ជំទាវ​ទី​១​អាមេរិក​ទទួល​ការចាប់អារម្មណ៍​ខ្លាំង ពេល​ស្វាគមន៍​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​មកកាន់​សហរដ្ឋអាមេរិក​

1448
ចែករម្លែក

​មិនមាន​ភ្ញៀវ​ល្បីល្បាញ​ណា​ម្នាក់​ទេ ហើយក៏​មិនមាន​តារា​ហូលីវូដ ឬ កំពូល​មេ​ចុងភៅ​នោះដែរ​។ ប៉ុន្តែ​នៅពេល​លោកស្រី​ដើរចេញ​ពី​វាំងនន​ខាងក្រោយ​ដើម្បី​ទទួលភ្ញៀវ​នូវ​អាហារ​ពេល​ល្ងាច​ថ្នាក់​រដ្ឋ​ជា​លើកដំបូង លោកស្រី​មេ​ឡា​នៀ ត្រាំ បាន​រះ​យ៉ាង​ត្រចង់​ក្នុងចំណោម​ក្រសែភ្នែក​សាធារណជន​។​

​ក្រោយពី​ដោះចេញ​នូវ​វ៉ែន​តាខ្មៅ​ប្រចាំត្រកូល​របស់ខ្លួន មក​ស្លៀកសំពត់​ពណ៌​ស​និង​មួក កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​២៤ មេសា ជំទាវ​ទី​១​អាមេរិក​រូបនេះ​បានបង្ហាញ​ខ្លួន​នៅក្នុង​ឈុត​រ៉ូ​ប​ម៉ាក Chanel ដើម្បី​ស្វាគមន៍​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង ភរិយា​របស់គាត់ គឺ លោកស្រី ព្រី​ជី​តទី ខណៈដែល​អ្នក​ទាំង​២​បាន​មកដល់​សម្រាប់​ពិធី​ពិសា​អាហារ​ថ្នាក់​រដ្ឋ​ជា​លើកដំបូង​នៃ​រដ្ឋបាល​ត្រាំ​។​

​វា​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​វិស័យ​ម៉ូត​សម្លៀកបំពាក់ និង ជីវិត​សាធារណៈ​សម្រាប់​អតីត​តារា​បង្ហាញ​ម៉ូដ​រូបនេះ ដែល​មិនសូវ​បញ្ចេញ​មុខមាត់​ប៉ុន្មាន​ទេ ចាប់តាំងពី​លោក​ត្រាំ​កាន់តំណែង​ប្រធានាធិបតី និង​កត្តា​មួយទៀត​គឺ ដោយសារ​ស្វាមី​របស់លោក​ស្រី​ស្ថិតក្រោម​ស្រមោល​គំរាមកំហែង​ផ្នែក​ច្បាប់​ពី​តារា​សិច​ម្នាក់ ដែល​និយាយថា នាង​ត្រូវបាន​គេ​បង់ប្រាក់​ឱ្យ​ដើម្បី​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ការ​រួមភេទ​ជាមួយ​លោក​ត្រាំ ដែល​គាត់​បាន​បដិសេធ​។​

​យោងតាម​អ្នកនាំពាក្យ​របស់លោក​ស្រី​មេ​ឡា​នៀ រាល់​មុខម្ហូប និង ការតុបតែង​តុ​អាហារ គឺ​សុទ្ធតែ​ត្រូវបាន​ជ្រើសរើស​ដោយផ្ទាល់​ដៃ​របស់​លោកជំទាវ​ទៀតផង​។

​ប្រធានាធិបតី​ត្រាំ​បានបង្ហាញ​ការកោតសរសើរ​ភរិយា​របស់ខ្លួន​មិន​ដាច់​ពី​មាត់ ដោយ​ហៅ​លោកស្រី​ថា “​ជំទាវ​ទី​១​អស្ចារ្យ​ដាច់​គេ​របស់​អាមេរិក​”​។ លោក​ត្រាំ​បាន​បន្ត​កោតសរសើរ​ទំនាក់ទំនង​រវាង​អាមេរិក និង បារាំង ដោយ​និយាយថា “​សូមឱ្យ​ទំនាក់ទំនង​របស់​យើង​រីកចម្រើន​កាន់តែ​ជ្រាលជ្រៅ សូមឱ្យ​ភាពជា​ផៅសន្តាន​របស់​យើង​រីកចម្រើន​ខ្លាំងក្លា និង សូមឱ្យ​សេរីភាព​ដ៏​ពិសិដ្ឋ​របស់​យើង​មិនចេះ​ស្លាប់​ជា​ដរាប​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​មេ​ឡា​នៀ ត្រាំ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​មិន​ធ្លាប់​ឃើញ​ពីមុនមក អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​មក​សហរដ្ឋអាមេរិក

President Donald Trump accompanied by first lady Melania Trump greet French President Emmanuel Macron and his wife Brigitte Macron as they arrive for a State Dinner at the White House in Washington, Tuesday, April 24, 2018. (AP Photo/Andrew Harnik)