ជំនន់​ទឹកទន្លេ​មេគង្គ បន្ត​ឡើង​, ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​-​ព្រះវិហារ​ចាប់ផ្តើម​ស្រក​

1668
ចែករម្លែក
  • 85
    Shares

(​ភ្នំពេញ)៖ ជំនន់​ទឹកទន្លេ​មេគង្គ ដែល​បាន​កើន​ឡើងដល់​កំពស់ ១៣,៨០ ម៉ែត្រ នា​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា នេះ​បានធ្វើឱ្យ​ទឹក​ហូរ​ចូលដល់​​តំបន់​មួយចំនួន​ក្នុងស្រុក​ត្បូងឃ្មុំ ក្នុងនោះ​មាន ៖- លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​គរ និង​ភូមិ​ព្រែក​តូច ក្នុង​ឃុំ​ទន្លេ​បិត ប្រមាណ ៤៥ % នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប​- លិច​ផ្នែក​ខ្លះ​នៃ​សាលាបឋមសិក្សា​ព្រែកជីក ក្នុង​ឃុំ​ទន្លេ​បិត និង​សាលាបឋមសិក្សា​រកា​ធំ ក្នុង​ឃុំ​ជំ​រោទ៍​១- លិច​ផ្លូវ​បេតុង ចំនួន ០៣ កន្លែង សរុប​ប្រវែង​ប្រមាណ ២.៥០០ ម៉ែត្រ ក្នុង​ឃុំ​ទន្លេ​បិត និង​ឃុំ​ជំ​រោ​ទី ១ ។​នេះ​បើតាម​ការចុះផ្សាយ​របស់​​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅថ្ងៃនេះ​។​

​ក្រសួង​បាន​អោយដឹងទៀតថា​ ​ទឹកជំនន់​ទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម បាននិងកំពុង​បន្ត​កើនឡើង ដែល​គិត​ត្រឹម​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃទី ២៧ ខែកក្កដា​ម្សិលមិញ មាន​កំពស់ ១៣,៥១ ម៉ែត្រ​, កើនឡើង ០,២១ ម៉ែត្រ បើ​ធៀប​នឹង​ម៉ោង ៧ ព្រឹក​មិញ ។ ទន្ទឹមនេះ ទឹក​ក៏បាន​បន្ត​ហូរ​ចាក់​ចូល​ទៅតាម​ព្រែក អាង​ភ្លិច​ទឹក បង​បួ​ធម្មជាតិ និង​តំបន់​ទំនាបៗ កាន់តែខ្លាំង ។​

​ចំណែក​នៅ​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា នេះ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ បាន​បន្ត​កើន​ឡើងដល់​កំពស់ ១០,៦១ ម៉ែត្រ (​កំពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​) ។​

​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ឯណោះ​វិញ​ ​នៅ​ព្រឹក​នេះ​ ​ទឹក​ឡើងដល់​កំពស់ ១៣,២១ ម៉ែត្រ ធៀប​ល្ងាចម្សិលមិញ កើនឡើង ០,០៣ ម៉ែត្រ​(​កំរិត​កំពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ​) ខណៈដែល​ទឹក​ក្នុង​អាង​តា​ម៉ុក ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​វិល​មករក​ស្ថានភាព​ដើម​វិញ​ហើយ គឺ គិត​ត្រឹម​ម៉ោង​៦​ព្រឹក ថ្ងៃទី ២៨ ខែកក្កដា នេះ ទឹក​ក្នុង​អាង​បាន​ស្រក​ផុត​កំរិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ០,១៥ ម៉ែត្រ គឺ​មក​នៅត្រឹម​កំពស់ ២,៧៥ ម៉ែត្រ ។​

​បន្ទាប់ពី​ទឹក​ក្នុង​អាង​តា​ម៉ុក បាន​ស្រក​ផុត​កំរិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​គ្រឿងចក្រ​របស់​ក្រសួង​ធនធានទឹក​បានចាប់ផ្តើម​ចូលទៅ​សម្អាត​ស្មៅ និង​ពពួក​វា​រី​រុក្ខជាតិ​ផ្សេងៗ ដែល​ធ្វើឱ្យ​រាំងស្ទះ​ផ្លូវទឹក​នៅ​ផ្នែក​ខាងលើ និង​ខាងក្រោម​ស្ពាន​ដើម្បី​សម្រួល​ចរន្តទឹក​ឱ្យ​ហូរ​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោម​កាន់តែ​ឆាប់រហ័ស ៕​អត្ថបទ​៖​ក្រសួង​ធនធានទឹក​/​វាសនា​