ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ធ្វើ​ឲ្យ​អ្នកជំងឺ​ថយ​អាយុ​ប៉ុន្មាន​?

988

​របាយការណ៍​មួយ​នៅ​ឆ្នាំ​២០១០ របស់​អង្គការ​ទឹកនោមផ្អែម​អាមេរិក​ខាងជើង ឲ្យ​ដឹងថា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ធ្វើ​ឲ្យ​អាយុ​មធ្យម​របស់​អ្នកជំងឺ​ថយចុះ​ប្រមាណ ១០ ឆ្នាំ រីឯ​អ្នក​ត្រូវបាន​វិនិច្ឆ័យ​ថា​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ នោះ​អាយុ​មធ្យម​គឺ​ថយចុះ​ច្រើន ជាង​២​ដង​ធៀប នឹង​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

​តាម​ការស្រាវជ្រាវ​មួយ​នៅ​កាណាដា កាលពី​ឆ្នាំ​២០១២, ស្ត្រី​អាយុ​ពី ៥៥ ឆ្នាំ ឡើង កើត​ជំងឺ​ទឹកនោមផ្អែម​បាន​ថយ​អាយុ​មធ្យម ៦ ឆ្នាំ ហើយ​ចំពោះ​បុរស​គឺ ៥ ឆ្នាំ ។​

. បណ្តា​កត្តា​ហានិភ័យ​ដែល​ជះឥទ្ធិពល​ដល់​អាយុ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​

​រឿង​អ្វី​ក៏ដោយ​ក៏​ជះឥទ្ធិពល​ដល់​លទ្ធភាព​រីកចម្រើន​នៃ​ជំងឺ ឬ ធ្វើ​ឲ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ​ជាង នឹងធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្លាប់​សម្រាប់​អ្នកជំងឺ ។​

​បណ្តា​កត្តា​ហានិភ័យ​រួម អាចធ្វើ​ឲ្យ​ថយ​អាយុ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​រួមមាន​៖ ជំងឺថ្លើម​, ជំងឺ​តម្រងនោម​, ជំងឺ​បេះដូង និង​មាន​ប្រវត្តិ​ស្ត្រូ​ក​, លើស​ទម្ងន់ ឬ ធាត់​, របប​អាហារ​សម្បូរ​ស្ករ និង​ជាតិ​ខ្លាញ់​មិនល្អ​, កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ខ្ជិល​ហាត់ប្រាណ​, គេង​មិន​គ្រប់​, ឆ្លង​មេរោគ​, លើសឈាម​, ជក់បារី​, ជំងឺ​ខាង​ផ្លូវ​រំលាយ​អាហារ ។​

. ហេតុអ្វី​ជំងឺ​ទឹកនោមផ្អែម អាចធ្វើ​ឲ្យ​ថយ​អាយុ ?

​បរិមាណ​ស្ករ​ក្នុង​ឈាម​កើនឡើង តាម​ពេលវេលា​អាច​បង្ក​ការខូចខាត​សរសៃប្រសាទ និង​សរសៃឈាម​តូច​, ផ្តើម​ពី​នោះ បន្ថយ​លទ្ធភាព​ចរាចរ​ឈាម​ក្នុង​រាងកាយ ។ រឿងនេះ​មានន័យថា បេះដូង​ត្រូវ​ធ្វើការ​ច្រើនជាង ដើម្បី​ផ្គត់ផ្គង់​ឈាម​ឲ្យ​ជាលិកា​ទាំងឡាយ ពិសេស​ផ្នែក​នៅ​ឆ្ងាយ​ពី​បេះដូង​ដូចជា​បាតដៃ និង​បាតជើង ។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមាគម​សរសៃឈាម​បេះដូង​អាមេរិក​, អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង​ខ្ពស់ជាង ២ ទៅ ៤ ដង ប្រៀប​នឹង​អ្នក​គ្មាន​ជំងឺ ។​

. អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ធ្វើ​អ្វី ដើម្បី​អូសបន្លាយ​អាយុ ?

– នោះ​គឺ​រក្សា​បរិមាណ​ស្ករ​ក្នុង​ឈាម​ឲ្យ​បានល្អ ។​
– បរិភោគ​ត្រឹមត្រូវ​៖ បន្ថយ​អាហារ​ផ្ទុក​ស្ករ ឧទាហរណ៍​ដូចជា​ទឹក​ផ្លែឈើ​ប្រអប់ និង​នំ​ផ្អែម​, ប្រមូលផ្តុំ​ក្នុងការ​បរិភោគ​បន្លែ​, ពពួក​អាហារ​គ្រាប់ និង​សណ្តែក ។​
– ហាត់ប្រាណ​តិច​បំផុត ៣០ នាទី ក្នុង​១​ថ្ងៃ និង ៥ ថ្ងៃ ក្នុង​១​សប្តាហ៍ ។​
– បញ្ចុះទម្ងន់​ពី ៥ ទៅ ១០% នៃ​ទម្ងន់​រាងកាយ ត្រូវបាន​បញ្ជាក់ថា​ធ្វើ​ឲ្យ​ថយចុះ​ឥទ្ធិពល​អាក្រក់​របស់​ជំងឺ​ទឹកនោមផ្អែម ។​
– តាមដាន និង​ព្យាបាល​បរិមាណ​ស្ករ​ក្នុង​ឈាម​
– បន្ថយ​ភាព​តានតឹង​៖ ពេល​តានតឹង​, សរីរាង្គ​នឹង​រំដោះ​ពពួក​អ័រម៉ូន អាចធ្វើ​ឲ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជ្រៀតជ្រែក​ចូលក្នុង​ការសម្រួល​អាំង​ស៊ុយ​លីន ។​
– ព្យាបាល​ជំងឺ​ផ្សេងៗ​៖ ជំងឺ​ផ្សេងៗ​ដូចជា​បេះដូង និង​តម្រងនោម​, លើសឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ អាចធ្វើ​ឲ្យ​កើន​ឥទ្ធិពល​របស់​ជំងឺ​ទឹកនោមផ្អែម ៕ ប្រែ​សម្រួល​: រតនៈ​