ដោយ : មុនីរ័ត្ន / ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាជាមួយលោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន (Shrimati Nirmala Sitharaman) រដ្ឋមន្ត្រីការពារ នៃសាធារណរដ្ឋឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ គឺផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមមន្ត្រីក្រសួងការពាជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបចប់ថា សាធារណរដ្ឋឥណ្ឌាតែងតែគាំទ្រកម្ពុជាជាបន្តបន្ទាប់ និងការរួមគ្នារក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន និងបានជួយបណ្តុះបណ្តាលគ្រូបង្វឹកមកហ្វឹកហ្វឺននៅកម្ពុជា និងបានទទួលសិក្ខាការីរបស់កម្ពុជាទៅសិក្សានៅឥណ្ឌាជាបន្តបន្ទាប់ ដើម្បីឲ្យមានសមត្ថភាពក្នុងវិស័យរក្សាសន្តិភាព។ ហើយសម្តេចសំណូមដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបំពាក់បន្ថែមនូវឧបករណ៍ទំនើបៗ ដែលឥណ្ឌាមាន ដូចជាការដោះស្រាយមីន និងបំពាក់ឲ្យកងកម្លាំងដែលទៅបពេញបេកកម្មនៅបណ្តាប្រទេសមួយចំនួន ហើយភាគីឥណ្ឌាបានទទួលយកសំណូមពរនេះ និងសន្យាជួយដល់កងកម្លាំងកម្ពុជាឲ្យមានសមត្ថភាពក្នុងវិស័យថែរក្សាសន្តិភាព។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ចាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបាននាំមកនូវផលប្រយោជន៍ច្រើនណាស់ ហើយឥណ្ឌាសន្យានិងសហការនិងជួយកិច្ចការដែលបានធ្វើក្នុងរយៈកាលកន្លងមកនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ហើយកន្លងមកនេះ ឥណ្ឌាបានជួយជាបន្តបន្ទាប់ដោយក្នុងនោះគ្រឿងឧបករណ៍សម្រាប់ហ្វឹកហ្វឺន ជួយកសាង និងបានចាត់បញ្ជូនយោធាចារ្យជាច្រើនមកជួយបណ្តុះបណ្តាលយោធាកម្ពុជា និងបានជួយឧបត្ថមម្ភសុនខ (ឆ្កែ) ចំនួន១៥ក្បាលមកឲ្យកម្ពុជាសម្រាប់ហិតមីន ៕B