ជំនន់​ទឹកភ្លៀង​មួយ​រយៈពេល​ខ្លី​បង្ក​ភាពច្របូកច្របល់​នៅតាម​ផ្លូវ​ក្នុងក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម​

277
ចែករម្លែក

​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​បាន​ជន់​លិច​ផ្លូវ​ជា​ច្រើន​នៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម​ដោយ​ធ្វើ​ម៉ាស៊ីន​ម៉ូតូ​និង​រថយន្ត​ជាច្រើន​រលត់​មិន​ដំណើរ​​ការ​និង​បង្ក​ចរាចរណ៍​យ៉ាង​រញ៉េរញ៉ៃ​។​

​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដែល​មាន​រយៈពេល​ជិត​២​ម៉ោង​បាន​ជន់​លិច​ផ្លូវ​ជា​ច្រើន​នៅ​ទីក្រុង​ហូ​ជី​មី​ញ ដោយ​ផ្លូវ​ប្រសព្វ​នៃ​ផ្លូវ Pham Van Dong និង​ផ្លូវ​To Ngoc Van នៅ​សង្កាត់ Thu Duc ត្រូវបាន​ជន់​លិច​យ៉ាងខ្លាំង​។ អ្នកបើក​ម៉ូត​ជាច្រើន​នាក់​បាន​ឈប់​នៅ​កណ្តាលផ្លូវ​បន្ទាប់ពី​ម៉ាស៊ីន​ម៉ូតូ​របស់​ពួកគេ​រលត់ ខណៈ​ដែល​រថយន្ត​ក្រុង​ជាច្រើន​មិន​អាច​ទៅ​​ដល់​ចំណតរថយន្ត​ក្រុង​ដោយ​ទឹក​លិច​ផ្លូវ​និង​កកស្ទះ​ចរាចរណ៍​ខ្លាំង​ដោយ​បង្ខំ​ឱ្យ​ពួក​អ្នកដំណើរ​ចុះ​ចេញ ហើយ​ដើរ​ទៅកាន់​គោលដៅ​របស់​ពួកគេ​។​

​ដោយសារ​ផលប៉ះពាល់​នៃ​ព្យុះ​ត្រូពិច​និង​ខ្យល់មូសុង​និរតី ក្រុម​អ្នកជំនាញ​អាកាសធាតុ​បាន​និយាយថា តំបន់​នានា​ពី​ខេត្ត​ប៊ិញ​ធួន​( Binh Thuan)​នៅ​តំបន់​ភាគ​កណ្តាល​ភាគ​​ខាងត្បូង រហូតដល់​ខេត្ត​គៀន​យ៉ាង​(Kien Giang )​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​និង​ខេត្ត​ជាច្រើន​នៅ​ភាគខាងត្បូង នឹង​រងគ្រោះ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​មាន​ខ្យល់​ខ្លាំង​​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕​ដោយ​៖​សុខា​/sn