ជំនាញ​ផ្នែក​បច្ចេកទេស​កំពុងមាន​ទីផ្សារ​ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត​

475

(​ភ្នំពេញ​) : ខណៈ​កម្ពុជា​ជា​ប្រទេស​កំពុងតែ​អភិវឌ្ឍ​ដែល​ត្រូវការ​ចាំបាច់​នូវ​កម្លាំង​ពលកម្ម និង​ធនធានមនុស្ស​ដែលមាន​ជំនាញ​ផ្នែក​​បច្ចេកទេស ត្រូវបាន​គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ហៅ​កាត់ NTTI បញ្ជាក់ថា​តម្រូវការ​ទីផ្សារការងារ​ខាង​​ផ្នែក​បច្ចេកទេស​មាន​ច្រើន​ក្នុងពេល​បច្ចុប្បន្ន និង ពេលអនាគត​។​
​ ​
​ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកយក​ព័ត​មាន​រស្មី​កម្ពុជា លោក សួរ សុជាតិ គ្រូ បង្រៀន​នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​​ខាង​ជំនាញ​ផ្នែក​វិស្វកម្ម​អគ្គិសនី បាន​ឲ្យ​ដឹង​ទៀតថា តម្រូវការ​ទីផ្សារការងារ​ខាង​ផ្នែក​បច្ចេកទេស​នេះ​ជាក់ស្តែង​នៅក្នុង​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ត្រូវការ​អ្នកជំនាញ បច្ចេកទេស​ជាច្រើន​កន្លែង​ក្នុង​មួយឆ្នាំៗ ដូចជា​៖ ផ្នែក​អគ្គិសនី អេ​ឡិច​ត្រូ​និ​ច សំណង់​ស៊ីវិល បរិក្ខា​ត្រជាក់ និង​ព័ត​មាន​វិទ្យា​។​ល​។ ឲ្យ​តែ​បុគ្គល​នោះ​មាន​ជំនាញ​ច្បាស់លាស់ សមត្ថភាព​ខ្ពស់ ទាំង​ការអនុវត្ត និង​ទ្រឹស្តី និយោជក​ក៏ដូចជា​ម្ចាស់​​ក្រុមហ៊ុន គឺ​ពេញ​ចិត្តនឹង​ទទួលយកបាន​ព្រមជាមួយ​នឹង​ប្រាក់​បៀរ​វត្សរ៍​ខ្ពស់​ផងដែរ​។​
​ ​
​ទាក់ទង​នឹង​ជំនាញ​ផ្នែក​វិស្វកម្ម​អគ្គិសនី លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោក​មើលឃើញថា​និស្សិត​បាន​ងាក​មក​ចាប់អារម្មណ៍​សិក្សា​​លើ​ជំនាញ​បច្ចេកទេស​នេះ​ច្រើន ដោយសារតែ​ឱកាស​ទីផ្សារការងារ​នៅ មាន​កម្រិត​ធំ​ទូលាយ​សម្រាប់​ពួកគាត់​ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​ក្រោយពី​ពួកគាត់​បញ្ចប់​ការសិក្សា​ពួកគាត់​នឹង​មានឱកាស​ទទួលបាន​ការងារ​យ៉ាង​ងាយស្រួល​។​ទន្ទឹមនឹង​គ្នា លោក​បាន​ស្នើដល់​សិស្ស​និស្សិត​ថា មុននឹង​សម្រេចចិត្ត​រៀន​អ្វីមួយ ត្រូវ​សម្លឹង​មើលទៅ​ថ្ងៃ​អនាគត កុំ​សម្លឹងមើល​តែ​ពេលបច្ចុប្បន្ន​ត្រូវ​គិត​ឲ្យ​បាន ឆ្ងាយ​ថា​ក្រោយ​បញ្ចប់​ការសិក្សា​លើ​មុខជំនាញ សព្វថ្ងៃ ថា​តើ​ទីផ្សារការងារ​ប្រភេទ​ណា​ដែលមាន​ការងារ ធ្វើ​ច្រើន​។​
​ ​
​និស្សិត​ឆ្នាំ​ទី​៤ ខាង​ផ្នែក​វិស្វកម្ម​អគ្គិសនី ឈ្មោះ ចាន់ មុន្នី បាន​ឲ្យ​ដឹងថា មូលហេតុ​ជំរុញ​ឲ្យ​ចាប់យក​ជំនាញ​នេះ​គឺ​ផ្អែកលើ​កត្តា​សំខាន់​​ចំនួន​ពីរ​គឺ ទី​១.​ដោយសារ​ទីផ្សារការងារ​ជំនាញ​ផ្នែក​បច្ចេកទេស​នៅមាន កង្វះខាត និង​កត្តា​ទី​២.​ជាការ​ស្រ​ម៉ៃ​និង​ចូលចិត្ត​តាំងពី​វ័យក្មេង ពិសេស​ចង់​ជំរុញ​ឲ្យ​ជំនាញ​នេះ​កាន់តែ​រីក ចម្រើន​នា​ថ្ងៃ​អនាគត ខណៈដែល​កម្ពុជា​ត្រូវបាន​មើលឃើញថា​ផ្នែក​ឧស្សាហកម្ម​បច្ចេកទេស និង​ឧស្សាហ​- កម្ម​ពាក់កណ្ដាល​ស្វ័យ​ប្រ​វ​ត្ដិក​ម្ម​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​ចាប់អារម្មណ៍ និង​មក​ធ្វើការ​វិនិយោគ​ជា​បន្ដបន្ទាប់ ដូចជា​ការដំឡើង និង​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី ឬ​គ្រឿងបន្លាស់​រថយន្ដ​ជាដើម​។
​ ​
​យុវជន ចិន្តា ចិ​ត្រា ជា​និស្សិត​ខាង​ផ្នែក​វិស្វកម្ម​អគ្គិសនី​ដូចគ្នា បាន​អំពាវនាវ​ដល់​សិស្ស​ដទៃ​ផ្សេង ទៀតថា​គួរតែ​ងាក​មក​ចាប់យក​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ព្រោះថា​ប្រទេស​អភិវឌ្ឍន៍​គឺ​ខ្វះ​ធនធាន ជំនាញ​បច្ចេកទេស​។​ពិសេស​ស្នើ​ដល់​សិស្ស​នារី​សុំ​កុំ​គិតថា​​ជំនាញ​ទាំងនេះ អាច​សិក្សា​បានតែ​សិស្ស​បុរស ផ្ទុយទៅវិញ​ជំនាញ​នេះ​អាច​រៀន​បាន​ទាំង​ស្សិស​នារី និង​បុរស​ព្រោះ​មុខវិជ្ជា​នេះ​មាន​ជំនាញ​ខុសៗ​គ្នា​ជាច្រើន ប្រភេទ​។​

​គួររម្លឹកថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ប្រមុខ​រដ្ឋា​-​ភិ​បាល​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​អនុវត្តន៍​គោល​នយោបាយ​ជាតិ​នយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥​រួមគ្នា​ជំរុញ​វិស័យនេះ​ឲ្យ​កាន់​​តែ​ទូលំទូលាយ​និង​មាន​គុណភាព​ការងារ ជាមួយនឹង​ការប្រកួតប្រជែង​ដែល​បំពេញ​នូវ​តម្រូវ​ការងារ​នាពេល​បច្ចុប្បន្ន​និង​ក្នុងពេល​​អនាគត​។

​ការរៀបចំ និង​ដាក់ចេញ​នូវ​គោលនយោបាយ​នេះ បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​នៃ​ការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ជាពិសេស​រួមចំណែក​ក្នុងការ​អភិវឌ្ឍន​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ការងារ​សមរម្យ ព្រមទាំង​ធានា គុណភាព និង​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម​ដែល​អាច​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយ បណ្តា​ប្រទេស​ក្នុង​តំបន់​៕​ដោយ : ពៅ និមល​/sn