ជំងឺ​ហ្ស៊ី​កា​និង​ជំងឺគ្រុនឈាម​នឹង​គំរាមកំហែង​មនុស្ស​រហូតដល់​ទៅ​ជាង​១​ពាន់​លាន​នាក់ ខណៈ​អាកាសធាតុ​កាន់តែ​ក្តៅ​ឡើង​

399
ចែករម្លែក
  • 11
    Shares

​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​ថា មនុស្ស​រហូតដល់​ទៅ​ជាង ១ ពាន់​លាន​នាក់​រាប់បញ្ចូល​ទាំង​មនុស្ស​ជាច្រើន​នៅ​អាម៉េរិក​ខាងជើង​និង​អឺរ៉ុប​អាច​នឹងត្រូវ​ប៉ះពាល់​នឹង​វីរុស​បង្កដោយ​មូស រួមមាន​ជំងឺគ្រុនឈាម​និង​ជំងឺ​ហ្ស៊ី​កា​នៅ​ឆ្នាំ ២០៨០ ប្រសិនបើ​អាកាសធាតុ​បន្ត​ក្តៅ​ខ្លាំង​ឡើងៗ​ក្នុង​អត្រា​ដូច​បច្ចុប្បន្ន​។​

​ពួកគេ​បាន​និយាយថា​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​សាហាវ​ទាំងនេះ​នឹងមិន​ត្រឹម​តម្រូវឱ្យមាន​ការប្រុងប្រយ័ត្ន​ពី​សំណាក់​មន្ត្រី​សុខាភិបាល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សកម្មភាព​ឆាប់រហ័ស​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​និង​ការឡើង​កម្តៅ​ផែនដី​ទៀតផង​។​

​លោក​សា​ឌី រ៉ា​យ​អ៊ែន អ្នកដឹកនាំ​ការសិក្សា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទស្សនា​វ​ដ្តី PLOS Neglected Tropical Diseases បាន​និយាយថា ការរីក​រាលដាល​នៃ​វីរុស​បង្កដោយ​មូស​អាច​បណ្តាលឱ្យ​បាត់បង់​ផលិតភាព​នៅ​កន្លែងធ្វើការ​។ ហើយ​វា​នឹង​នាំទៅរក​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ដែល​ជំងឺ​បាន​ផ្ទុះឡើង​”​។​

​ការសិក្សា​វិភា​គនេះ​គឺ​បាន​តាមដាន​ចលនា​បំលាស់​ទី​នៃ​មូស​ចម្លង​មេរោគ​ពីរ​ប្រភេទ​ដែលមាន​ឈ្មោះថា Aedes Aegypti និង Aedes Albopictus ដោយ​សម្លឹងមើល​សីតុណ្ហភាព​នាពេល​អនាគត​ដើម្បី​ព្យាករណ៍​ហានិភ័យ​រហូតដល់​ឆ្នាំ ២០៥០ និង​រហូតដល់​ឆ្នាំ ២០៨០​។​

​មូស​ទាំងពីរ​ប្រភេទ​នេះ​អាច​ផ្ទុក​វីរុស​ជាច្រើន​រួមមាន​ជំងឺគ្រុនឈាម ជំងឺគ្រុនឈាម​ស្រួចស្រាវ និង​ជំងឺ​ហ្ស៊ី​កា ដែល​ក្នុង​ករណីខ្លះ​អាច​បណ្តាលឱ្យ​ស្លាប់​ឬ​បង្កឱ្យមាន​ផលប៉ះពាល់​អសកម្ម​ដទៃ​ទៀត​៕ ដោយ៖ កញ្ញាដាលីស