មេដឹកនាំ​កូរ៉េ​ជួបពិភាក្សា​គ្នា​ដ៏​ភ្ញាក់ផ្អើល​អំពី​ជំនួប​កំពូល​ត្រាំ​-​គីម​

3185
ចែករម្លែក

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជែ​អ៊ិន កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​ឧសភា​ដើម្បី​ពិភាក្សា​អំពី​ជំនួប​កំពូល​ដែល​អាច​កើតមាន​​នាពេលខាងមុខ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​វា​ជា​ជំនួប​កំពូល​កូរ៉េ​លើក​ទី​២ នៅ​ប៉ុន្មាន​ខែ​មកនេះ​។​

​មូ​ន​និង​គីម​បាន​ជួបគ្នា​២​ម៉ោង​នៅ​ចំ​ខាងជើង​ព្រំដែន​ខាង​ទឹកដី​កូរ៉េខាងជើង​នាពេល​រសៀល​ដើម្បី​ផ្លាស់​ទស្សនៈ​គ្នា​ក្នុង​បំណង​បើកផ្លូវ​សំរាប់​ជំនួប​កំពូល​មួយ​រវាង​មេដឹកនាំ​​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​,​នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

​ជំនួប​កាលពី​លើក​មុន ត្រូវបាន​ធ្វើឡើង​នៅ​ភូមិ​ជាប់​ព្រំដែន​ខាង​កូរ៉េខាងត្បូង​។​

​ពួក​មន្ត្រី​បាន​និយាយថា លោក​មូ​ន​នឹង​ប្រកាស​លទ្ធផល​នៃ​ជំនួប​២​ម៉ោង​ជាមួយ​គីម​នៅ​ម៉ោង​១០​ថ្ងៃអាទិត្យ​នេះ​។​

​ប្រធាន​ព័ត៌មាន​របស់លោក​មូ​ន​ត្រូវបាន​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា​” មេដឹកនាំ​ទាំង​២​បាន​ផ្លាស់ប្តូរ​គំនិត​យោបល់​រវាង​គ្នា​ដោយស្មោះ​ដើម្បី​អនុវត្ត​សេចក្តីប្រកាស​ Panmunjom Declaration​ថ្ងៃ​២៧ មេសា និង​ដើម្បី​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​មួយ​ដ៏​ជោគជ័យ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​KCNA​ផ្លូវការ​របស់​កូរ៉េខាងជើង ក្រោយមក​បាន​អះអាង​អំពី​ជំនួប​នេះ ដោយបាន​បន្ថែមថា លោក​មូ​ន​និង​គីម​បាន​យល់​ព្រមធ្វើ​កិច្ចពិភាក្សា​ថ្នាក់ខ្ពស់​​នៅ​ថ្ងៃ​១​មិថុនា​។​

KCNA​ក៏បាន​រាយការណ៍​ថា​គីម​បាន​សម្តែង​”​បំណង​ឥត​កែប្រែ​”​របស់លោក​ស្តីពី​ជំនួប​កំពូល​ជាមួយ​ត្រាំ​។​

​សូមបញ្ជាក់ថា​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ​បានប្រកាស​លុបចោល​ជំនួប​របស់លោក​ជាមួយ​គីម​ដែល​បានគ្រោង​ធ្វើ​នៅ​ថ្ងៃ​១២​ខែមិថុនា នៅ​សិង្ហ​បុរី តែមួយ​ថ្ងៃក្រោយ​​ក៏បាន​ប្រកាសថា​ជំនួប​នេះ​អាច​កើតមាន​ដដែល​ទេ​។​

​ជំនួប​ដ៏​ភ្ញាក់ផ្អើល​រវាង​គីម​និង​មូ​ន​នៅ​ថ្ងៃ​សៅរ៍ ជាការ​បត់បែន​ផ្លាស់ប្តូរ​យ៉ាងគំហុក​ភ្លាមៗ​ចុងក្រោយ​មួយ​នៅក្នុង​រយៈពេល​តែមួយ​សប្តាហ៍ នៅក្នុង​កិច្ច​ការទូត​ផ្លាស់ប្តូរ​រហ័ស​​មួយ​ជុំវិញ​ជំនួប​កំពូល​របស់​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង និង​ជាស​ញ្ញា​រឹងមាំ​បំផុត​ដែលថា​មេដឹកនាំ​កូរ៉េ​ទាំងពីរ​តាំងចិត្ត​ធ្វើអោយ​ជំនួប​កំពូល​មិនដែល​ធ្លាប់មាន​មួយ​​នេះ​កើតមានឡើង​។​

​ក្រុម​សេត​វិមាន​មួយ​នៅ​ចុង​សប្តាហ៍​នេះ​បាន​ចាកចេញ​តាម​ការកំណត់​ទៅកាន់​សិង្ហ​បុរី​ដើម្បី​ត្រៀម​កិច្ចប្រជុំ​ដែល​អាច​កើត​មាននៅ​ថ្ងៃ​១២​មិថុនា នេះ​បើតាម​ការបញ្ជាក់​ពី​​ន្ត្រី​ព័ត៌មាន​សេត​វិមាន​សា​រ៉ា ហាក់​ខា​ប៊ី កាលពី​ថ្ងៃ​សៅរ៍​៕​ដោយ​៖​វាសនា​

​រូបភាព​បញ្ចេញ​ដោយ​វិមាន​ប្រធានាធិបតី​បង្ហាញ​លោក​មូ​ន​ចាប់ដៃ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង លោកស្រី​គីម យ៉ូ ចុង​កាលពីថ្ងៃសៅរ៍

ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​ធ្វើឡើង​នៅ​អាគារ​ធំ​មួយ​នៅ​ខាង​ទឹកដី​កូរ៉េខាងជើង​ជាប់​ព្រំដែន​