ជំទាវ​អាមេរិក​ទាំង​៥​រូប​និយាយ​ប្រឆាំងនឹង​ការ​បំបែក​គ្រួសារ​ក្រោម​គោលនយោបាយ​បង្ក្រាប​អន្តោប្រវេសន៍​របស់​ត្រាំ​

2983
ចែករម្លែក

​អតីត​ជំទាវ​ទី​១​អាមេរិក​ទាំង​៤​រូប បាន​ចូលរួម​ជាមួយ​ជំទាវ​អាមេរិក​បច្ចុប្បន្ន មេ​ឡា​នៀ ត្រាំ (Melania Trump) ក្នុង​រណសិរ្ស​នយោបាយ​រួបរួម​មិនធម្មតា​មួយ ដែល​បង្ហាញ​ការ​រន្ធត់ចិត្ត​ពេល​ឃើញ​ក្មេងៗ​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​។​

​រូប​ប​ញ្ចូ​ន​គ្នា (​ពីឆ្វេង​) Hillary Clinton, Michelle Obama, Melania Trump, Rosalynn Carter និង Laura Bush​ដែល​បាន​សម្តែង​ការបារម្ភ​អំពី​ការ​បំបែក​ក្មេង​ពី​ឪពុក​​ម្តាយ​របស់​ពួកគេ​

វីដេអូបង្ហាញកូនក្មេងស្ថិតនៅក្នុងទ្រុងអន្តោប្រវេសន៍ជាមួយមនុស្សធំ

 

សម្លេងក្មេងយំចេញពីជំរំឃុំឃាំងអន្តោប្រវេសន៍នៅព្រំដែនអាមេរិកជាប់ម៉ិកស៊ិច

​ខណៈ​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា (Michelle Obama)​បាន​បង្ហោះ​វា​ក្នុង​ទ្វី​ត​ធឺ ក្នុងការ​គាំទ្រ​លោកស្រី លួ​រ៉ា ប៊ូ​ស​(Laura Bush)​ដែល​បាន​សរសេរ​និង​ចុះផ្សាយ​ក្នុង​កាសែត​The Washington Post​ថា​”​ខ្ញុំ​រស់នៅក្នុង​រដ្ឋ​ធំ​ទូលាយ​មួយ​។​ខ្ញុំ​សូមអោយ​តំលៃ​តំរូវការ​នៃ​ការ​អន្ត​វត្ត​ច្បាប់​និង​ការពារ​ព្រំដែន​អន្តរជាតិ​របស់​យើង​តែ​គោលនយោបាយ​គ្មាន​​ត្រា​ប្រណី​នេះ​ព្រៃផ្សៃ​ពេក​ហើយ​។​វា​គ្មាន​សីលធម៌​ទេ ហើយ​វា​បំបែក​បេះដូង​របស់ខ្ញុំ​”​។​

​ចំណែក​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​(Hillary Clinton) ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ស្ត្រី​មួយ​នៅ​ក្រុង​ញូវយ៉ក បាន​និយាយថា គោលនយោបាយ​គ្មាន​ត្រា​ប្រណី​របស់​រដ្ឋការ​ត្រាំ ដែល​បំបែក​កូន​ពី​ឪពុកម្តាយ​នៅ​ព្រំដែន​ខាងត្បូង គឺជា​”​វិបត្តិ​សីលធម៌​និង​មនុស្សធម៌​”​។​

​ទោះជា​យ៉ាងណា ប្រធានាធិបតី​ត្រាំ​បាន​និយាយថា លោក​នឹងមិន​អនុញ្ញាតអោយ​អាមេរិក​ក្លាយជា​”​ជំរំ​អន្តោប្រវេសន៍​”​មួយ​ឡើយ ខណៈ​លោក​នៅតែ​ការពារ​កា​រប​ង្ក្រា​​ប​អន្តោប្រវេសន៍​របស់​ត្រាំ​។​

​លោក​បាន​និយាយ​នៅ​សេត​វិមាន​ថា​” អាមេរិក​នឹងមិន​ជា​ជំរំ​ជនអន្តោប្រវេសន៍​ឡើយ ហើយក៏​នឹង​មិនជា​ជម្រក​ដាក់​ជនភៀសខ្លួន​ដែរ នឹងមិន​អនុញ្ញាត​ទេ​”​។​

​ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក៏បាន​ថ្កោលទោស​គោលនយោបាយ​របស់​ត្រាំ​នេះ​ថា​” គ្មាន​មនសិការ​”​។​

​ការបញ្ចេញ​កំហឹង​របស់​ពួកគេ​និង​ការអំពាវនាវ​អោយមាន​ការកែ​ទំរង់​កើតឡើង​ក្រោយពី​កូនក្មេង​ជិត​២០០០​នាក់​ត្រូវបាន​បំបែក​ចេញពី​មនុស្ស​ធំ​នៅ​៦​សប្តាហ៍​ក្រោយ​​អគ្គ​រដ្ឋអាជ្ញា​អាមេរិក​ប្រកាស​វិធានការ​គ្មាន​ត្រា​ប្រណី​នេះ​ចំពោះ​ការឆ្លង​ដែន​ខុសច្បាប់​។​

​ក្នុងការ​ឆ្លើយតប​ដ៏​ភ្ញាក់ផ្អើល​មួយ សេចក្តីថ្លែងការណ៍​មួយ​មកពី​ការិយាល័យ​លោកជំទាវ​ត្រាំ បាន​និយាយថា​លោកស្រី​”​ស្អប់​”​មិន​ចង់ឃើញ​គ្រួសារ​ត្រូវបាន​បំបែក​គ្នា​នៅ​​ព្រំដែន​ទេ​។​អ្នកនាំពាក្យ​របស់លោក​ជំទាវ​បាន​និយាយថា​” លោកជំទាវ​ជឿ​ង​ថា​យើង​ត្រូវការ​ប្រទេសមួយ​ដែល​ធ្វើតាម​ច្បាប់​ទាំងអស់ តែ​ក៏​ជា​ប្រទេសមួយ​ដែល​ត្រូវបាន​​គ្រប់គ្រង​ដោយ​បេះដូង​ផងដែរ​”​។​

​ចាស់​ជាងគេ​ក្នុងចំណោម​ជំទាវ​ទី​១​អាមេរិក គឺ​លោកស្រី រ៉ូ​សា​លីន ខា​ធឺ​(Rosalynn Carter)​ដែល​បាន​និយាយថា​”​ការអនុវត្ត​និង​គោលនយោបាយ​សព្វថ្ងៃ​នៃ​ការដក​កូន​​ចេញពី​ការមើល​ថែរ​របស់​ឪពុកម្តាយ​របស់គេ​នៅ​ព្រំដែន​ជាប់​ម៉ិ​ក​ស៊ិ​ច​គឺ​អោយ​អាម៉ាស​និង​បាក់មុខ​សំរាប់​ប្រទេស​របស់​យើង​។​

​កាលពី​ថ្ងៃ​ចន្ទ ត្រាំ​បាន​និយាយថា​”​អ្នក​សម្លឹងមើល​អ្វី​កំពុង​កើត​មាននៅ​អឺរ៉ុប អ្នក​សម្លឹងមើល​អ្វី​កំពុង​កើត​នៅ​កន្លែង​ផ្សេងទៀត​។​យើង​មិនអាច​អនុញ្ញាតអោយ​រឿង​ណឹ​ង​​កើត​មាននៅ​អាមេរិក​ទេ​។​មិនអោយ​កើត​ក្រោយ​ការដឹកនាំ​របស់ខ្ញុំ​”​។​

​មុននេះ​លោក​បាន​និយាយថា បណ្តា​ប្រទេស​អឺរ៉ុប​បានធ្វើ​កំហុស​ធំ​មួយ​ដោយសារតែ​អនុញ្ញាតអោយ​ជនអន្តោប្រវេសន៍​រាប់លាន​នាក់​ចូល​។​ត្រាំ​បាន​រិះគន់​អធិកា​ប​តី​​អាល្លឺម៉ង់ ជាពិសេស លោកស្រី​អែន​ជេ​ឡា មឺ​គែល ដោយ​ថា​ប្រជាជន​របស់លោក​ស្រី​កំពុង​ងាក​មក​ប្រឆាំង​មេដឹកនាំ​របស់ខ្លួន ដោយសារតែ​បញ្ហា​នេះ​។​

​សូមបញ្ជាក់ថា លោកស្រី​មឺ​គែល កំពុងមាន​ជម្លោះ​ជាមួយ​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់ខ្លួន ដែល​ចង់​រារាំង​មិនអោយ​ជនអន្តោប្រវេសន៍​ចូល​បើ​ពួកគេ​បាន​ចុះឈ្មោះ​សុំ​ការ​ជ្រក​​កោណ​នៅក្នុង​ប្រទេស​ផ្សេង​ក្នុង​ទ្វីបអឺរ៉ុប​រួចហើយ​៕​ដោយ​៖​វាសនា​

​កូនក្មេង​ជិត​២​ពាន់​នាក់​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​របស់គេ​រវាង​ពាក់កណ្តាល​ខែមេសា​និង​ចុងខែ​ឧសភា​ឆ្នាំនេះ​