ជំនាញ​ថា​កសិករ​ចិញ្ចឹម​ជ្រូក​គប្បី​ជ្រើសរើស​ពូជ និង បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​

1197
ចែករម្លែក
  • 2
    Shares

​​ដោយៈ មេសា​/ភ្នំពេញៈ លោក ជេ​ត ភិរម្យ ប្រធាន​ស​គម្ម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានលើកឡើង​ពី​ចំណុច​ខ្វះខាត​របស់​កិ​សករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ថា  ឧទ្ទាហរណ៍​ដ៏​សាមញ្ញ​មួយ​គឺ​កសិករ​មួយចំនួន មិន​ទិញ​ជ្រូក​ពូជ​ពី​ក្រុមហ៊ុន​ទេ ព្រោះ​គាត់​ស្តាយ​លុយ ពេល​ឃើញ​ជ្រូក​របស់គាត់​ណា​ល្អ ពួកគាត់​ក៏​ទុក​ប៉ុន្មាន​ក្បាល​សម្រាប់ធ្វើ​ពូជ​ដោយ​ខ្លួន​គាត់ ។ ឧបមា​ថា ជ្រូក​ពូជ​ទិញ​ពី​ក្រុមហ៊ុន ក្នុង ១ ឆ្នាំ បង្កើតកូន ២ ដង ហើយ​កូន​ម្តង​បាន ១០ ក្បាល ។ ចំណែក​ជ្រូក​ដែល​កសិករ​យកចេញ​ពី​កូនជ្រូក​របស់គាត់ ខ្លះ ១ ឆ្នាំ កូន​បានតែ​ម្តង ហើយ​កូន​បានតែ ៥ ឬ ៦ ក្បាល​ប៉ុណ្ណោះ ហើយ​កូនជ្រូក​ទាំងនោះ​ស្លាប់​អស់ ២ ឬ ៣ ក្បាល​ទៀត ចំនួន​កូនជ្រូក​របស់គាត់ ក៏​នៅ​កាន់តែ​តិច ពោលគឺ​ផលចំណេញ​របស់​កសិក​រ តិច ឬ មិន​ចំណេញ​សោះ រហូតដល់​ខាត​តែម្តង​ក៏មាន ។ ប្រការនេះ ដោយសារ​មូលហេតុ ២ យ៉ាង គឺ ទី ១. ការជ្រើសរើស​ពូជ​ចិញ្ចឹម​មិនបាន​ត្រឹមត្រូវ , ទី ២. កសិករ​ខ្វះ​បច្ចេកទេស ចិញ្ចឹម និង ថែទាំ​ជ្រូក  ។​

លោក ជេ​ត ភិរម្យ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា

​ដោយហេតុនេះ លោក ជេ​ត ភិរម្យ បានផ្តល់​អនុសាសន៍​ថា កសិករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា គប្បី​ប្តូរ​ទស្សនៈ​ពោលគឺ​មិន​គប្បី​ជ្រើស​រើសយក​ជ្រូក​ដោយ​ខ្លួនឯង​សម្រាប់​ធ្វើជា​ជ្រូក​ពូជ​ទេ គឺ​គប្បី​ជ្រើសរើស​ជ្រូក​ពូជ​ពី​ក្រុមហ៊ុន​ឯកទេស ព្រោះ​ក្រុមហ៊ុន​បង្កាត់​ពូជ​តាម​បច្ចេកទេស​ត្រឹមត្រូវ និង ឆ្លងកាត់​ការពិសោធន៍​ច្បាស់លាស់ នឹង ធានាបាន​នូវ​ប្រសិទ្ធភាព និង គុណភាព ។ មិនតែប៉ុណ្ណោះ ពេល​ទៅ​ទិញ​ជ្រូក​ពូជ​ពី​ក្រុមហ៊ុន​ណាមួយ ក្រុមហ៊ុន​នោះ មិនមែន​គ្រាន់តែ​លក់​ជ្រូក​ពូជ​ជូន​កសិករ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ ក៏​នឹង​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដល់​កសិករ​ក្នុងការ​ចិញ្ចឹម និង ថែទាំ​ជ្រូក​ពូជ និង កូនជ្រូក​ផងដែរ ។


​តាមរយៈ​ការទិញ​ជ្រូក​ពូជ​ពី​ក្រុមហ៊ុន​ឯកទេស​ច្បាស់លាស់ ហើយ​ក្រុមហ៊ុន​ជួយ​បង្រៀន​នោះឯង​ហើយ ដែល​ធ្វើឱ្យ​កសិករ​ទទួលបាន​ជ្រូក​ពូជ​ដែល​ត្រឹមត្រូវ​ច្បាស់លាស់​ផង និង ទទួលបាន​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម និង ថែទាំ​ជ្រូក​មួយកម្រិត​ផង ធ្វើឱ្យ​មេ​ជ្រូក​បង្កើតកូន​បាន​ត្រឹមត្រូវ​ទៅតាម​ពេលវេលា​ដែល​កសិករ​ចង់បាន​ផង ជ្រូក​កូន​បាន​ច្រើន​ផង ហើយ​កូនជ្រូក​មាន​សុខភាព​ល្អ​នៅរស់​បាន​លក់​ដោយ​ពេញ​ថ្លៃ​ផង ធ្វើឱ្យ​កសិករ​ចៀសវាង​បាន​នូវ​ការខាតបង់ ថែមទាំង​អាច​ចំណេញ​បាន​ច្រើន​ទៀតផង ។

​សូមជម្រាបថា បន្ទាប់ពី​បាន​ដាំ​ក្បាល​ចុះ​អស់​រយៈពេល​ប្រមាណ​ជា ២ ឆ្នាំ ធ្វើឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជា ៥០ ភាគរយ បាន​ខ្ស័យធន​មក ចាប់​តាំង​ខែ មេសា តម្លៃ​ជ្រូក​នៅ​កម្ពុជា បាន​ស្គាល់​ភាពល្អប្រសើរ ដោយ ជ្រូក​រស់ ១ គីឡូក្រាម តម្លៃ​ចាប់ពី ៨.៤០០ រៀល ដល់ ៩.០០០ រៀល ហើយ​ត្រូវបាន​គេ​រំពឹងថា​តម្លៃ​ល្អប្រសើរ​នេះ នឹង​រក្សា​បានយូរ​គឺអាច​រហូតដល់ ២ ឬ ៣ ឆ្នាំ​ឯណោះ ដែល​បានសេចក្តីថា ពេលនេះ​គឺជា​ឱកាសល្អ​សម្រាប់​អ្នក​ប្រកបមុខរបរ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ដោយសារ​ចាប់ពីពេលនេះ​តទៅ នឹងមិន​មានការ​គំរាមកំហែង​ពី​សំណាក់​ជ្រូក​នៅ​ប្រទេសជិតខាង​ដូច​កាលពីពេល​កន្លងទៅ​ទៀតឡើយ ៕ Kh

​ការទិញ​ជ្រូក​ពូជ​ពី​ក្រុមហ៊ុន​ឯកទេស មិនមែន​ជាការ​ខ្ជះខ្ជាយ​ថវិកា​ឡើយ