ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់​ប្រជាជន​ជាង​៤.០០០​គ្រួសារ​

1135
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​គិត​ត្រឹម​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​ជំនន់​ទឹកភ្លៀង​បាន​ស្រក​នៅ​តំបន់​ខាងលើ ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ផ្នែក​ខ្លះ​នៃ​ខេត្តកំពង់ស្ពឺ​។ ក៏ប៉ុន្តែ​ជំនន់​ទឹកភ្លៀង បាន​ឡើង​ជន់​លិច​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​និង​នៅក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ចំណែក​នៅ​ខេត្តកំពត ទឹក​លិច​នៅ​នឹង​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​កម្រិត ១០០ ម​ម នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ៩០ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នា​ព្រឹក​ថ្ងៃទី ២០ ខែកក្កដា នេះ(រូបថតក្រសួងធនធានទឹក)

​លោក កែវ វី ថ្លែងថា នៅ​ថ្ងៃទី​២០ ខែកក្កដា ទឹក​ហូរ​តាម​ស្ទឹង​ព្រែក​ត្នោត ពី​ខេត្តកំពង់ស្ពឺ បាន​បង្ក​ការ ជន់​លិច​នៅតាម​បណ្តោយ​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ទឹកដី​ខណ្ឌដង្កោ​លិច​៦​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​។​រីឯ​នៅ​ខេត្តតាកែវ​ហាក់ដូចជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ដោយសារតែ​ទឹក​ហូរ​ពី​ខេត្តកំពង់ស្ពឺ​។​

​ពាក់ព័ន្ធ​នឹង​របាយការណ៍​ប៉ះពាល់ និង​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្ត​បាត់ដំបង និង​ខេត្តកំពត គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ត្រូវបាន​លោក កែវ វី បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​ខេត្ត ចំនួន ៤៥៣៦ គ្រួសារ ហើយ​ក្នុងនោះ មាន​ប្រជាជន ត្រូវបាន​ជម្លៀស​ពី​ផ្ទះ​លិច​ទឹក ទៅកាន់​ទីទួល​សុវត្ថិភាព ចំនួន ១.០៧៩​គ្រួសារ​។​ខូចខាត​ផ្ទះ​៦​ខ្នង​ទឹក​លិច​សាលារៀន​ប្រាំបី​កន្លែង​,​លិច​វត្ត​ពីរ​និង​លិច​សាលារៀន​របស់​បងប្អូន​ខ្មែរ​អ៊ីស្លាម ចំនួន​ប្រាំមួយ កន្លែង​។ ក្រៅពីនោះ ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​ទាំង​ប្រាំ​នេះ ក៏បាន​លិច​ដំណាំ​ស្រូវ សរុប​ចំនួន ៣.៩៩៥ ហិត​កា និង​ដំណាំ​បន្លែ​នានា សរុប​ចំនួន ៩៤៤ ហិតា​។ ខូចខាត​ស្ពានឈើ​ពីរ នៅក្នុង​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តកំពត​។​

​ពាក់ព័ន្ធ​នឹង​សភាពការណ៍​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន រាយការណ៍​ថា ជំនន់​ទឹកភ្លៀង​តាម​ស្ទឹង​ព្រែក​ត្នោត បាន​ជន់​លិច​ផ្ទះ​នៅ សង្កាត់​ចំនួន​ប្រាំមួយ រួមមាន​៖ សង្កាត់​គង​ន​យ​, ស្ពានថ្ម ,​សាក់​សំពៅ ,​ទៀន ព្រៃ​ស និង​សង្កាត់​ជើងឯក​។ ក្នុងនោះ ភូមិ​ចំនួន ១៩​ភូមិ ត្រូវ​ទឹក​ជន់​លិច ដោយមាន​ប្រជាជន​ចំនួន ១៩៦ គ្រួសារ ដែល​ត្រូវបាន​កងកម្លាំង ជួយ​ដឹកជញ្ជូន​សម្ភារ និង​សត្វពាហនៈ ទៅកាន់​ទីទួល​សុវត្ថិភាព​៕សរន

បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​កម្រិត ១០០ ម​ម នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ៩០ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នា​ព្រឹក​ថ្ងៃទី ២០ ខែកក្កដា នេះ(រូបថតក្រសួងធនធានទឹក)