ជំងឺ​អា​ថ៍កំ​បាំង​ឆក់យក​ជីវិត​តារា​សម្តែង​ថៃ នាង ប៊ុត​សារ៉ាន់​

635
ចែករម្លែក

តារា​សម្តែង​ថៃ​នាង ប៊ុត​សារ៉ាន់ ថោង​ជី​អូ (Butsaran Thongchio) អាយុ ២៨ ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​អាថ៌កំបាំង​មួយ ដែល​វាយប្រហារ​នាង​ភ្លាមៗ​និង​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤​មិថុនា​នេះ​នៅ​មន្ទីរពេទ្យ​សិរី​រ៉ា​ច់​នៅ​ទីក្រុង​បាងកក​។​

​ឪពុក​របស់​នាង គឺ​លោ​កវី​រ៉ូ​ត ថោង​ជី​អូ ដែលជា​អ្នកដឹកនាំ​រឿង បានបញ្ជាក់​អំពី​ព័ត៌មាន​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​លោក​បាន​និយាយ​នៅក្នុង​សារ​ហ្វេ​ស​ប៊ុ​កថា “​កូនស្រី​របស់ខ្ញុំ​បាន​ស្លាប់បាត់​ទៅហើយ​នៅ​ម៉ោង ២.១៧​នាទី​ព្រឹក​…​សូម​អរគុណ​អ្នក​ទាំងអស់គ្នា​ចំពោះ​ការមើល​ថែទាំ​នាង​។ ចិត្ត​ខ្ញុំ​ឥឡូវនេះ​គឺ​ពោរពេញ​ដោយ​ទុក្ខ​ក្រៀមក្រំ និង​អាណិតអាសូរ​ចំពោះ​នាង ដែល​ត្រូវ​មក​ហែល​ឆ្លង​ជំងឺ​នេះ​រួច​លាចាក​លោក​”​។ ផុស​របស់លោក​បាន​ញ៉ាំងឱ្យ​សា​រណ​ជន​ថៃ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​សម្បើម ដោយមាន​អ្នក​បញ្ចេញមតិ ១៨.០០០ ដង ចុច​ប្រតិកម្ម​ផ្សេងៗ (Like) ៦១.០០០ ដង និង​ចុច​ចែករំលែក ២២.០០០ ដង​។​

​ក្រុមគ្រួសារ​នាង​តាម​ដឹងបាន​អនុញ្ញាតឱ្យ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​សិរី​រ៉ា​ច់​វិភាគ​នូវ​អ្វីដែល​បាន​កើតឡើង​ចំពោះ​នាង​ប៊ុត​សារ៉ាន់ ដើម្បី​ជួយ​ទប់ស្កាត់​រឿង​ដូចគ្នានេះ​កុំឱ្យ​កើតឡើង​ចំពោះ​អ្នក​ផ្សេងទៀត​នាពេល​អនាគត​។​

​តារា​សម្តែង​ស្រី ដែល​មិនចេះ​ផឹកស្រា​ឬ​ជក់បារី​និង​មាន​សុខ​ភាពល្អ ភ្លាមៗ​ស្រាប់តែ​ចាប់ផ្តើម​ហូរឈាម​ចេញពី​ច្រមុះ​និង​មាត់​ខណៈ​កំពុងស្ថិត​នៅឯ​ផ្ទះ​របស់​នាង​នៅ​ខេត្ត​សាមុត​សា​ខន​កាលពី​ថ្ងៃ​អង្គារ ទី​១១​មិថុនា​។​

​បន្ទាប់មក​នាង​បាន​សន្លប់​បាត់ស្មារតី​ហើយ​បេះដូង​របស់​នាង​ឈប់​ដើរ មុនពេល​នាង​ត្រូវបាន​សង្គ្រោះ​ដង្ហើម​មកវិញ រួច​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​។ បេះដូង​របស់​នាង​ឈប់​ដើរ​២​ដង​មុនពេល​ផ្ទេរ​នាង​ទៅដល់​មន្ទីរពេទ្យ​សិរី​រ៉ា​ច់ ដែល​ទំនើប​ជាង នៅ​ម៉ោង ៦ ព្រឹក​ថ្ងៃ​ពុធ​។​

​មន្ទីរពេទ្យ​សិរី​រ៉ា​ច់​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ជំងឺ​អាថ៌កំបាំង​របស់​នាង​ប៊ុត​សារ៉ាន់​មិនដែល​ជួបប្រទះ​នៅក្នុង​ប្រទេស​ថៃ​ពីមុនមក​ទេ ហើយ​ពួកគេ​បាន​ព្យាយាម​ស្វែងរក​មូលហេតុ ខណៈ​កំពុង​ព្យាបាល​នាង​ដោយ​ផ្អែកលើ​រោគសញ្ញា​របស់​នាង​។​

​ពិធី​បុណ្យសព​របស់​នា​ង​នឹងត្រូវ​ធ្វើឡើង​នៅ​វត្ត​ភូមិ​វី​ចិន​ទិ​កា​រ៉ា​ម នៅក្នុង​ស្រុក​មួង ខេត្ត​សាមុត​សា​ខន ជាមួយ​ពិធី​ចម្អះ​សាកសព​ធ្វើ​នៅ​ម៉ោង ៤ រសៀល​ថ្ងៃ​សុក្រ បន្ទាប់ពី​មក​នឹងមាន​ពិធីសូត្រមន្ត​រហូតដល់​ថ្ងៃទី ១៧ ខែមិថុនា​។ សព​នាង​នឹងត្រូវ​បូជា​នៅ​ថ្ងៃទី ១៨ ខែមិថុនា​៕ ដោយ៖ កញ្ញាដាលីស

នាង​ប៊ុត​សារ៉ាន់​ស្លាប់​ដោយសារ​ជំងឺ​អា​ថ៍កំ​បាំង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ