ជំនាញ​ព្រងើយកន្តើយ​នឹង​បញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ជុំវិញ​បញ្ហា​ស្ពាន​ឥន្ទធនូ​

6813

(កំ​ពត): នា​ឆ្នាំ​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​តម្រូវឱ្យ​អភិបាល​ខេត្តកំពត​គិតគូរ​អំពី​ការបើក​ស្ពាន​ឥន្ទធនូ​សម្រាប់​ទោចក្រយាន និង​ទោចក្រយានយន្ត​ឆ្លងកាត់ ហើយ​មន្ត្រី​ជំនាញ​រូតរះ​បន្ត​ពិនិត្យ និង​សិក្សា​គម្រោង​ជួសជុល​ដើម្បី​រថយន្ត​ធុន​តូច​បាន​ឆ្លងកាត់​ឡើងវិញ​។

​ជំហាន​ទីមួយ​ដែលជា​បន្ទុក​របស់​ថ្នាក់ដឹកនាំ​ខេត្ត​បានសម្រេច​រួចរាល់​ជា​ស្ថាពរ​ដោយ​កង់ និង​ម៉ូតូ​បាន​ចរាចរ​ជាធម្មតា តែ​ការងារ​បន្ត​របស់​មន្ត្រី​ជំនាញ​ស្ពាន​ថ្នល់​ហាក់​ព្រងើយកន្តើយ​គ្មាន​រស់​រវើក​សោះ​។​

​ព្រោះតែ​ការកកស្ទះ​ជារឿយៗ​ត្រង់ចំណុច​សងខាង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​កំពង់បាយ​កណ្តាល​ក្រុង​កំពត ពិសេស​រាល់​ពិធី​បុណ្យទាន​ផ្សេងៗ​នោះ លោក​ចាន់ ចេស្តា អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​មន្ទីរជំនាញ​គួរ​ណាស់​ពិនិត្យ និង​លើក​គម្រោង​ជូន​ក្រសួងសាមី​របស់ខ្លួន ក្នុងការ​ឈានទៅ​ជួសជុល​ស្ពាន​ឥន្ទធនូ ដើម្បី​បើក​លទ្ធភាព​ឱ្យ​រថយន្ត​ធុន​តូច​បាន​ឆ្លងកាត់​ឡើងវិញ​។ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា មាន​កម្រិត​ធូរធារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទើប​បរិមាណ នៃ​ការប្រើប្រាស់​យានយន្ត​កាន់​តែ​កើនឡើង​។

លោក​អភិបាលខេត្ត​បាន​បន្តថា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ព្រោះតែ​ស្ពាន​ឆ្លងកាត់​ព្រែក​ក្នុង​ក្រុង​កំពត​មានតែ​មួយ ទើប​រៀងរាល់​ពិធីបុណ្យ​ជាតិ​ម្តងៗ ការកកស្ទះ​រថយន្ត​ត្រង់ចំណុច​សងខាង​ស្ពាន​កំពង់បាយ បានកើត​ឡើងជា​រឿយៗ ធ្វើឱ្យ​សមត្ថកិច្ច​ត្រូវ​ចំណាយ​កម្លាំង និង​ខកខាន​សម្រាប់​ការទទួល​ទាន​អាហារ ដើម្បី​សម្រួល​ចរាចរ ហើយ​ភ្ញៀវ​មួយចំនួន​ក៏មាន​ភាព​ធុញទ្រាន់​ផងដែរ​។ ដោយ​បំពេញ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត ដែល​សូមឱ្យ​បើក​ស្ពាន​ឥន្ទធនូ​សម្រាប់​ទោចក្រយាន និង​ទោចក្រយានយន្ត​ឆ្លងកាត់​ដើម្បី​បង្ក​ភាពងាយស្រួល​ចំពោះ​អ្នកដំណើរ ពិសេស​សិស្សសាលា​តូចៗ​នោះ កាលពី​អំឡុងពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ទូទាំង​ខេត្តកំពត​នា​ខែសីហា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​បញ្ជា​ដល់​អាជ្ញាធរខេត្ត​រូតរះ​ដោះស្រាយ​ករណីនេះ​។ កាលនោះ សម្តេច​តេ​ជោ​បានបញ្ជាក់​ទៀតថា​បន្ទាប់​ពី​នោះ មន្ទីរជំនាញ​ក៏ត្រូវ​ពិនិត្យ​លទ្ធភាព និង​លើក​គម្រោង​ដាក់ជូន​ក្រសួង​របស់ខ្លួន​ដើម្បី​ជួសជុល​ដើម្បី​រថយន្ត​ធុន​តូច​បាន​ឆ្លងកាត់​ផងដែរ​។ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​រហូត​មកដល់ពេលនេះ ការងារ​របស់​ខេត្ត​បាន​បំពេញ​រួចរាល់​ហើយ ដោយ​កង់ ម៉ូតូ​ធ្វើចរាចរ​ជាធម្មតា ប៉ុន្តែ​ខាង​មន្ទីរជំនាញ​បាន និង​កំពុង​ព្រងើយកន្តើយ​ផ្ទុយ​ពី​ពេល​សម្តេច​បញ្ជា​ភ្លាមៗ ដែល​ហាក់​មានការ​ស្ទុះស្ទា​តាំងពី​មន្ត្រី​ថ្នាក់​មន្ទីរ​រហូតដល់​ក្រសួង​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ពេល​ទូរ​សព្ទ​ហៅចូល លោក​ជី​ញ គួ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត​ខកខាន​មិនបាន​ទទួល​ដើម្បី​បំភ្លឺ​ឡើយ​។​

​សូម​រំលឹកថា​ស្ពាន​ឥន្ទធនូ​ឆ្លងកាត់​ព្រែក​កំពង់បាយ​កណ្តាល​ក្រុង​កំពត​បាន​សាងសង់ឡើង​អំឡុង​ឆ្នាំ​១៩២៣-១៩២៥​។ ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ ស្ពាន​នេះ​បានទទួល​រង​នូវ​ការបំផ្លាញ ដូចជា​គ្រាប់ផ្លោង និង​ការដាក់​មីន​កាត់ផ្តាច់​ជាដើម​។ លុះ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ស្ពាន​ត្រូវបាន​ជួសជុល គឺ​ផ្នែក​កណ្តាល​ដែល​រង​ការខូចខាត​នោះ​ក្រាល​ដោយ​ឈើ​ដើម្បី​បាន​ប្រើប្រាស់​ឡើងវិញ ព្រោះ​ជា​ច្រក​ឆ្លងកាត់​ទំនិញ​ដ៏​សំខាន់​សម្រាប់​ខេត្តកំពត​ឆ្ពោះទៅកាន់​គោលដៅ​នានា​។ ក្រោយមក​ជំនាញ​បាន​ជំនួស​នូវ​ការប្រើ​ប្រភេទ​ដែក​ជា​កម្រាល និង​ត្រង់ចំណុច​កង់​រថយន្ត​ទាំងសងខាង​ប្រើ​បន្ទះ​ដែក​មួយ​ជាន់​បន្ថែម​។ ព្រោះតែ​ទឹក​ដក់​ជាប់​ត្រង់ចំណុច​កម្រាល​ដែក​ពីរ​ជាន់​នោះបាន​ធ្វើឱ្យ​ផ្នែក​ខាងក្រោម​ជាច្រើន​កន្លែង​ត្រូវ​ពុក​ធ្លុះធ្លាយ​។ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​កំពង់បាយ​សាសង់​រួចរាល់ និង​បើក​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែឧសភា ឆ្នាំ​២០០៧ ជំនាញ​សម្រេច​បិទ​ស្ពាន​ឥន្ទធនូ​ផ្អាក​ការធ្វើដំណើ​ទាំងស្រុង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​។ ដោយសារ​ពិបាក​ភ្នែក​មើល និង​បារម្ភ​ពី​ការ​ធ្លាក់ទឹក​ដ្បិត​សិស្សសាលា​តូចៗ​លើក​កង់​រំលង​បង្កាន់ដៃស្ពាន​ ព្រោះតែ​បារម្ភ​ខ្លាច​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​តាម​ស្ពាន​កំពង់បាយ មាតាបិតា​សិស្ស​សំណូមពរ​ឱ្យ​បើក​ស្ពាន​ឥន្ទធនូ​សម្រាប់​ទោចក្រយាន និង​ទោច​ក្រ​យាន្ត​យន្ត​ឆ្លងកាត់​វិញ​។ យ៉ាងណា​សំណូមពរ​នោះ​មិន​ទទួលបាន​លទ្ធផល​ឡើយ​។ ប៉ុន្តែ​នៅ​ដើមខែ​សីហា ឆ្នាំ​២០១៦ ខណៈពេល​អញ្ជើញ​ជួប​ជាមួយ​មន្ត្រីរាជការ​ទូទាំង​ខេត្តកំពត សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​ដោះស្រាយ​បញ្ហា​នេះ និង​បញ្ជា​ដល់​មន្ត្រី​ជំនាញ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជួសជុល ​ដើម្បី​រថយន្ត​ធុន​តូច​បាន​ឆ្លងកាត់​ឡើងវិញ​ស្របតាម​សំណូមពរ​ទាំងនោះ​៕L ដោយ បូកគោ​