ជំនួប​នុយក្លេអ៊ែ​រគីម​-​ត្រាំ​លើក​ទី​២ ចប់​ភ្លាមៗ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​

470
ចែករម្លែក
  • 188
    Shares

​ជំនួប​កំពូល​នុយក្លេអ៊ែរ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ទីក្រុង​ហាណូយ បាន​ចប់​ភ្លាមៗ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​​មួយ​ឡើយ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​កុម្ភៈ នេះ​បើ​តាម​ការប្រកាស​របស់​សេត​វិមាន​ក្រោយ​ពី​មេដឹកនាំ​ទាំង​ពីរ​កាត់បន្ថយ​ការពិភាក្សា​របស់​ពួកគេ​។​

​ជំនួប​លើក​ទី​២​រវាង​គីម​និង​ត្រាំ​ត្រូវបាន​គេ​គិត​ថា​នឹង​បន្ត​ពិភាក្សា​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ពី​ជំនួប​លើក​ទី​១​នៅ​សិង្ហ​បុរី តែ​ពួកគេ​មិន​បាន​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​និង​​មិន​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​ណាមួយ ដូច​ការគ្រោងទុក​ពីដំបូង​ទេ​។​

​ទោះជា​យ៉ាងណា លេខា​ព័ត៌មាន​សេត​វិមាន សា​រ៉ា ស៊ែ​ន​ឌ័​រ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ពួក​លោក​មាន​ជំនួប​ល្អ​និង​បែប​ស្ថាបនា​ណាស់ និង​បាន​ពិភាក្សា​​អំពី​វិធី​ផ្សេងៗ​ដើម្បី​ជំរុញ​ការរំសាយ​ចោល​នុយក្លេអ៊ែរ​និង​ទស្សនាទាន​អំពី​សេដ្ឋកិច្ច​»​។​

​តែ​លោក​ស្រី​បាន​បន្ថែមថា​«​មិន​មាន​កិច្ចព្រមព្រៀង​ត្រូវ​បាន​សំរេច​ឡើង​ក្នុង​ពេលនេះ​ទេ ហើយ​ក្រុម​ការងា​ររ​ផងៗ​ខ្លួន​នឹង​ពិនិត្យមើល​ការធ្វើ​កិច្ចប្រជុំ​នាពេល​អនាគត​»​។​

​វា​នៅ​ឆ្ងាយ​ពី​ការរំពឹង​ទុក​ជាមុន​និង​ក្តីសង្ឃឹម ក្រោយ​ពី​ពួក​អ្នក​រិះគន់​បាន​និយាយថា ជំនួប​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​របស់​ពួកលោក​នៅ​សិង្ហ​បុរី គ្រាន់តែ​ជា​និមិត្តរូប​ច្រើន​ជាជាង​​សា​ច់ការ​។​

​ចូ ស៊ី​រី​ន​ស្យូ​ណេ ប្រធាន​មូលនិធិ​សន្តិភាព Ploughshares Fund​បាន​សរសេរ​បង្ហោះ​ថា​« នេះ​ជា​បរាជ័យ​ធំ​មួយ​។​វា​បង្ហាញ​ការ​គ្មាន​ពេល​និង​បុគ្គលិក​គ្រប់គ្រាន់​សំរាប់​បង្កើត​កិច្ច​​ព្រមព្រៀង​មួយ​»​។​

​ក្នុង​កម្មវិធី​ដើម​របស់​សេត​វិមាន «​ពិធី​ចុះហត្ថលេខា​រួម​»​មួយ​ត្រូវបាន​គ្រោង​ធ្វើឡើង​នៅ​ក្រុង​ហាណូយ រួមទាំង​អាហារ​ការងារ​ពេល​ថ្ងៃត្រង់​មួយ​សំរាប់​មេដឹកនាំ​ទាំងពីរ​។​តែ​ពេល​នេះ​​អ្នក​ទាំង​ពីរ​បាន​ចាកចេញ​ពី​ជំនួប​ដោយ​គ្មាន​បាន​ចុះហត្ថលេខា​ណាមួយ​។​

​ទោះជា​យ៉ាងណា នៅ​ពេល​លោក​ចេញដំណើរ​មក​កាន់​ទីក្រុង​ហាណូយ លោក​ត្រាំ​បានបញ្ជាក់​ថា លោក​មិន​ប្រញាប់ប្រញាល់​សំរេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ណាមួយ ហើយ​លោក​រីក​​រាយ​បើ​ការបញ្ឈប់​ការសាកល្បង​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅ​បន្ត​។​

​ហា​រី កា​កា​ហ្សៀ​នី​ស នាយក​មជ្ឈមណ្ឌល​នៃ​ការសិក្សា​កូរ៉េ​បាន​និយាយថា «​អត់​កិច្ចព្រមព្រៀង​ប្រសើរ​ជាង​មាន​។​គ្មានអ្វី​អាក្រក់​ជាង​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អោយ​គ្រាន់តែ​​មាន​ទេ​។​ការ​គំរាម​ជាក់ស្តែង​គឺ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។​មាន​កិច្ចព្រមព្រៀង​ដែល​មិន​អាច​បំបាត់​ការ​គំរាម​នេះ​វា​អាក្រក់​ជាង​កិច្ចព្រមព្រៀង​មាន​គុណវិបត្តិ​មួយ​»​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​កុម្ភៈ​បាន​និយាយថា លោក​មាន​បំណង​រំលាយ​ចោល​នុយក្លេអ៊ែរ ហើយ​លោក​នឹង​មិន​មក​វៀតណាម​សំរាប់​​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​ត្រាំ​ឡើយ បើ​លោក​មិន​បាន​ត្រៀម​ខ្លួន​បន្តដំណើ​រការ​រំសាយ​ចោល​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕​ដោយ​៖​វាសនា​

លោក​គីម និង ដូ​ណា​ល់ ត្រាំ បានចាប់ផ្តើម​ថ្ងៃទី​២​នៃ​កិច្ច​ពិភាក្សា​របស់​ពួកលោក​នៅ​ក្នុង​រដ្ឋធានី​វៀតណាម​កាលពី​ថ្ងៃ​២៨​កុម្ភៈ ដោយ​ភាគី​ទាំង​២​សម្តែង​ក្តីសង្ឃឹម​សំរាប់​ការរីក​​ចំរើន​លើ​ការធ្វើអោយ​ទំនាក់​ខាន់​ទំនង​ល្អប្រសើរ​ឡើង​និង​បញ្ហា​សំខាន់​គឺ រំសាយ​ចោល​កម្មវិធី​និង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​