ជំងឺ​លើ​ដើម​ទុរេន​បាន​ថប​ថយឥទ្ធិពល ក្រោយពី​ទទួល​ការព្យាបាល​ពី​មន្ត្រី​កសិកម្ម​

703
ចែករម្លែក
  • 15
    Shares

ដោយ​: គង់​ហេង / កំពង់ចាម​: ជំងឺ​សត្វ​ដង្កូវឌួង​ស៊ី​ដើម​ទុ​រេ​ត កម្ចាត់​បាន​ហើយ គឺ​នៅឡើយ​តែ​ពពួក​ជំងឺផ្សិត បន្ត​រាតត្បាត​យាយី​លើ​សម្បក នៃ​ដើម​ទុ​រេ​ត​នៅ​តំបន់​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ក្រោយពី​មន្ត្រី នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បាន​ចុះ​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណ​:​បច្ចេកទេស នៃ​ការព្យាបាល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅនោះ​។ ដោយ​បច្ចុប្បន្ន​ផ្ទុះ​ប្រភេទ​ជំងឺ​សត្វល្អិត​ស៊ី​ស្លឹក ហើយ​ជ្រុះ​អស់​ងាប់​ដើម​តែម្តង​។

ជំងឺផ្សិត និង​ដង្កូវឌួង​លើ​ដើម​ទុរេន នៅ​តំបន់​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ថប​ថយឥទ្ធិពល​ហើយ​។ ប៉ុន្តែ​លេចចេញ​ជំងឺ​ថ្មី​សត្វល្អិត​ស៊ី​ស្លឹក​ជា​ត្រួយ ហើយ​វិវត្តន៍​ទៅ​ងាប់​ដើម​តែម្តង​។​

​លោក ពិន ស៊ីវ ជា​ម្ចាស់​ចម្ការ​ទុរេន​ជាង ៥០០ ដើម​នៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​ថា ខណ​:​នេះ​ជំងឺ​សត្វ​ដង្កូវឌួង ស៊ី​ដើម ហាក់​កម្ចាត់​ព្យាបាល​បាន​ហើយ បន្ទាប់ពី​ទទួលបាន​វិធី​ព្យាបាល​ពី​មន្ត្រី​កសិកម្ម​ខេត្ត​កាលពី​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០១៨​នោះ​។ រីឯ​ជំងឺផ្សិត​ក៏​ថប​ថយ​ដែរ ប៉ុន្តែ​មិនទាន់​កម្ចាត់​បាន​ទាំងស្រុង​ទេ​។ ដោយ​ពួកវា​(​ផ្សិត​) បន្ត​រា​ត​ត្បាល​លើ​ដើម​ទុរេន​ដែលមាន​អាយុ ប្រាំបី ឆ្នាំ​ពូជ​ឈ្មោះ​«​ម៉ាន់​ថង​»​ចំនួន ៥០ ដើម ក្នុងចំណោម​ដើម​អាយុ​ស្មើ​ចំនួន ២០០​នោះ​។​

​ម្ចាស់​ចម្ការ​ទុរេន​វ័យ ៤៨ ឆ្នាំ​ម្នាក់នេះ​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយគ្នា​នោះ​ក៏មាន​សត្វល្អិត​ម្យ៉ាង បាន​ស៊ី​កាត់​ស្លឹក​ជា​ត្រួយ​ពី​ខាងចុង គឺ​ធ្វើ​ឲ្យ​អស់​ស្លឹក​ដើម​ទុ​រេ​ត​ងាប់​ដូច​ជំងឺផ្សិត​ធ្វើ​ឲ្យ​ងាប់​សម្បក និង​សត្វ​ដង្កូវឌួង​ស៊ី​ដើម​ងាប់​ដូចគ្នា​។ ប៉ុន្តែ​គ្រួសារ​លោក​បាន​ប្រើប្រាស់​ថ្នាំ ពុល​ប្រឆាំង​ជំងឺផ្សិត «​ទ្រី​កូ​ដឺ​ម៉ា​» បាញ់​លើ​ដើម និង​ស្លឹក គឺ​បាន​ជួយ​ទប់ស្កាត់បាន​មួយកម្រិត​ដែរ​។ ជាមួយគ្នានេះ​ខាង​លោក​នឹង​ទំនាក់ទំនង សុំ​វិធី​ព្យាបាល​បន្ថែមទៀត​ពី​មន្ត្រី​កសិកម្ម ខេត្តកំពង់ចាម​បន្ថែម​។​

​លោក ពិន ស៊ីវ បាន​បន្ថែមថា តាម​ការកត់សម្គាល់​ពី​អាការ​:​ជំងឺ ដែល​បាន​យាយី​រាតត្បាត​លើ​ដើម​ទុរេន​កន្លងមកនេះ គឺ​ទាំង​ជំងឺផ្សិត និង​សត្វល្អិត​ដទៃទៀត​តែង​កើតឡើង​ពេល​ដើម​ទុរេន​មាន​អាយុ ចាប់ពី ប្រាំពីរ ទៅ​ប្រាំបី ឆ្នាំ​ឡើងទៅ ហើយ​ជំងឺ​ទាំងនេះ​ទៀតសោត​កើតឡើង តែ​លើ​ដើម​ទុរេន​ពូជ​ឈ្មោះ «​ម៉ាន់​ថេ​ង​»​។ ចំណែក​ពូជ​ទុ​រេ​ត​ដទៃ​ផ្សេងទៀត គឺ​មិនសូវ​កើតមាន​នោះឡើយ​។​

​លោក​បាន​បន្តថា ជំងឺផ្សិត និង​ដង្កូវ កាលពី​រដូវ​ប្រមូល​ផលកាល​ផ្លែ​ទុរេន​កន្លងមក​នោះ គឺ​បាន​ថយចុះ​ខាត​ទិន្នផល​ផ្លែ​ទុរេន​ប្រមាណ ១០ តោន​។ ដោយ​កាលពី​ឆ្នាំ​២០១៧ ទុរេន​អាយុ ប្រាំ ឆ្នាំ ចំនួន​៣០០ ដើម និង​អាយុ ប្រាំបី ឆ្នាំ គឺ​ផ្តល់​ផល​សរុប​ចំនួន​ជាង ២៣ តោន​។ តែ​ឆ្នាំ​២០១៨ ផ្តល់​ផល​តែ​ប្រហែល ១៣ តោន​ប៉ុណ្ណោះ​។ ខណៈ​នេះ​ដើម​ទុរេន​បង្ហាញ​សញ្ញា​ល្អ គឺ​ស្លឹក និង​ដើម​ស្រស់បំព្រង ពិសេស​បានចេញ​ផ្កា​ច្រើន និង​លឿន​ជាង​ឆ្នាំ​កន្លងទៅ​។​

​លោក រស់ វី​រ៉េត មេឃុំ​អារក្ស​ត្នោត​បាន​ឲ្យ​ដឹងថា ជំងឺ​លើ​ទុរេន ហាក់​បាន​ស្ងប់ស្ងាត់ និង​ថប​ថយ​ក្រោយពី​ខាង​មន្ត្រី នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ចុះជួយ​ធ្វើ​បទ​បង្ហាញ ដល់​ម្ចាស់​ចម្ការ​កន្លងមក​នោះ​។ ប៉ុន្តែ​ខាង​លោក​នៅ​មិនទាន់​ចុះ​ស្រង់​ចំនួន​ចម្ការ​ទុ​រេ​ត នៅក្នុង​ភូមិ​ទាំង ប្រាំ របស់​ឃុំ​អារក្ស​ត្នោត គឺ​តួលេខ​ចាស់​ចំនួន ១៥០ ហិកតា​៕ ល​