ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ផ្ទៃដី​ដំណាំ​ស្រូវ​ជាង​១​ម៉ឺន​ហិច​តា​នៅក្នុង​ខេត្ត​៤

271

(​ភ្នំពេញ​) ៖ ជំនន់​ទឹកភ្លៀង​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧​នេះ បាន​ប៉ះពាល់​ផ្ទៃដី ដំណាំ​ស្រូវ​ជាង​១១.៨៣៨​ហិច​តា​ក្នុងនោះ​ខូចខាត​​សន្ទូង​-​ស្រូវពង្រោះ​ចំនួន​២.០៩៤​ហិច​តា នៅក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​។ នេះ​បើតាម​របាយការណ៍ របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​
​ ​
​ឆ្លើយតប​បញ្ហា​ខូចខាត​ដំណាំ​ស្រូវ​របស់​កសិករ​នេះ ក្រសួងកសិកម្ម​បាន​អះអាងថា ខ្លួន​បាន​ណែនាំ​ដល់​កសិករ​ឲ្យ​រក​ពូជ​ស្រូវស្រាល​មិន​​ប្រកាន់​រដូវ ពូជ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត និង​បន្ត​ចុះ​ធ្វើ​អន្តរាគមន៍​ជួយ​ស្ទូង ព្រោះ លើ​ការ​ស្តារឡើងវិញ​នូវ​ការខូចខាត​ដោយ​ទឹកជំនន់​​ទឹកភ្លៀង ឲ្យ​ទាន់​រដូវ​កាល​ដាំំ​ដុះ នា​ចុងរដូវ​វស្សា​នេះ​។​
​ ​
​ជាមួយគ្នានេះ ក្រសួងកសិកម្ម​បានបញ្ជាក់​ទៀតថា គិត​ត្រឹម​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧​ដំណើរការ​ការងារ​ប​ង្ក​បង្កើន​ផលដំណាំ​​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស​សម្រេចបាន ៨៦,១៥​ភាគរយ ស្មើនឹង​ផ្ទៃដី ២.១៥១.០៤៩​ហិច​តា​៕ដោយ៖វិបុល/sn