ជំទាវ​ទី​១​អាម៉េរិក​ពន្លះអ្នកប្រាជ្ញម្នាក់នៅក្នុង​សវនាការ​ចោទប្រកាន់​ប្រធានាធិបតី​ដែលយក​ឈ្មោះ​កូនប្រុស​របស់គាត់មកប្រើ​

257
ចែករម្លែក

​ជំទាវ​ទី ១ របស់​សហរដ្ឋ​អាម៉េរិក លោកស្រី មេ​ឡា​នី ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី ៤ ធ្នូ​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​សាស្រ្តាចារ្យម្នាក់ ដែល​បាន​ប្រើ​ឈ្មោះ​កូនប្រុស​អាយុ ១៣ ឆ្នាំ​របស់​លោកស្រី​ដើម្បី​បញ្ជាក់​ចំណុច​មួយ​អំឡុងពេល​បើកសវនាកា​រ​ចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី​។​

​សាស្ត្រាចារ្យ​ច្បាប់រដ្ឋធម្មនុញ្ញ​លោកស្រី ផា​មេ​ឡា កា​ឡាន បាន​យកមកប្រើ​នូវ​ឈ្មោះ បា​រ៉ុ​ន ត្រាំ កូនប្រុស​របស់លោក​ដូ​ណា​ល់ ត្រាំ​និង​លោកស្រី​មេ​ឡា​នី ត្រាំ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​រដ្ឋធម្មនុញ្ញ​កំណត់​ភាពខុសគ្នា​រវាង​អំណាច​របស់​ព្រះមហាក្សត្រ​និង​ប្រធានាធិបតី​។​

​លោកស្រី​សាស្ត្រាចារ្យ​កា​ឡាន​បាន​ប្រាប់​សមាជិកសភា​ក្នុងអំឡុងពេល​នៃ​សវនាការ​ដំបូង​របស់​គណៈកម្មាធិកា​រ​វិនិច្ឆ័យ​របស់​សភា​អំពី​ការចោទប្រកាន់​ប្រធានាធិបតី ដែលមាន​អ្នកប្រាជ្ញ​ខាង​រដ្ឋធម្មនុញ្ញ​ចំនួន ៤ រូប យ៉ាង​ដូច្នេះ​ថា “​រដ្ឋធម្មនុញ្ញ​ចែងថា​មិន​អាចមាន​តំណែង​សម្រាប់​អភិជន​ទេ​។ ដូច្នេះ​ខណៈ​ប្រធានាធិបតី​អាចដាក់​ឈ្មោះ​កូនប្រុស​របស់គាត់ “​បា​រុន​” គាត់​មិនអាច​ធ្វើឱ្យ​កូន​ក្លាយជា​បា​រ៉ុ​ន​បានទេ (​មនុស្ស​ខ្ពង់ខ្ពស់​)”​។​

​ការលើកឡើង​នេះ​បានធ្វើឱ្យ​ផ្ទុះសំណើច​ពេញ​បន្ទប់​សវនាការ​របស់​សភា ប៉ុន្តែ​លោកស្រី​មេ​ឡា​នី ត្រាំ​បានបញ្ជាក់​យ៉ាងច្បាស់​ថា វា​មិនមែនជា​រឿង​គួរឱ្យ​អស់សំណើច​នោះទេ​។​

​លោកជំទាវ​ទី ១ បាន​សរសេរ​លើ Twitter ភ្លាមៗ​ថា “​ក្មេង​តូច​សម​នឹង​ទទួលបាន​ឯកជន​ភាព​និង​គួរ​ដក​ចេញពី​នយោបាយ​។ លោកស្រី ផា​មេ​ឡា កា​ឡាន អ្នក​គួរតែ​ខ្មាស់អៀន​ខ្លួនឯង​ចំពោះ​ការខឹង​សម្បារ​របស់​អ្នកឯង និង​បង្ហាញ​ចិត្ត​លម្អៀង​យ៉ាងច្បាស់​ក្រឡែត​ជា​សាធារណៈ ហើយ​ប្រើ​កូនក្មេង​ដើម្បី​ធ្វើ​ដូច្នេះ​”​។​

​ប្រធានាធិបតី​ត្រាំ​បាន​ចែករំលែក​បន្ត​នូវ​សារ​របស់​ភរិយា​គាត់​ទៅ​អ្នកគាំទ្រ​របស់គាត់​ចំនួន ៦៧ លាន​នាក់​។​

​ខណៈ​ជម្លោះ​ផ្ទុះឡើង​ខ្លាំង លោកស្រី​សាស្ត្រាចារ្យ​កា​ឡាន​បាន​ព្យាយាម​ទប់ស្កាត់​ការខូចខាត​មុខមាត់​របស់គាត់ ដោយ​បង្ហាញ​ការសោកស្តាយ​របស់គាត់​។​

​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​ចង់​សុំទោស​ចំពោះ​អ្វីដែល​ខ្ញុំ​បាន​និយាយ​មុននេះ​អំពី​កូនប្រុស​របស់​ប្រធានាធិបតី​។ ខ្ញុំ​ធ្វើ​ខុស​ហើយ​ដែល​និយាយ​ដូច្នេះ​”៕ ដោយ៖កញ្ញាដាលីស

លោកស្រី​មេ​ឡា​នី​ត្រាំ​ពន្លះ​សាស្ត្រាចារ្យ​ច្បាប់​កា​ឡាន ដែល​យកឈ្នះ​កូនប្រុស​គាត់​មក​ប្រើ