ជំទាវ​ទី​១​អាមេរិក អំពាវនាវ​ឱ្យ​បញ្ចប់​គោលនយោបាយ​របស់​ដូ​ណា​ល់ ត្រាំ ដែល​បំបែក​កូន​ចេញពី​ឪពុកម្តាយ​អន្តោប្រវេសន៍​ខុសច្បាប់

1027
ចែករម្លែក

​ជំទាវ​ទី​១​អាមេរិក មេ​ឡា​នៀ ត្រាំ បាន​អំពាវនាវ​ឱ្យ​បញ្ចប់​គោលនយោបាយ​បំបែកបំបាក់​ឪពុកម្តាយ​និង​កូន​ដែល​ចូល​អាមេរិក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​ខុសច្បាប់​។​

​លោកស្រី​មេ​ឡា​នៀ “​ជឿជាក់ថា​យើង​ត្រូវតែ​ជា​ប្រទេសមួយ​ដែល​គោរព​តាមច្បាប់​ទាំងអស់​ប៉ុន្តែ​ក៏​ជា​ប្រទេសមួយ​ដែល​គ្រប់គ្រង​ដោយ​បេះដូង​ផងដែរ​” ។ នេះ​បើតាម​សម្តី​អ្នកនាំពាក្យ​របស់លោក​ស្រី​។​

​ការអត្ថាធិប្បាយ​របស់​លោកស្រី​ធ្វើឡើង បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស់​កា​ន់​តែ​ខ្លាំង​ឡើង​ពាក់ព័ន្ធ​នឹង​គោលនយោបាយ “​គ្មាន​ការអត់ឱន​” របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ក្នុង​រយៈពេល ៦ សប្តាហ៍​ចុងក្រោយ​នេះ មាន​មនុស្ស​ជិត ២.០០០ គ្រួសារ​ត្រូវបាន​បំបែកបំបាក់​។​

​មនុស្ស​ធំ​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន ដែល​ភាគច្រើន​មាន​គម្រោង​សុំ​សិទ្ធិ​ជ្រកកោន ត្រូវបាន​ឃុំខ្លួន និង​ប្រឈមមុខ​នឹង​ការកាត់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការចូល​ដោយ​ខុសច្បាប់​។​

​ជា​លទ្ធផល អនីតិជន​រាប់រយ​នាក់​កំពុង​ស្ថិតនៅក្នុង​មណ្ឌល​ឃុំឃាំង​និង​បាន​ឃ្លាតឆ្ងាយ​ពី​ឪពុកម្តាយ​របស់​ពួកគេ ជា​គោលនយោបាយ​មួយ ដែល​ក្រុម​សិទ្ធិមនុស្ស​រិះគន់ថា​ជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក​។​

​នៅក្នុង​ការអន្តរាគមន៍​ដ៏​កម្រ​របស់ខ្លួន លោកស្រី​ត្រាំ​បាន​និយាយថា លោកស្រី “​ស្អប់​ណាស់​ដែល​ឃើញ​កុមារ​ត្រូវបាន​បំបែក​ចេញពី​គ្រួសារ​របស់គេ ហើយ​សង្ឃឹមថា​ភាគី​ទាំង​២ (​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​) ទីបំផុត​នឹង​អាច​មូលមតិ​គ្នា​ដើម្បី​សម្រេចបាន​នូវ​កំណែទម្រង់​អន្តោប្រវេសន៍​ប្រកបដោយ​ជោគជ័យ​”៕ ដោយ៖ កញ្ញាដាលីស

លោកជំទាវ​មេ​ឡា​នៀ ត្រាំ ស្អប់​ណាស់​ដែល​ឃើញ​កុមារ​ត្រូវបាន​បំបែក​ចេញពី​គ្រួសារ​របស់គេ