ជំនួបកំពូលត្រាំ-គីម ធ្វើនៅថ្ងៃ១២មិថុនា នៅសិង្ហបុរី

634

ដូណាល់ ត្រាំកាលពីថ្ងៃព្រហស្បតិ៍ទី១០ឧសភា បានបញ្ចេញទីកន្លែងនិងពេលវេលានៃជំនួបកំពូលរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដោយបញ្ជាក់ថាវានឹងត្រូវធ្វើឡើងនៅសិង្ហបុរីនាថ្ងៃ១២មិថុនា។

ទីតាំងនិងកាលបរិច្ឆេទនៃជំនួបជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រកាសឡើងនៅក្នុងការបង្ហោះសាររបស់លោកប្រធានាធិបតីនៅពេលតែប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រាំបានអញ្ជើញទៅស្វាគមន៍ជនជាតិអាមេរិក៣នាក់ដែលទើបត្រូវរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោះលែងអោយមានសេរីភាព។

ត្រាំបានសរសេរបង្ហោះដូច្នេះថា” យើងទាំង២នឹងព្យាយាមធ្វើវាអោយក្លាយជាពេលដ៏ពិសេសខ្លាំងណាស់មួយសំរាប់សន្តិភាពពិភពលោក”។

កិច្ចពិភាក្សា ដែលត្រូវរំពឹងថានឹងប្រើពេល១ថ្ងៃ មុខជាផ្តោតលើកម្មវិធីកាំជ្រួចផ្លោងនិងនុយក្លេអ៊ែរដែលមានការរីកចំរើនយ៉ាងឆាប់រហ័សរបស់កូរ៉េខាងជើង។

ត្រាំបាននិយាយក្នុងពេលលោកជិះយន្តហោះ Air Force Oneថា”ខ្ញុំគិតថា វានឹងជាជោគជ័យធំមួយ”។

ពួកមន្រ្តីអាមេរិកបាននិយាយថា ការដោះលែងជនជាតិអាមេរិក៣នាក់បានដកចេញឧបសគ្គធំមួយសំរាប់ជំនួបកំពូលនេះ ដោយផ្តល់អោយលោកត្រាំនូវភស្តុតាងខ្លះថាគោលនយោបាយចូលរួមពាក់ព័ន្ធពីរផ្លូវរបស់លោក និងការដាក់សម្ពាធជាអតិបរមា មានប្រសិទ្ធភាព។

សិង្ហបុរីនឹងផ្តល់ទីតាំងអព្យាក្រិតមួយសំរាប់ជំនួបកំពូល ដោយជៀសវាងបញ្ហាសន្តិសុខនិងនយោបាយខ្លះ ដូចកិច្ចប្រជុំណាមួយនៅក្នុងតំបន់គ្មានកងទ័ពដែលខណ្ឌចែកប្រទេសកូរ៉េខាងជើងនិងខាងត្បូង៕ដោយ៖វាសនា