ជំនាញ​ព្យាករណ៍ៈ​ឆ្នាំនេះ​ការ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់​

1414
ចែករម្លែក
ទិដ្ឋភាពភ្លៀងកក់ខែនៅខេត្តប៉ៃលិននារសៀលថ្ងៃទី២៦មេសានេះ(រូបក្រសួងធនធានទឹក)

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដូវវស្សា​ឆ្នាំ​២០១៨​នេះ​ឆាប់​ចូល​មកដល់​ជាមួយនឹង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ច្រើន តែ​មិន​ច្រើន​ដូច​ក្នុង​ឆ្នាំ​២០១៧​ន​ទេ ។ នៅ​កណ្តាល​រដូវ វស្សា​ការ​ប្រឈម​នឹងមាន​ជំនន់​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​។​
​ ​នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​លើក​ទី​២​សម្រាប់​រដូវវស្សា​ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានសរសេរថា​យោងតាម ការពិនិត្យ​តាមដាន​និង​ព្យាករណ៍​ពី​ស្ថានភាព​អាកាសធាតុ​នៅលើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​និង​សមុទ្រ​ចិន​ខាងត្បូង​(​ក្បែរ​អេ​ក្វាទ​រ័​)​បានបង្ហាញ​ថា​នៅ​ដើមរដូវ​វស្សា​ឆ្នាំ​២០១៨​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល រង​ឥទ្ធិពល ពី​បាតុភូត​អ៊ិន​សូ​(ENSO)​និង​ឡា​នី​ណា​(LaNina)​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​និង​ចាប់បី​ពាក់កណ្តាល​រដូវវស្សារ​ហូត ដល់​ចុងរដូវ​វស្សា​នឹង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត អ៊ិន​សូ​(​ស្មើ​មធ្យម​ភាគច្រើន​ឆ្នាំ​) ដែល​តាម​ការវិភាគ​លើ​របាយ ទឹកភ្លៀង​និង​កម្រិត​សីតុណ្ហភាព​បានបង្ហាញ​ថា​រដូវវស្សា​ឆ្នាំ​២០១៨​បរិមាណ​ទឹកភ្លៀង​ជាទូទៅ​អាច​នឹង​ប្រហាក់ប្រហែល​ឬ​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។​

ទិដ្ឋភាពភ្លៀងកក់ខែនៅខេត្តប៉ៃលិននារសៀលថ្ងៃទី២៦មេសានេះ(រូបក្រសួងធនធានទឹក)

​ ​ក្នុង​សេចក្តីជូនដំណឹង​បាន​បរិយាយ​យ៉ាង​លម្អិត ដោយ​ចែកចេញជា​តំបន់​និង​ពេលវេលា​ថា រដូវវស្សា​ឆ្នាំ​២០១៨​នឹង​ចាប់ផ្តើម​មកដល់​នៅ​ដើម​សប្តាហ៍​ទី​១​នៃ​ខែឧសភា​និង​បញ្ចប់​ទៅវិញ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។​
​ ​ស្ថានភាព​អាកាសធាតុ​នៅ​ដើមរដូវ​វស្សា​សម្រាប់​តំបន់​ទំនាប​កណ្តា​លអាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។​តំបន់​ខ្ពង់រាប​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​និង​តំបន់​មាត់សមុទ្រ​អាច មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាន​ច្រើន​។​
​នៅ​ពាក់កណ្តាល​រដូវវស្សា ខែសីហា​និង​ខែកញ្ញា​សម្រាប់​តំបន់​ទំនាប​កណ្តា​លអាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ។ តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ។ តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​។​
​ ​នៅ​ចុងរដូវ​វស្សា​ខែតុលា​និង​ខែវិច្ឆិកា​សម្រាប់​តំបន់​ទំនាប​កណ្តា​លអាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុងបរិមា​ណ​​​ពី​មធ្យម​ទៅ​បង្គួរ ។ តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​តិច​ទៅ​មធ្យម និង តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​។​

​ ​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា នៅក្នុង​ខែឧសភា​និង​មិថុនា​ឆ្នាំ​២០១៨ អាច​នឹងមាន​បាតុភូត ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ប៉ុន្តែ​តិចជាង​ឆ្នាំ​២០១៧ ។​នៅ​អំឡុង ពី​ចុងខែ​កក្កដា​ដល់​ដើម​ខេ​សីហា អាច​នឹង​មានកូន​រដូវ​ប្រាំង​កើតឡើង​ធ្វើ​ឲ្យ​បរិមាណ​ទឹកភ្លៀង​មក​នៅក្នុង​កម្រិត ពី​តិច​ទៅ​មធ្យម​។​

​ប្រភព​ដដែល​បញ្ជាក់ថា ការ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់ជាង​ឆ្នាំ​២០១៧ ជាពិសេស​នៅ​អំឡុង​ខែ សីហា​និង​ខែកញ្ញា​។​ចំនួន​ព្យុះ​ដែល​អាច​កើតមាន​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​សមុទ្រ​ចិន​ខាងត្បូង​អាចមាន​ពី​២៤​ទៅ​២៦​ព្យុះ​៕​មន​

ភ្លៀងកក់ខែនៅខេត្តព្រះវិហារថ្ងៃទី២៦ខែមេសានេះ(រូបក្រសួងធនធានទឹក)