ជំនន់​ទឹក​ទន្លេស្រែពក​ចាប់ផ្តើម​លិច​ភូមិដ្ឋាន​ពលរដ្ឋ​

160
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​អាកាសធាតុ​នៅតែ​បន្ត​ច្របូកច្របល់​ដោយសារ​ព្យុះ​ទី​៩​និង​ទី​១០​បាន​ក្លាយទៅជា​ព្យុះកំបុតត្បូង​តែ​មិនមាន​ឥទ្ធិពល​ដោយផ្ទាល់​ដល់​កម្ពុជា​ទេ​តំបន់​មាត់សមុទ្រ​និង​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​កម្ពុជា​វៀតណាម​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ច្រើន​អាច​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៨​ខែសីហា​ថា​ព្យុះ​ទី​៩​និង​ព្យុះ​ទី​១០​ដែល​បាន​ក្លាយទៅជា​ព្យុះកំ​បុ​ត្បូង​មានដំណើរ​ទៅរក​ភាគ​ខាងកើត​ប្រទេស​ចិន​នោះ​មិនបាន​អូសទាញ​ទៅជា​មួយ​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​តំបន់​អាង​ទន្លេមេគង្គ​នោះទេ​។​ក្នុងនោះ​ក៏​មិនបាន​ធ្វើឱ្យមាន​ឥទ្ធិពល​ហ្វឺ​ន​ខ្លាំង​នៅ​តំបន់​ក្រោយ​ជួរ​ភ្នំក្រវាញ ដែរ ដោយ សារ​ខ្យល់​នៅ​កម្ពស់​លើសពី​៥.០០០​ម៉ែត្រ​បក់​មកពី​ទិស​ពាយព្យ​។​

​អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ថា​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​ធ្វើឱ្យ​តំបន់​មាត់សមុទ្រ​និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ទៀត​អាច​នឹង​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​។​នៅថ្ងៃនេះ​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​មាន​ជំនន់​ទឹកភ្លៀង​ឯ​ខេត្ត​រតនគីរី​មាន ជំនន់ ទឹក​ទន្លេស្រែពក​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹងថា​ទន្លេស្រែពក​នៅ​ចំណុច​ស្រុក​លំផាត់​ខេត្ត​រតនគីរី​ទឹកទន្លេ​បាន​ឡើង​ហួស​ពី​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រយ័ត្ន​ហើយ​ប្រជាពលរដ្ឋ​ត្រូវបាន​ជន្លាស​ចេញពី​តំបន់​មានការ​លិចលង់​ទៅរក​ទីទួល​សុវត្ថិភាព​ហើយ​នៅ​រសៀល​ថ្ងៃទី​៨​ខែសីហា​នេះ​។​ស្ថានភាព​អាកាសធាតុ​ពេលនេះ ស្ថិត ក្នុង ភាពច្របូកច្របល់​ខ្លាំងណាស់​។​

​លោក​ចាន់​ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគីរី​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​ថា ទឹក​ទន្លេស្រែពក​បាន​ហក់ ឡើង​យ៉ាង​លឿន​កាលពី​ថ្ងៃទី​៧​ខែសីហា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់ ផ្ទៃ​រងទឹក​ភ្លៀង​ក្នុងប្រទេស​វៀតណាម​និង​ខេត្ត​មណ្ឌល​គី​រី ។ នៅ​រសៀល​ថ្ងៃនេះ ទឹកបាន​ឡើងដល់​កម្ពស់​១២.១៤​ម៉ែត្រ​និង​នៅ​បន្ត​ឡើង​ថែមទៀត គឺ​ឡើង​ហួស​ពី កម្រិត​កម្ពស់​ត្រូវ​ប្រកា​ស​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ហើយ​។​

​ប្រធាន​មន្ទីរ​ខាងលើ​បាន​បញ្ជាក់ថា​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​គឺ​នៅពេល​ទឹក​ឡើងដល់​កម្ពស់​១១.៥០​ម៉ែត្រ​តែ​ពេលនេះ​ទឹកបាន​ឡើង​ខ្ពស់​ហួស​ពី​១២​ម៉ែត្រ​នាំឱ្យមាន​ការលិចលង់​ផ្លូវថ្នល់​ផ្ទះ សម្បែង និង ដំណាំ​ស្រូវ​។

ប្រជា ពលរដ្ឋ​នៅក្នុង​ឃុំ​ចំនួន​បី​របស់​ស្រុក​លំផាត់​ដែល​រង​ការ លិច លង់ បាន​ភៀស ខ្លួន​ចេញទៅ​រក​ទីទួល​សុវត្ថិភាព​ហើយ​។ ឯ​ភូមិឋាន​មួយចំនួន​នៅក្នុង​ស្រុក​កូន​មុំ ក៏មាន​ការលិចលង់​ដែរ​៕S/

ជំនន់​ទឹក​ទន្លេស្រែពក​អាជ្ញាធរ​ជួយ​ជញ្ជូន​សម្ភារៈ​ពលរដ្ឋ​ដែល​លិច​ដោយ​ជំនន់​ទឹក​ទន្លេស្រែពក​