ជំនន់​ទឹកភ្លៀង​បណ្តាលឱ្យ​ពលរដ្ឋ​ជាង​ពីរពាន់​គ្រួសារ​រង​ផលប៉ះពាល់​

173
ចែករម្លែក

ដោយ​: បូកគោ​
​កំពត​:
ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា និង​ការសម្រេច​បើកទ្វារ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដើម្បី​បង្ហូរទឹក​ចេញពី​អាង​ស្តុក​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​បណ្តាល​ប្រជាពលរដ្ឋ​ជាង​ពីរពាន់​គ្រួសារ​ក្នុង​ក្រុង​កំពត និង​ស្រុក​មួយចំនួន​រង​ផលប៉ះពាល់​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត បាន​បញ្ជាក់ថា ភ្លៀង​ធ្លាក់​ជាប់ៗ គ្នា នា​អំឡុង​ប៉ុន្មាន​ថ្ងៃនេះ បណ្តាលឱ្យ​ជំនន់​គ្របដណ្តប់​ភូមិសាស្ត្រ​នៃ​ក្រុង​កំពត ស្រុក​ទឹកឈូ ស្រុក​កំពង់ត្រាច ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់​លើ​ភូមិ​ចំនួន​៣៧ ក្នុង​១៤​ឃុំ​សង្កាត់ ហើយ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​២.០៨៦​គ្រួសារ​។ ក្រៅពីនោះ ក៏​បណ្តាលឱ្យ​ប៉ះពាល់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​រាប់រយ​ហិកតា​ថែម​ទៀតផង​។​

​ក្នុង​ដំណើរ​ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ហេតុការណ៍​ខាងលើ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា មិនមាន​នរណាម្នាក់​អាច​កំណត់ថា​មហន្តរាយ នឹង​កើតឡើង​នៅពេលណា​បានឡើយ​។ សំខាន់​គឺ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​បង្ការ​ទប់ស្កាត់ ព្រមទាំង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​ចាំបាច់​។ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ពេល​ជួប​ហេតុការណ៍​អាក្រក់​ណាមួយ​ដើម្បី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​។ ចំណែក​កម្លាំង​សង្គ្រោះ​ត្រូវ​ត្រៀមលក្ខណៈ​ជានិច្ច សម្រាប់​បេសកកម្ម​ជម្លៀស​ជនរងគ្រោះ​ទៅកាន់​ទីកន្លែង​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា​ជាមួយ​បាតុភូតធម្មជាតិ​នៃ​ការធ្លាក់​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ខណៈដែល​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ ក៏បាន​បើក​បង្ហៀរទឹក​ចេញពី​អាង​ស្តុក ទើប​បណ្តាលឱ្យ​បរិមាណ​ទឹក​រួមបញ្ចូល​គ្នា​បង្កើតជា​ជំនន់ នៅតាម​បណ្តា​ក្រុង​ស្រុក​តែម្តង​។ ថ្វី​ដ្បិត​បាន​ប៉ះពាល់​លើ​ដំណាំ​កសិកម្ម​មួយចំនួន​ក្តី តែ​ហេតុការណ៍​នៃ​ជំនន់​នេះ​មិន​បណ្តាលឱ្យ​មនុស្ស ឬ​សត្វពាហនៈ​ណាមួយ​រងគ្រោះថ្នាក់​ឡើយ​៕ ល​