ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ចាំ​យាម​ជាង​៤០​គ្រួសារ​

473
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
ជំនន់​ទឹកភ្លៀង​បាន​លិច​ផ្លូវ និង​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ យ៉ាងគំហុក ដែល​កំពុង​រស់នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បង្ក​ការរំខាន​ដល់​កា​រស់នៅ​ប្រកប​របរ​រកស៊ី និង​ខូចខាត​ទ្រព្យ សម្បត្តិ​មួយចំនួន​ផងដែរ​។​

​ជា​លើកដំបូង​ហើយ ដែល​ប្រជាពលរដ្ឋ ភូមិ​ចាំ​យាម បាន​ទទួលរង​ជំនន់​ទឹកភ្លៀង​យ៉ាង​ដូច្នេះ​មិន​ធ្លាប់មាន​ពីមុនមក ព្រោះតែ​អ្នកមានអំណាច​នៅក្នុង​មូលដ្ឋាន​ម្នាក់​លួច​សាងសង់​ផ្ទះ​លើ​ប្រព័ន្ធ​ប្រឡាយ​លូ​ប្រអប់ ទោះបីជា​ពួក គាត់​ធ្លាប់​ស្នើ​សុំឱ្យ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក ចុះ​ពិនិត្យ​មាន​វិធានការ​ដោះស្រាយ​យ៉ាងណាក៏ដោយ​។​

​បើតាម​លោក ចំរើន តំណាងឱ្យ​ពលរដ្ឋ​ជាង​៤០​គ្រួសារ កំពុង​រស់នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា នេះ​ថា រូបលោក និង​ពលរដ្ឋ​ដែល​រង​ប៉ះពាល់ ទៅ​ថ្ងៃមុខ ប្រសិនបើ​អ្នកមានអំណាច​ម្នាក់​នោះ នៅតែ​មិន​ពុំ​សហការ​កែសម្រួល​ប្រព័ន្ធ​លូ​ចេញ​ទេ​ច្បាស់​ជា បន្ត​រង​ការ​ជន់​លិច​បន្ថែម​ទៀតហើយ​។ បរិមាន​ទឹកភ្លៀង​ល្មមៗ​ជា​មិនជា​បញ្ហា​ធំដុំ​ប៉ុន្មាន ជាក់ស្តែង​អាកាសធាតុ​ប្រែប្រួល​មាន​ភ្លៀង​ច្រើនណាស់​។​

​ភាព​ប្រឈម​អស់នេះ ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​ឃុំ​ប៉ាក់​ខ្លង និង​អភិបាលស្រុក​មណ្ឌលសីមា ចុះ​មាន​វិធានការ​ពិនិត្យ​ដោះស្រាយ​ផងដែរ ប៉ុន្តែ​ស្ងាត់ស្ងៀម​គ្មាន​ដំណឹង​អ្វី​នោះទេ ពោល​គឺមាន​ត្រឹមតែ​ចុះមក​មើល​ប៉ុណ្ណោះ​។ ដោយ​ពុំ​ដឹងថា អាជ្ញាធរ​ខ្លាច​អំណាច​បុគ្គល​សង់ផ្ទះ​លើ​ប្រឡាយ​លូ​នោះ​ឬ​យ៉ាងណាទេ​។ ករណី​គ្មាន​ដោះស្រាយ បន្ទាន់​ពិតប្រាកដ​ណាមួយ​ទេ អាច​នឹងមាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​តែម្តង​។​

​លោក អៀ កុសល មេឃុំ​ប៉ាក់​ខ្លង ក៏បាន​ទទួលស្គាល់​លំបាក​របស់​ពលរដ្ឋ ដោយ​លោក​អះអាងថា កន្លងទៅ អាជ្ញាធរ​មេ និង​ឃុំ​បាន​ចុះ​ពិនិត្យ​វាស់វែង​ឃើញថា មានការ​សង់​លើ​ប្រព័ន្ធ​លូ​ពិតប្រាកដ​មែន ក្រោយ​លោក​ចេញ​លិខិត​រុះរើ​៣​លើក​ដល់​ម្ចាស់ផ្ទះ​ឈ្មោះ តា​សា​រ៉ែ​ន ហៅ​ម៉ែ​អា​ម៉ាច ជួយ​កែសម្រួល​ប្រព័ន្ធ​លូ​ឡើងវិញ​ដែរ ក៏ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​សហការ​ជាមួយ​នោះទេ​។ កន្លងទៅ អាជ្ញាធរ​ធ្លាប់​សុំ​ធ្វើ​អនាម័យ​ស្អាត​ប្រឡាយ​លូ​ខាងលើ គ្រា​មាន​សំរាម​គ្រប់​ប្រភេទ​ក្នុង​ប្រអប់​លូ ជៀសវាង​កកស្ទះ​ចរន្ត​លំហូរ​ទឹកភ្លៀង​។​

​លោក​មេឃុំ​ប៉ាក់​ខ្លង អះអាង​ទៀតថា ត្បិត​សុំ​កិច្ចសហការ​ពី​ម្ចាស់ផ្ទះ​ជាច្រើន​មែន ម្ចាស់​ដែល​គេ​ចាត់ទុកថា អ្នក​អំណាច​នោះ​នៅតែ​មិន​ធ្វើតាម​ការ​វិធានការ​អា​ជ្ញា​ធ​រដ្ឋបាល​មូលដ្ឋាន​ដដែល​។ ទើប​លោក​សុំ​អន្តរាគមន៍​ពី​អភិបាលស្រុក ដើម្បី​មាន​ចំណាត់​ការបន្ត​។​

​ដោយឡែក លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា​វិញ ឆ្លើយតប​ថា មិន​ខុសពី​អាជ្ញាធរ​ឃុំ​នោះទេ ក្នុងនាម​លោក​ជា​អភិបាលស្រុក​ក៏បាន​ចុះ​សម្រុះសម្រួល​ជាច្រើន​អស់ពី​សមត្ថភាព​ហើយ​ដែរ ដើម្បី​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។ ដោយនិយាយ​លោក​បានធ្វើ​កំណត់ និង​ប​ញ្ចូ​ន​របាយការណ៍​ទៅ​ចំណាត់​ការបន្ត​ពី​អាជ្ញាធរ ខេត្ត ជាក់ស្តែង គិត​មកទល់ពេលនេះ​ទៅ ខាង​អភិបាលខេត្ត​នៅ​មិនទាន់​ឃើញ​ឆ្លើយតប​ថា ត្រូវធ្វើ​យ៉ាងណាទេ​។​

​គួរ​កត់សម្គាល់ថា នៅ​ភូមិ​ចាំ​យាម ពុំមែន​ទាន់​ពលរដ្ឋ​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង ព្រោះតែ​អ្នក​អំណាច​ម្នាក់​ខាងលើ​ទេ គឺ​២​រូប​ផ្សេងទៀត​ដែល​សង់ផ្ទះ​លើ​ប្រព័ន្ធ​លូ ដើម្បី​ចង់​ឈ្នះ​ពលរដ្ឋ អ្នក​អំណាច​ទាំងនោះ​ជួល​មេធាវី​ការពារ​ក្តី​អោយ​ខ្លួន​ទៀត ករណី​មានការ​ប្តឹងផ្តល់​ណាមួយ​៕ ល​