ជំងឺ​អាសន្នរោគ គ្រប់គ្រង​លែង​បាន​នៅ​យេ​ម៉ែន ឥឡូវ​ករណី​ឆ្លង​ជំងឺ​នេះ​កើន​ដល់​ជាង​៣០០.០០០​នាក់​

1078
ចែករម្លែក

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១០ កក្កដា​ថា ការឆ្លង​រាលដាល​ជំងឺ​អាសន្នរោគ​អស់​រយៈពេល​ចំនួន​១០​សប្តាហ៍​មកនេះ បាន​បណ្តាលឱ្យ​មនុស្ស​ជាង​៣០០.០០០​នាក់​ឆ្លង​ជំងឺ​នេះ នៅ​យេ​ម៉ែន ដែលជា​ប្រទេស​ក្រីក្រ​។​

​កាកបាទក្រហម​អន្តរជាតិ​នេះ បាន​ព្រមាន​ថា ស្ថានភាព​នេះ បាន​បន្ត​ឆ្លង​រាលដាល​ខ្លាំង​ហួសការ​គ្រប់គ្រង​បាន ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន​៧.០០០​ករណី ក្នុង​មួយថ្ងៃៗ​។​

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា មាន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​នេះ​ចំនួន​២៩៧.៤៣៨​ករណី និង មនុស្ស​ចំនួន​១.៧០៦​នាក់​បាន​ស្លាប់ ដោយ​គិត​ត្រឹម​ថ្ងៃទី​៧​ខែកក្កដា ។​

ទោះ​យ៉ាងនេះ​ក្តី អត្រា​កើនឡើង​ប្រចាំថ្ងៃ​ក្នុង​ចំនួន​ករណី​ឆ្លង​ជាទូទៅ​នេះ បាន​ថយចុះ​អស់​ជាង​២​ភាគរយ​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ និង សន្ទុះ​នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ ក៏បាន​ធ្លាក់ចុះ​ផងដែរ​នៅ​តំបន់​ដែលមាន​ការឆ្លង​ខ្លាំង កាលពីពេល​មុននេះ ។

ការឆ្លង​រាលដាល​ខ្លាំង​បំផុត​គឺ​នៅ​តំបន់​ជាច្រើន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ ដែលមាន​ជម្លោះ​អស់​រយៈពេល​២​ឆ្នាំ​រវាង​ក្រុម​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ក្រុម​ឧ​ទ្ធា​ម​ហូ​ធី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​៕ ​ដោយ ៖សុខា

គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​អង់គ្លេស ពិនិត្យមើល ក្មេង​ដែលមាន​ជំងឺ​អាសន្នរោគ