស្ត្រ​ង់​ជី​ឡុ​ស នៅក្នុង​ក្រពះ​អាច​បណ្ដាល​ឲ្យ​ជ្រូក​
– ក្អួត​
– ខ្វះ​ឈាម ឬ​ស្លេកស្លាំង ចុះ​ស្គម​

​បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​ទាំង​អត្រា​នៃ​ការលូតលាស់ និង​ប្រសិទ្ធិភាព​របស់​ចំណី ថយចុះ​រហូតដល់ ១០​ភាគរយ ។​

​ជម្ងឺ​ក្លន ឬ​អ៊ែ​កនី​
– ងាយស្រួល​អង្កេត ជ្រូក​ដែល​កើត​អ៊ែ​កនី ហើយ​ការលូតលាស់​យឺត​មាន​សភាព​យឺត​
– មិនមាន​ការព្យាបាល​ទេ ប៉ុន្តែ​អាច​ការពារ​បាន​:
. ក្រោយពេល​កើត​ភ្លាម ត្រូវធ្វើ​ការសំលាប់​មេរោគ​លើ​ទងផ្ចិត​ដោយ​ប្រើ​អ៊ីយ៉ូត​ឌី​ន​
. ចាក់ អា​ម៉ុក​សា​លីន​ដែលមាន​សកម្មភាព​យូរ (​ឡុង​កា​ម៉ុក​) ចាក់​នៅពេល​កូនជ្រូក​អាយុ​បាន ២៤​ម៉ោង ៕ ប្រភព​: អ៊ាង សុផល្លែត​