ជំនន់​ទឹកភ្លៀង ចាប់ផ្តើម​ស្រក តែ​ទឹក​នៅ​ស្ទឹងសែន និង​ទឹកទន្លេ​មេគង្គ បន្ត​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​

2275
ចែករម្លែក
  • 64
    Shares

.​ជំនន់​ទឹកភ្លៀង សម្លាប់​មនុស្ស ២​នាក់ នៅ​ខេត្តព្រះវិហារ

(​ភ្នំពេញ​)៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកំពត ពិសេស​នៅ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា បានចាប់ផ្តើម​ធូរស្រាល​ជា​បណ្តើរៗ​ហើយ ក៏ប៉ុន្តែ​ទឹក​នៅ​ស្ទឹងសែន​ក្នុង​ខេត្តកំពង់ធំ និង​ទឹកទន្លេ​មេគង្គ ក្នុង​ខេត្ត​​ស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម​នា​ថ្ងៃទី​២៧ ខែកក្កដា បាន​បន្ត​ឡើង ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ​។​

នា​ល្ងាច​ថ្ងៃទី ២៧ ខែកក្កដា នេះ ទឹកជំនន់​ទន្លេមេគង្គ បាន​បន្ត​ជន់​ឡើង​លិច​ចូលដល់​ភូមិ​ស្រែ​ឫស្សី ក្នុង​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មួយ​ទៀតហើយ​ក្នុង​ខេត្តស្ទឹងត្រែង ។ ការ​ជន់​លិច​នេះ គឺមាន​ជម្រៅ​ពី ០,៤ – ០,៥ ម៉ែត្រ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា គិត​ត្រឹម​ម៉ោង​៣ រសៀល ថ្ងៃទី​២៧ ខែកក្កដា​ទឹកជំនន់ នៅក្នុង​អាងទឹក​តា​ម៉ុក ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្រក​ចុះ​ប្រមាណ​០,៦០ ម៉ែត្រ​ហើយ ដោយ​មើលឃើញ​បង្កាន់ដៃស្ពាន​ឡើងវិញ​ហើយ​ទឹក​នៅតែ​បន្ត​ស្រក​ចុះ​​បន្ថែមទៀត​។ ទោះជា​បែបនេះ​ក្តី ក្រុមការងារ​របស់​ក្រសួង នៅតែ​បន្ត​អន្តរាគមន៍ ពង្រឹង​តួ​ទំនប់ ការពារ​កុំឱ្យ​ប៉ះពាល់​ដល់ផ្ទះ​សម្បែង ភូមិស្ថាន​បងប្អូន​ប្រជាពលរដ្ឋ​។​

គិត​ត្រឹម​ម៉ោង ៣ រសៀល​ថ្ងៃទី ២៧ ខែកក្កដា នេះ ទឹកជំនន់​នៅក្នុង​អាងទឹក​តា​ម៉ុក បាន​ស្រក​ចុះ​ប្រមាណ ០,៦០ ម៉ែត្រ ហើយ (​មើលឃើញ​បង្កាន់ដៃស្ពាន​ឡើងវិញ​) ហើយ​ទឹក​នៅតែ​បន្ត​ស្រក​ចុះ​បន្ថែមទៀត ។ ទោះជា​បែបនេះ​ក្តី ក្រុមការងារ​របស់​ក្រសួង នៅតែ​បន្ត​អន្តរាគមន៍​ពង្រឹង​តួ​ទំនប់ ការពារ​កុំឱ្យ​ប៉ះពាល់​ដល់ផ្ទះ​សម្បែង ភូមិឋាន​បងប្អូន​ប្រជាពលរដ្ឋ (រូប៖ធនធានទឹក)

​ក្រសួង​ធនធានទឹក បានប្រកាសថា ពិនិត្យ​ជារួម​ស្ថានភាព​ជំនន់​នៅក្នុង​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានចាប់ផ្តើម​ធូរស្រាល​​ជា​បណ្តើរៗ​ហើយ​។​
​ ​
​ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ រហូតដល់​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ក្រសួង​ធនធានទឹក លើកឡើងថា ស្ថានភាព​ទឹកស្ទឹង​សំរោង​ត្រង់ចំណុច​ស្ពាន​សំរោង ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សីលា ជំនន់​ទឹកភ្លៀង ក៏បាន​ស្រក​ចុះមក​នៅត្រឹម​កំពស់ ៥ ម៉ែត្រ​គឺ​ទាប​ជាង​ក្រិត​កំពស់​​ផ្លូវជាតិ​លេខ​៤ ចំនួន​១,២០ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ស្ថានភាព​អាកាសធាតុ នៅ​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី ២៧ ខែកក្កដា​នេះ ផ្ទៃមេឃ​នៅតែមាន​សភាព​​អួរ​អាប់ និង​មាន​ភ្លៀងរលឹម​ស្រិចៗ​ស្ទើរ​ទូទាំង​ខេត្ត​។ ឯ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​ទឹកឈូ ទឹកបាន​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​ចំនួន ០៤ ឃុំ គឺ​ឃុំ​កំពង់​គ្រែង ម៉ាក់​ប្រាំង ស្ទឹង​កែវ និង​ឃុំ​ព្រៃ​ឃ្មុំ ។ ប៉ុន្តែ គិត​ចាប់ពី​យប់​ថ្ងៃទី ២៦ ដល់​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា កំពស់​ទឹកជំនន់ ក្នុង​ខេត្តកំពត គឺ​នៅ​នឹងថ្កល់ ពុំមាន​ការកើនឡើង​បន្ថែមទៀត​ទេ​។​

​ដោយឡែក ទឹកជំនន់​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា បាននិងកំពុង​បន្ត​កើនឡើង ដែល​គិត​ត្រឹម​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ទឹក​មាន​កំពស់ ១៣,៥១ ម៉ែត្រ​, កើនឡើង ០,២១ ម៉ែត្រ បើ​ធៀប​នឹង​ម៉ោង​៧ ព្រឹក​មិញ​។ ទន្ទឹមនេះ ទឹក​ក៏បាន​បន្ត​ហូរ​ចាក់​ចូល​ទៅតាម​ព្រែក អាង​ភ្លិច​ទឹក បង​បួ​ធម្មជាតិ និង​តំបន់​ទំនាបៗ កាន់តែខ្លាំង ។​

​ស្ថានភាព​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង មកដល់​ម៉ោង ៩:៣០ នាទី ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា​បាន​បន្ត​កើន​ឡើងដល់​កំពស់ ១០,៤០ ម៉ែត្រ ដែល​កំរិត​កំពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​។ ទឹកបាន​លិច​ចូល​តាម​បណ្តា​អូរ ព្រែក​ធម្មជាតិ និង​តំបន់​ទំនាប​នានា កាន់តែច្រើន ខណៈ​ទ្វារ​ទឹក​សំណង់​ការពារ​ទឹកជំនន់​ក្រុង​ស្ទឹងត្រែង​ទាំងអស់ ត្រូវបាន​បិទ​។

​ក្រសួង​បន្ថែមថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ស្ថានភាព​កំពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ បាន​បន្ត​កើន​ឡើងដល់​កំពស់ ២០,៣០ ម៉ែត្រ ដោយ​កំរិត​កំពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ២២ ម៉ែត្រ​។​

​លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា នៅ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ ក្នុងនោះ នៅ​ខេត្តព្រះវិហារ ជំនន់​ទឹកភ្លៀង បានសម្លាប់​មនុស្ស ២​នាក់ ( ស្ត្រី​១​នាក់ និង​ក្មេង​១​នាក់ ) ហើយ​ទឹក​ស្ទឹងសែន បាន​លិច​៤​ស្រុក នៅ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ស្រុក​គូលែន និង​ក្រុង​ព្រះវិហារ​។

​លោក​កែវ​វី បន្តថា ប្រជាពលរដ្ឋ ១​ចំនួន​ជា​គ្រួសារ​កងទ័ព នៅ​ភូមិ​ធម្មជាតិ​តេ​ជោ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ត្រូវបាន​ជម្លៀស​​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​ស្រូវ​ជាង​៤០០០ ហិកតា ត្រូវ​ទឹ​លិច ខូចខាត​ផ្ទះ​១​ចំនួន និង​ស្រូវ​ក្នុង​ជ​ម្រុ​ក ៩ តោន ត្រូវ​ទឹក​លិច​។ ដោយ​​ឡែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក កែវ វី បាន​បន្តថា ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់ ២​ស្រុក គឺ​នៅ​ស្រុក​អន្លង់វែង លើស​កម្រិត​ប្រុងប្រយ័ត្ន នៅ​ទំនប់​អាងទឹក​តា​ម៉ុក និង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ជំនន់​ទឹកភ្លៀង ប៉ះពាល់ ៤​ឃុំ ដោយ​ក្នុងនោះ កងកម្លាំងប្រដាប់អាវុធ បាន​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​១៩៤ ខ្នង​ផ្ទះ ទៅកាន់​ទីទួល​សុវត្ថិភាព​៕​ដោយ​៖​ម៉េង​ឆៃ​