ជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​លិច​កំណាត់​ផ្លូវជាតិ​លេខ​៦២ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​រវៀង​បាន​ស្រក​វិញ​អស់ហើយ​

1019
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ខេត្តព្រះវិហារ​៖​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១​ខែឧសភា​នេះ​ថា​៖​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៦២ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​រវៀង​បាន​ស្រក​វិញ​អស់ហើយ​។​
​គួរ​បញ្ជាក់ថា​៖​កាលពី​ព្រឹក​ថ្ងៃ​៣០​មេសា​ភ្លៀង​ធ្លាក់​ជាច្រើន​ម៉ោង​បានធ្វើឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​៦២​និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​រវៀង​ខេត្តព្រះវិហារ​បានទទួល​រង​ការលិចលង់​យ៉ាងខ្លាំង​ហើយ​ក្នុងខណៈ​នោះអាជ្ញាធរ​និង​មន្ទីរជំនាញ​ក៏បាន​ចុះជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាម​ដែរ​។ ប៉ុន្តែ​ចំពោះ​ការខូចខាត​មាន​ទំហំ​ប៉ុណ្ណា​មន្ត្រី​ជំនាញ​មិនទាន់​បញ្ជាក់​ឱ្យដឹង​យ៉ាងណា​នៅឡើយ​ទេ​។​
​លោក សំ លាង​ទ្រី ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​កំណាត់​ផ្លូវជាតិ​លេខ​៦២​គីឡូម៉ែត្រ ៩០+០០០ ស្ថិតនៅ​ភូមិ​ស្វាយ​ប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​រង​ការលិចលង់​ដោយ​ទឹកភ្លៀង ។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ក៏បាន​ទទួល រង​ការលិចលង់​ផងដែរ ដែល​ករណីនេះ​បណ្តាលមកពី​ទឹកភ្លៀង​បាន​ធ្លាក់​ជាច្រើន​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ​។ ក្រោយពេល​មាន​បញ្ហា​នេះ​ក្រុមការងារ​ក៏បាន​ចុះ​ដល់​ចំណុចកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ភ្លាម​ដែរ​។​
​ក្នុង​ថ្ងៃ​ដដែល​នោះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ចុះទៅពិនិត្យ​ក្នុងស្ថានភាព​នេះហើយ បាន​មានប្រសាសន៍​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ចំពោះ​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង ខណៈដែល​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​នេះ​បាន​ព្យាករណ៍ ថា​៖ ទឹកភ្លៀង​កំពុង​វាយលុក​តំបន់​មួយចំនួន​ក្នុង ខេត្តព្រះវិហារ​។ លើ​ករណីនេះ​បងប្អូន​ទាំងអស់គ្នា​ត្រូវមាន​ប្រុង​ប្រ​យ​ត្ន័ ។ ក្នុងនោះ​លោក​ដាក់​ផែនការ​ឱ្យ​អជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ត្រូវ​បន្ត​ឃ្លាំមើល​និង​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​។​
​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖ មកដល់ពេលនេះ ទឹកបាន​ស្រក​វិញ​ជា​បណ្ដើរៗ​ហើយ តែ​ចំពោះ​ការខូចខាត​ដោយ​គ្រោះធម្មជាតិ​នៅ​មិនទាន់​ដឹង​៕