ជំនាញ​យកចិត្តទុកដាក់​តិចតួច​ចំពោះ​ល្បែង​ប្រពៃណី​ប្រណាំង​គោ​អូស​រនាស់​

1699
ចែករម្លែក

ដោយ : បូកគោ​/កំ​ពត ៖ កីឡា​ប្រណាំង​គោ​អូស​រនាស់​ជា​ល្បែង​ប្រពៃណី ​ដែល​អ្នក​ឃុំ​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​តែង​ប្រារព្ធ​ពិធី​រៀងរាល់ឆ្នាំ ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ពិធី​ភ្ជុំបិណ្ឌ​ ដើម្បី​កម្សាន្ត​សប្បាយ​ក្រោយ​រួចរាល់​ពី​រដូវ​បង្កបង្កើនផល​។ ស្រប​នឹង​ការយកចិត្តទុកដាក់​តិចតួច​ពី​មន្ត្រី​ជំនាញ​ ធ្វើឲ្យចំនួន​ម្ចាស់​គោ​នាំ​ដែល​ចូលរួម​ប្រកួត​កាន់តែ​ថយចុះ​ពីមួយ​រដូវ​ទៅមួយ​រដូវ ទោះបី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​និយម​ចូលចិត្ត​ក្តី​។

លោក ​ពៅ រតនៈ ប្រធានការិយាល័យ​អភិវឌ្ឍន៍​វប្បធម៌​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត ​បាន​មានប្រសាសន៍ថា​ ជា​រៀងរាល់ឆ្នាំ​លោក​តែងតែ​នាំ​ក្រុមគ្រួសារ​ទៅ​ចូលរួម​មើល​ការប្រកួត​កីឡា​ប្រណាំង​គោ​អូស​រនាស់​។ លោក​មិន​ភ្លេច​ក្នុង​ការចំណាយ​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ ដើម្បី​ចូលរួម​សម្រាប់​ពិធី​នោះទេ​។

លោក​ប្រធាន​បាន​បន្តថា ​ក្នុងនាម​ការិយាល័យ​ជំនាញ លោក​ធ្លាប់ធ្វើ​គម្រោង​ដាក់ជូន​ប្រធាន​មន្ទីរ​ ដើម្បី​គ្រប់គ្រង និង​ជួយ​ជំរុញ​សកម្មភាព​នៃ​ល្បែង​កីឡា​នេះឲ្យរស់​រវើក​ដែរ តែ​មិនមាន​ការឆ្លើយតប​ដោយ​វិជ្ជមាន​ទេ ពោលគឺ​ទំហំ​នៃ​ការចំណាយ​អស់​ច្រើន ឯ​មន្ទីរ​គ្មាន​លទ្ធភាព​។ បើ​ក្នុងករណី​ឧបត្ថម្ភ​ជា​ទឹកបរិសុទ្ធ ឬ​ភេសជ្ជៈ​ផ្សេងៗ​នោះ​មន្ទីរ​អាច​ចូលរួមបាន​។

លោក ​ពៅ រតនៈ​ បាន​បញ្ជាក់ថា​ នៅមាន​បញ្ហាលំបាក​មួយចំនួន​ទៀត ​ដែលនាំឲ្យសកម្មភាព​កីឡា​ថយចុះ​បន្តិច​ម្តងៗ ដូចជា​ទីតាំង​ប្រណាំង​ជា​របស់​ឯកជន ​ដែល​អាច​មិន​ស្ថិតស្ថេរ និង​រដូវ​កាល​ខ្លះ​តម្រូវឲ្យ​បូមទឹក​បញ្ចូល​ទើប​ដំណើរការ​ប្រណាំង​បាន​។ លើសពីនេះ​ទៀត ការថែទាំ​គោ​សព្វថ្ងៃ​ក៏​ជា​រឿង​លំបាក​ផងដែរ មិន​ដូច​ចាស់ៗ​ជំនាន់​មុន​ដែល​ពួកគាត់​មានការ​អត់ធ្មត់ និង​ចំណាយ​ពេលវេលា​ច្រើន​សម្រាប់​ការងារ​នេះនោះ​។​

​លោក ​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា ​ជាការ​កត់សម្គាល់ ទោះបី​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍​តាំងពី​មូលដ្ឋាន​ឆ្ងាយៗ​មក​ចូលរួម​ទស្សនា​ក្តី តែ​ចំនួន​គូប្រកួត​នៃ​កីឡា​ប្រណាំង​គោ​អូស​រនាស់​តែង​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប្រឈម​នឹង​បញ្ហា​នេះ បើ​មន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​ល្បែង​កីឡា​ប្រពៃណី​បន្ថែម​កិច្ច​គាំទ្រ និង​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យបង្កើន​ការថែរក្សា​ជាប់លាប់ នោះ​ថ្ងៃក្រោយ​សហគមន៍​ អាច​រកប្រាក់​ចំណូល​បន្ថែ​ម​បាន​តា​រយៈ​ការប្រកួតប្រណាំង​បង្ហាញជូន​ភ្ញៀវ​មើល​កម្សាន្ត​ដោយ​មិនចាំបាច់​ដល់ពេល​បុណ្យទាន​ឡើយ​។

លោក​ប្រធាន​មន្ទីរ​បាន​ពន្យល់ថា​ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​គេ​រក្សាបាន​នូវ​ប្រភេទ​កីឡា​គោ​តូ​រ៉ូ​ ដើម្បី​សម្តែង​ជូន​ភ្ញៀវ​ដោយ​មិន​គិតពី​រដូវ​កាល​ទេ​។ នេះ​ដោយសារ​គេ​ធានា​នូវ​ការប្រកួត​បាន​គ្រប់ពេល​មាន​វត្តមាន​ភ្ញៀវ​តាមរយៈ​ការផ្សាយ​ផ្សាយ​ដោយ​ភ្នាក់ងារទេសចរណ៍​មួយ​ឈ្មោះថា​ប៉ា​តា​។ ដោយឡែក​សម្រាប់​ការប្រណាំង​គោ​អូស​រនាស់​វិញ ក្នុងករណី​អភិរក្ស និង​បង្កើន​ការយកចិត្តទុកដាក់​បាន​ទៀងទាត់ ក្រសួងទេសចរណ៍​ក៏​អាច​ផ្សព្វផ្សាយ​ជាមួយ​ភ្នាក់ងារ​នោះ ​ដោយ​ដាក់បញ្ចូល​សម្រាប់​កញ្ចប់​នៃ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់​ផងដែរ​។​

សូម​រំលឹកថា​រាល់ថ្ងៃ​បញ្ចប់​នៃ​ពិធី​ភ្ជុំបិណ្ឌ សហគមន៍​មូលដ្ឋាន​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​តែង​ប្រារព្ធ​ពិធី ប្រណាំង​គោ​ដោយ​រនាស់​ពុំ​អាក់ខាន​ឡើយ ទោះបី​ចំណូល​សម្រាប់​ចំណាយ​បានមក​ទាំង​លំបាក​ក្តី​។ នេះ​ជាការ យកចិត្តទុកដាក់​រប​ស់​ចាស់ព្រឹទ្ធាចារ្យ​បំណង​រក្សា​ល្បែង​កីឡា​ប្រពៃណី​ឱ្យនៅ​គង់វង្ស​។​

លោក សុខ យ៉ង សមាជិក​គណៈកម្មការ​រៀបចំ​ការប្រណាំង​បាន​ប្រាប់​ឱ្យដឹងថា​នៅ​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ជា​រៀងរាល់ឆ្នាំ​តែងតែ​រៀបចំ​កម្មវិធី​ប្រណាំង​គោ​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​។ ចាស់ៗ ព្រឹទ្ធាចារ្យ​ប្រមូល​គ្នីគ្នា អ្នកខ្លះ​ជួយ​៥០០​រៀល ១,០០០​រៀល ឬ​២,០០០​រៀល​ក្តី យក​បូកសរុប​គ្នា​បាន​១០​ម៉ឺន​រៀល ឬ​២០​ម៉ឺន​រៀល គណៈកម្មការ​ធ្វើការ​បែងចែក​ប្រាក់​ទាំងនេះឲ្យដល់​ម្ចាស់​គោ​ដែល​មកពី​ឆ្ងាយៗ​។ ក្នុង​បំណង​រក្សា​ល្បែង​កីឡា​ប្រពៃណី​ប្រភេទ​នេះ​ឲ្យនៅ​គង់វង្ស លោក​សូម​អំពាវ​ដល់​សប្បុរស​ជន​ទាំងឡាយ​មេត្តា​ចូលរួម​ជួយ​គាំទ្រ​កម្មវិធី​ប្រណាំង​គោ​អូស​រនាស់ឲ្យបាន​រស់​រវើក​ ដើម្បី​ស្ថិតស្ថេរ​យូរអង្វែង និង​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​នូ​វ​កេរដំណែល​ពី​បុរាណ​ផង​៕​B