ជំនន់​ទឹកភ្លៀង​: ផ្អាក​ការធ្វើ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤ សាជាថ្មី

1305
ចែករម្លែក
  • 77
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: នា​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨ រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ ជូនដំណឹង​ដល់​សាធារណជន ដែល​ធ្វើ​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០-៩១ ស្ថិតនៅ​ចំណុច​ភូមិ​ទី​៣​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ជា​បណ្តោះអាសន្ន ដោយសារតែ​ទឹកជំនន់​ភ្លៀង​ហូ​រ​កាត់​ផ្លូវ​ជា​៦០០​ម៉ែត្រ ដែល​មិន​អាចធ្វើ​ចរាចរ​បាន​។​

​លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា មូលហេតុ​ដែល​មិន​ឲ្យ​​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ជា​បណ្តោះអាសន្ន​នោះ ព្រោះតែ​ជំនន់​ទឹកភ្លៀង​បាន​កើនឡើង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០​និង​៩១ ស្ថិតក្នុង​ចំណុច​មុខ​សាលា​នាយទាហាន​ចំរុះ​ថ្លុក​តាសេក ហូរ​ខ្លាំង​តាំងពី​ម៉ោង​២​និង​១០​នាទី​យប់ ឈាន​ចូល​ថ្ងៃទី​២០​ខែកក្កដា​។​

​លោក​បាន​បន្តថា សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្វែរ​ធ្វើ​ចរាចរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤១​សិន ព្រោះ​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៤ កំពុង​រង​ការគំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង​ខ្លាំង រហូតដល់​ដួលរលំ​របង​សាលា​នាយទាហាន​ថ្លុក​តាសេក​ប្រមាណ​១០​ម៉ែត្រ។ទឹកមាន​កម្ពស់​ទឹក​ហូរ​កាត់​ផ្លូវជាតិ​ជាង​៤​តឹក មិនអាច​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរបាន​។ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ បានធ្វើ​ឲ្យ​ឃុំ​ស្រុក​មួយចំនួន​ជន់​លិច​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ចំ​ណុង​ភូមិ​សាស្ត្រ​ខាងលើ ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​។​

​លោក​បាន​បន្ថែមទៀតថា សូម​បងប្អូន​សាធារណជន​ដែល​មានបំណង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ និង​ខេត្តកោះកុង​សូម​ធ្វើ​ចរាចរ និង​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤១​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ជំនន់​ទឹកភ្លៀង​ថយចុះ​ចាំ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​វិញ​៕ ល​