ជំនួប​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​-​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ផ្តោតលើ​ការងារ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨

874
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​លោក ច​ច្ស អេ​ដ​ហ្គា ឯក​​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ពាក់ព័ន្ធ​កិច្ចការងារ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុ​នេះ​និង​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​​ប្រជាពលរដ្ឋ​។ ជំនួប​ពិភាក្សាបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​នៅក្នុង​ជំនួប​ពិភាក្សា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានលើកឡើង​នៅ​បញ្ហា​ធំៗ​ចំនួន​ពីរ​គឺពាក់ព័ន្ធ​ការផ្តល់​អត្តសញ្ញាណ​​ប័ណ្ណ​ដល់​ប្រជាពលរដ្ឋ និង​ដំណើរការ​ត្រៀមលក្ខណៈ​ស​ម្រា​ប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុ​នេះ​។ បញ្ហា​អត្តសញ្ញាណប័ណ្ណ​លោក​ចង់ដឹង​​អំពី​វឌ្ឍនភាព​នៅក្នុង​ដំណើរ​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​ដល់​ប្រជាពលរដ្ឋ ដែល​អត្តសញ្ញាណប័ណ្ណ​នេះ​គឺជា​ឯកសារ​មូលដ្ឋាន​មួយ​ដ៏​សំខាន់​​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត និង​ធ្វើ​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​សុក្រឹត្យភាព​។ ហើយ​លោក​ក៏បាន​ចង់ដឹង​ការងារ​មួយចំនួន​ថា​តើ​ខាង​ក្រ​​សួង​មហាផ្ទៃ​មាន​ប្រព័ន្ធ ឬក៏​វិធានការ​យ៉ាងណា ដើម្បី​ធ្វើ​ឲ្យ​ទិន្នន័យ​ដែលមាន​បច្ចុប្បន្នភាព​ធានា​ដល់​បញ្ជី​ឈ្មោះ​បោះឆ្នោត​គឺ​វា​មាន​សុ​​ក្រឹត្យ​ភាព​។​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ មុនី​រ័ត្ន​)

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា បន្ទាប់ពី​មើលឃើញ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​អត្តសញ្ញាណប័ណ្ណ​នេះ ក្រសួងមហាផ្ទៃ​​ក៏បាន​សម្រេច​បង្កើតឡើង​នូវ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ដើម្បី​ទទួល​រ៉ាប់រង​ធ្វើការ​ងារ​នេះ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ក្រសួង​​មហាផ្ទៃ ក៏បាន​ដាក់ចេញ​នៅ​ផែនការ​ធំ គឺ​ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ គឺ​សម្រេច​ការផលិត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​ចំនួន ១​លាន ៩​ម៉ឺន​ប័ណ្ណ​។ ហើយ​គិត​មកដល់​បច្ចុប្បន្ននេះ គឺ​ផលិត​បាន​និង​ចែកជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​៩,៥​លាន​អត្តសញ្ញាណប័ណ្ណ​រួចមកហើយ នៅសល់​ជាង​កន្លះ​លាន​ប័ណ្ណ​ទៀត គឺ​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា មិនជា​ក្តីបារម្ភ​ធំដុំ​ទេ តាម​ផែនការ​គឺអាច​សម្រេចបាន​។​

​សម្តេច​ក្រឡាហោម ក៏បាន​លើកឡើង​អំពី​ការដាក់ចេញ​នៅ​វិធានការ​នៅ​ការពន្យារ​អត្តសញ្ញាណប័ណ្ណ​ទម្រង់​ចាស់​ដល់​ប្រជាពលរដ្ឋ​ដើម្បី​មានលទ្ធភាព​ប្រើប្រាស់​ដូច​អត្តសញ្ញាណ ប័ណ្ណ​ធម្មតា ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី​។ ​សម្តេច​ក៏បាន​បញ្ជាក់ជូន​អំពី​ដំណើរការ​ប្រព័ន្ធ​ត្រួតពិនិត្យ​ធ្វើយ៉ាងណា​ដើម្បី​ធានាថា បុគ្គល​ម្នាក់​មិន​អាចមាន​អត្តសញ្ញាណប័ណ្ណ​ពីរ បី សម្រាប់​ប្រើប្រាស់​នោះ គឺ​ប្រព័ន្ធ​ថ្មី​ដែល​ប្រើប្រាស់​គឺ​ស្កេ​ន​ម្រាមដៃ​ទាំង​ដប់​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ដូច្នេះហើយ​មិន​អាចមាន​ពលរដ្ឋ​ម្នាក់​អាច​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​ច្រើនដង​នោះទេ​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​​មហាផ្ទៃ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ ក្នុងការ​ខិតខំ​ផលិត​និង​ផ្តល់ជូន​នៅ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​បាន​ប្រើប្រាស់​។ ហើយ​ក៏បាន​កោតសរសើ​រ​ចំពោះ​លទ្ធផល​ដែល​ក្រសួងមហាផ្ទៃ​សម្រេចបាន​នៅ​ចំនួន​តួលេខ​អត្តសញ្ញាណប័ណ្ណ​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បន្ថែមថា រដ្ឋាភិបាល​ក៏មាន​ផែនការ​ក្នុង​ការផ្តល់​ឯកសារ​បញ្ជា​អត្តសញ្ញាណ​និង​អត្តសញ្ញាណប័ណ្ណ​ដល់​​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដូចជា ប្រទេស​ថៃ ប៉ុន្តែ​កិច្ចការ​នេះ​សម្រេច​ទៅបាន​វា​អាស្រ័យ​លើ​ការសហការ​រវាង​​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​នឹង​ខាង​និយោជក​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​នោះដែរ​។

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក៏បាន​លើកឡើង​ពាក់ព័ន្ធ​ទៅ​និង​ការចូលរួមចំណែក​រប​ស់​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ដំណើរការ​ឆ្ពោះទៅ​កាន់ការ​បោះឆ្នោត​នៅពេល​ខាង​មុ​នេះ ពាក់ព័ន្ធ​និង​ការសង្កេត​ការណ៍ និង​ការ​ផ្តល់នៅ​ការអប់រំ​ដល់​អ្នកបោះឆ្នោត​ទាំងអស់​ដើម្បី​ឲ្យ​យល់​ដឹង​អំពី​បែបបទ​នីតិវិធី នៃ​ការចុះឈ្មោះ​បោះឆ្នោត​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ជា​ការពិត​រដ្ឋាភិបាល​តែងតែ​ប្រកាន់យក​គោលការណ៍​មួយ គឺ​ចាត់ទុក​​អង្គការក្រៅរដ្ឋាភិបាល​ទាំង​ក្នុងស្រុក និង​អន្តរជាតិ គឺជា​ដៃគូរ​។ ដោយ​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា​សម្តេច​គាំទ្រ​ចំពោះ​ការចូល​​រួមចំណែក​របស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុងការ​សង្កេតការណ៍​កា​របោះ​ឆ្នោត ក៏ដូចជា​ផ្តល់នៅ​ការអប់រំ​ដល់​អ្នកបោះឆ្នោត​ដើម្បី​ឲ្យ​បាន​​យល់ដឹង​អំពី​នីតិវិធី និង​ដំណើរការ​នៃ​ការបោះឆ្នោត​។ តែ​អង្គការ​ទាំងនោះ​ដែលមាន​បំណង​ធ្វើ​សកម្មភាព​របស់ខ្លួន​គឺ​ត្រូវតែ​ចាំបាច់​បំ​​ពេញ​តាម​តម្រូវការ​ច្បាប់ ត្រូវតែ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ឬក៏​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អាច​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​បាន​៕​ដោយៈ មុនី​រ័ត្ន​/sn