ជំនាញ​កាំកុងត្រូល​ចុះ​អប់រំ​ផ្សាយ​ផ្សាយ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ឱ្យ​យល់ដឹង​ពី​សុវត្ថិភាព​ម្ហូបអាហារ

342

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ ដល់​លោកគ្រូ​-​អ្នកគ្រូ នៅ​សា​បឋមសិក្សា​ជាំ​ក្សាន្ត ក្នុងភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​ដួង​មុន្នី​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បាន​ថ្លែងថា​ការចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ដែលជា​គ្រូ​កម្រង​នៅ​សាលាបឋមសិក្សា​ជាំ​ក្សាន្ត​នៅពេលនេះ​គឺ​ចង់ឱ្យ​ពួកគាត់​យល់ដឹង​អំពី​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​ដើម្បីឱ្យ​ពួកគាត់​យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​សិ​ស្ក៏​ដូចជា​ប្រជាពលរដ្ឋ​ក្នុង​សហគម​របស់គាត់​ឱ្យមាន​ការយល់ដឹង​បន្តទៀត​ផងដែរ​។​

​លោក​បាន​បន្តថា​«​បើសិនជា​ពួកគាត់​ជា​គ្រូ​បាន​យល់ដឹង​ពី​សុវត្ថិភាព​និង​គុណភាព​ចំណីអាហារ​បានច្បាស់លាស់​នោះ​ហាក់បីដូចជា​បាន​ចូលរួម​ក្នុងការ​កាត់បន្ថយ​ការចំណាយ​នៅក្នុង​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយផ្នែកធំ​ដែរ​។ ប៉ុន្តែ​បើ​យើង​មិនបាន​យល់ច្បាស់​ពី​សុវត្ថិភាព​និង​គុណភាព​ចំណីអាហារ​ទេ​ចេះតែ​ទិញ​មក​បរិភោគ​មិនបាន​ត្រួត​ពិនិត្យមើល​នោះ ច្បាស់​ជា​ប៉ះពាល់​ដល់​សុខភាព និង​មាន​ជំងឺ​ផ្សេងៗ​នាំឱ្យ​ក្រុមគ្រួសារ​ខាតបង់​ថវិកា​ក្នុងការ​ព្យាបាល​ជំងឺ​មិន​ខាន ហើយ​ក្រៅពីនោះ​ធ្វើឱ្យ​ខាតបង់​ពេលវេលា ក្នុងការ​ប្រកប​របរ​ផ្សេងៗ​មិន​ខាន​»​។​

​ជាមួយគ្នានេះដែរ​លោក​ដួង​មុន្នី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​គ្រូ​បង្គោល​ទាំងអស់​ដែល​បានមក​រៀន​នៅពេលនេះ ពេល​ត្រឡប់​ទៅវិញ ត្រូវធ្វើ​ការផ្សព្វផ្សាយ​បន្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង ពិសេស​មុន​និង​ទិញ​គ្រឿងឧបភោគ​បរិភោគ​ដែល​គេ​វេច​ខ្ចប់​ជា​កំប៉ុង​ក្តី​ជា​ដប​ក្តី​ឬ​ជា​ថង់​ក្តី​ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា​ឬ​កាលបរិច្ឆេទ​ដែលមាន​បិទ​ឬ​បោះ​ពុ​ម្ភ​ភ្ជាប់​នៅតាម​កំប៉ុង​ដប​ថង់​ទាំងនោះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការប៉ះពាល់​សុខភាព​៕S/​